ស្ថានីយ​អវកាស​ចិន​ នឹង​ធ្លាក់​មក​ផែនដី​ នៅ​ប៉ុន្មាន​សប្ដាហ៍​ទៀត​

  • 2018-03-07 08:09:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានីយ​អវកាស​ដំបូង​របស់​ចិន​​រំពឹង​ថា​នឹង​ធ្លាក់​មក​លើ​ផែនដី​​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ទៀត ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​នៅ​មិន​អាច​ព្យាករណ៍​បាន​ទេ​ ថា​ស្ថានីយ​អវកាស​ទម្ងន់​ ៨,៥ តោន​នេះ​នឹង​ធ្លាក់​ចំ​តំបន់​ណា។

អង្គភាព​​ Aerospace Corporation បាន​ប៉ាន់​ស្មាន​ថា​ស្ថានីយ​អវកាស​ Tiangong-1 នឹង​ហោះ​ចូល​មក​ស្រទាប់​ផែនដី​​នៅ​អំឡុង​​សប្ដាហ៍​ទី​មួយ​នៃ​ខែ​មេសា​ អាច​មុន​ឬ​ក្រោយ​មួយ​សប្ដាហ៍។ ចំណែក​ឯ​​ភ្នាក់ងារ​អវកាស​អឺរ៉ុប​ ESA និយាយ​ថា​ស្ថានីយ​អវកាស​នេះ​នឹង​ធ្លាក់​​មក​ ចន្លោះ​ថ្ងៃ​ទី​ ២៤ ខែ​មីនា​ និង​ថ្ងៃ​ទី​ ១៩ ខែ​មេសា។

កាល​ពី​ឆ្នាំ​ ២០១៦ ប្រទេស​ចិន​បាន​សារភាព​ថា​បាន​បាត់​បង់​ម្ចាស់​ការ​​​លើ​ស្ថានីយ​អវកាស​ Tiangong-1 ហើយ​​មិន​អាច​គ្រប់​គ្រង​លើ​ដំណើរ​ហោះ​ចូល​មក​ផែនដី​បាន​នោះ​ទេ។

ដ្យាក្រាមបង្ហាញពីដំណើរស្ថានីយអវកាស

​ក្នុង​សេចក្ដី​ប្រកាស​របស់​ Aerospace ​បាន​លើក​ឡើង​ថា​​ មាន​ឱកាស​ស្ដួចស្ដើង​ដែល​បំណែក​​នៃ​ស្ថានីយ​អវកាស​អាច​​ប៉ះ​ទង្គិច​នឹង​ភព​ផែនដី។ អង្គភាព​ដដែល​នេះ​ក៏​បាន​ព្រមាន​ថា​​ស្ថានីយ​អវកាស​អាច​នឹង​មាន​ផ្ទុក​នូវ​សារធាតុ​ពុល​ និង​ប្រេង​ឥន្ធនៈ​ដែល​មាន​សារធាតុ​គីមី​ខ្ពស់។

​​​​​​​​​​​​Aerospace បាន​បង្ហាញ​ដែរ​ថា​ មាន​ឱកាស​ខ្ពស់​ដែល​ស្ថានីយ​អវកាស​នេះ​ធ្លាក់​ចុះ​មក​​​នៅ​តំបន់​ខាង​ជើង​នៃ​ប្រទេស​ចិន, នៅ​តំបន់​មជ្ឈិមបូព៌ា, ចំ​កណ្ដាល​ប្រទេស​អ៊ីតាលី, ភាគ​ខាង​ជើង​ប្រទេស​អេស្ប៉ាញ,​ រដ្ឋ​ខាង​ជើង​នៃ​សហរដ្ឋអាមេរិក, នូវែលហ្សេឡង់, រដ្ឋ​ Tasmania ប្រទេស​អូស្ត្រាលី, ផ្នែក​ខ្លះ​នៃ​ទ្វីប​អាមេរិក​ខាង​ត្បូង និង​អាហ្វ្រិក​ខាង​ជើង​ផង​ដែរ។

យ៉ាងណាក្ដី​អង្គភាព​ខាង​លើ​បាន​​ទទូច​ថា ​ឱកាស​ដែល​បំណែក​ស្ថានីយ​អវកាស​​អាច​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​ដែល​រស់​នៅ​តំបន់​ខាង​លើ​ គឺ​តិច​តួច​បំផុត៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី