កំពូល​​ផលិតករ​ទសវត្សរ៍​ទី​៦០​ លី ប៊ុនយីម ស្មាន​ថា​​ខ្លួន​ត្រូវ​បាន​បំភ្លេច​ចោល​

  • 2018-03-08 07:35:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកដឹកនាំរឿង ដែលគេស្គាល់ថាជាកំពូលអ្នកផលិតភាពយន្តទសវត្សរ៍ ៦០ បង្ហាញអារម្មណ៍រំភើបក្រៃលែងពេលឃើញអ្នកគាំទ្រភាពយន្តជំនាន់ក្រោយជាច្រើនមកទទួល។ ពេលនោះមានអ្នកគាំទ្រជាច្រើន សុំថតជាមួយរូបលោក ដូចតារាល្បី នៅមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ៨ ក្នុងកម្មវិធីបញ្ចាំងរឿង «ពុទ្ធិសែន នាងកង្រី» នៅសាសសន្និសីទចតុម្មុខ កាលពីយប់មិញ។

ថ្លែងមុនពេលបើកកម្មវិធីបញ្ចាំង លោក លី ប៊ុនយីម ប្រាប់ទៅកាន់អ្នកចូលរួមទស្សនាថា លោកមិននឹកស្មានថាមានអ្នកនៅស្គាល់លោកទេ ហើយនឹងមានអ្នកចង់ទស្សនាភាពយន្តរបស់លោកយ៉ាងច្រើននៅថ្ងៃនេះ។ លោកធ្លាប់បានបង្កើតស្នាដៃភាពយន្តរាប់មិនអស់ក្នុងសម័យដ៏រុងរឿង​របស់ខ្លួន ហើយបច្ចុប្បន្នផលិតករ អ្នកដឹកនាំភាពយន្តជំនាន់ក្រោយតែងនឹកកោតសរសើរស្នាដៃរបស់ផលិតកររូបនេះមិនដាច់។ ក៏ប៉ុន្តែព័ត៌មាននេះប្រហែលមិនបានដល់រូបលោក ដោយសាររូបលោក​នៅ​ឆ្ងា​យពីបណ្តាញសង្គម និងព័ត៌មាន នេះបើតាមការបញ្ជាក់បន្ថែមរបស់កូនស្រី​របស់លោក លី ប៊ុនយីម។

ភាពយន្តរឿង «ពុទ្ធិសែន នាងកង្រី» របស់លោក លី ប៊ុនយីម ត្រូវផលិតករវ័យក្មេង ជូ ដាវី និងក្រុមការងារមហោស្រពភាពយន្តយកទៅច្នៃរូបភាពឡើងវិញ ភ្លឺច្បាស់ និងគុណភាព​កម្រិតHD។ លោក ជូ ដាវិ ផលិតកររឿង «កោះពេជ្រ» ប្រាប់ថា រឿង​ «ពុទ្ធិសែន នាងកង្រី» អាចចាក់ផ្សាយ ម្តងទៀតនៅក្នុងរោងមហោស្រព និងរោងភាពយន្តជាមួយសម្លេង និងសាច់រឿងដ៏មានអត្ថន័យ។ រូបលោក លី ប៊ុនយីម ផ្ទាល់សង្ឃឹមថា ភាពយន្តរបស់លោកអាចក្លាយជាមេរៀន និងជាឧទាហរណ៍សម្រាប់ការផលិតភាពយន្តជំនាន់ ឱ្យមានការចង់ចាំ ជាមួយគុណភាពសាច់រឿង៕

អត្ថបទ៖ Sunny