ត្រួសៗពីភាពយន្តស្នេហាខុសធម្មជាតិ ៤ រឿង ផ្សាយក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា

  • 2018-03-09 04:53:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងឆ្នាំនេះ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ក៏មានបង្ហាញជូនភាពយន្តស្នេហាបែបខុសធម្មជាតិ ដែលជាស្នេហាពេញនិយម និងជួបប្រទះឧបសគ្គយ៉ាងច្រើននៅក្នុងសង្គមមនុស្ស​ទូទៅ របស់បុរសដែលស្រលាញ់ភេទដូចគ្នា។ Sabay សូមរៀបរាប់ពីសាច់រឿងទាំងបួន សង្ខេបខ្លីៗខាងក្រោម៖

ម្លិះលា៖ ផ្កាលាគ្នា ដឹកនាំសម្តែងដោយ លោក​ អានុឆា ប៊ូនីយ៉ាវ៉ាតាណា ជាភាពយន្តថៃ ផលិតក្នុងឆ្នាំ ២០១៧ ដែលមាន ៩៨នាទី។ ភាពយន្តខ្នាតធំនេះរៀបរាប់ពី បុរសឈ្មោះ ភិត និង ឆេន មានទំនាក់ទំនងដ៏ជិតស្និតនឹងគ្នា។ ថ្ងៃមួយ​ពួកគេបានបែកគ្នា ដោយ ឆេន បានរៀបការ និង មានកូនស្រីម្នាក់ ដែលក្រោយមកបានស្លាប់។ ចំណែក ភិត វិញ បានទៅរស់នៅទីក្រុងបាងកកដោយមានរបរជាអ្នករៀបចំផ្កា។

ជីវិតរបស់ភិតមានភាពក្រឡាប់ចាក់ ក្រោយប្រឈមមុខនឹងជំងឺមហារីកដំណាក់កាលចុងក្រោយ ហើយក៏បានបាត់ខ្លួនពីជីវិតឆេនយ៉ាងស្ងៀមស្ងាត់ រហូតភិត ត្រឡប់មកវិញ ក្នុងសភាពមិនដូចមុននោះទេ។ រឿង ដ៏កម្សត់នេះ សម្តែងដោយតារាសម្តែងល្បីៗរបស់ថៃ វាអាចនឹងឆក់យកបេះដូងរបស់អ្នកទស្សនាបាន ឱ្យនឹកស្រណោះដល់គូរស្នេហ៍ប្រុសៗដូចគ្នាមួយគូរនេះ។

ភាពយន្តនេះ នៅមានបង្ហាញជូននៅរោងភាពយន្ត Prime Cineplex ផ្សារសុវណ្ណា ថ្ងៃទី ១១ ខែមីនា នេះ វេលាម៉ោង ១ និង ៣០ នាទី។

ភាពយន្តកូរ៉េ ដែលផលិតក្នុងឆ្នាំ ២០១៧ ដូចគ្នា មានចំណងជើងថា «នៅចន្លោះរដូវកាល» ជាភាពយន្តស្នេហាយុវវ័យប្រុសៗ ដែលដឹកនាំសម្តែងដោយ លោក លី ដុងអ៊ឺន។ រឿង «នៅចន្លោះរដូវកាល» និយាយពី មីយ៉ុង ដែលចិញ្ចឹមកូនប្រុស ឈ្មោះ ស៊ូយ៉ុន តែម្នាក់ឯង។ ថ្ងៃមួយ គេបានយកមិត្តរបស់គេ យ៉ុងជុន មកលេង និង ស្នាក់នៅផ្ទះរបស់គេ។

ច្រើនឆ្នាំក្រោយមក បន្ទាប់ពីស៊ូយ៉ុន បានចេញពីជួរកងទ័ព គេបានសន្លប់ធំ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍។ ម្តាយរបស់គេរន្ធត់យ៉ាងខ្លាំង និង បានបន្ទោសយ៉ុងជុន។ ហើយគាត់បានដឹងពីរឿងសម្ងាត់របស់បុរសទាំងពីរនាក់នេះ ហើយគាត់និងយ៉ុងជុនបានចាប់ផ្តើមបើកចិត្តទទួលគ្នាបន្តិចម្តងៗ។

ភាពយន្ត កូរ៉េ បង្ហាញពីបញ្ហាគ្រួសារ និងកូនប្រុសដែលមានស្នេហាជាមួយប្រុសដូចគ្នា និងការប្តូរផ្លាស់ចិត្តរបស់គ្រួសារមួយនេះ ទទួលយកការពិតរបស់កូនប្រុសរបស់ខ្លួន។ ភាពយន្តនេះ នឹងមានបង្ហាញជូនទស្សនានៅរោងភាពយន្ត Prime Cineplex ផ្សារសុវណ្ណា នៅថ្ងៃទី ៧ និងទី ៩ ខែ មីនា ឆ្នាំ ២០១៨។

រឿង «បំភ្លេចមិនបាន» ជាភាពយន្តយុវវ័យដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលដឹកនាំ សម្តែងដោយ លោក  ភិតថឺសេន វ៉ាហ្កាស់ ជនជាតិភីលីពិន។ ភាពយន្តនេះត្រូវបានផលិតក្នុងឆ្នាំ ២០១៦ ដែលរយៈពេល ៩៦នាទី ហើយរៀបរាប់ពី​ ហ្វីឡិច ជាសិស្សដែលគ្មានមិត្តភក្តិ នៅក្នងវិទ្យាល័យភីលីពីន។

ជីវិតរបស់គេបានប្រែប្រួល ក្រោយពីការមកដល់របស់បងប្អូនប្រុស ស្នីដឺ ដែលជាកូនកាត់អាមេរិក។ ពួកគេបានធ្វើឲ្យ ហ្វីឡិចចូលទៅពាក់ព័ន្ធនៅក្នុងមហិច្ឆតាដ៏អាថ៌កំបាំងរបស់ខ្លួន។ ភាពយន្តនេះ នឹងមាន​បង្ហាញ​ជូនទស្សនានៅរោងភាពយន្ត Prime Cineplex ផ្សារសុវណ្ណា នៅថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០១៨ និងទី ៩ ខែមីនា ឆ្នាំ ២០១៨ នេះ នៅ រោងភាពយន្ត Legend-TK Avenue។​

រឿង «រាត្រីនារីសក់វែង» ជារឿងមួយទៀតរបស់ប្រទេស ភីលីពីន ដែលដឹកនាំសម្តែងដោយលោក ហ្កេរ៉ាដូ ខាឡាហ្គូ។ រឿងនេះផលិតនៅឆ្នាំ ២០១៧ និងមានរយៈពេល ៧២នាទី។ រឿងនេះនឹងលើកបង្ហាញនៅតាមដងផ្លូវប្រទេសភីលីពិន មួយដែលមានឈ្មោះថា បឺហ្គូ ដែលពោរពេញដោយក្លឹបនិងការកម្សាន្តផ្លូវភេទនៅម៉ានីល។ មានអ្នកប្ដូរភេទ៣នាក់ ជាមិត្តល្អនឹងគ្នាបំផុត ដោយពួកគេជាអ្នកម៉ាស្សា ព្រមទាំងមានផ្ដល់សេវាកម្មផ្លូវភេទដល់ភ្ញៀវផងដែរ។

សម្លាញ់ទាំង៣នាក់នោះ មានម្នាក់អស់សង្ឃឹមក្នុងរឿងមនោសញ្ចេតនា  ម្នាក់ឆ្លាតវៃ និង ម្នាក់ទៀតក្លាហាន កំពុងតាមរកក្ដីសុបិនជាមួយគ្នា ដោយការប្រឹងប្រែងរកឲ្យបាននូវស្នេហា គ្រូសារ និងលុយកាក់ ក្នុងភាពច្របូកច្របល់នៃការរស់នៅរបស់ពួកគេ។ តែយប់នេះ ខុសប្លែកពីយប់ធម្មតា។ ភាពយន្ត នេះនឹងមានចាក់បញ្ចាំងនៅរោងភាពយន្ LEGEND – TK Avenue វេលាម៉ោង ៤ ល្ងាច នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០១៨ នេះ។

នេះជាការចាក់ផ្សាព្វភាពយន្តបែបស្នេហាខុសធម្មជាតិ ដែលពោរពេញដោយមនោសញ្ចេតនា និងជាភាពយន្តជម្រើសរបស់ថៃ ភីលីពិន និងកូរ៉េ ដែលបានជាប់ពានរង្វាន់ភាពយន្តថ្នាក់ជាតិ និងអន្តរជាតិជាច្រើន។ ប្រិយមិត្តអ្នកចូលចិត្តតាមដានភាពយន្តមិនគួររំលង ពិសេសអ្នកមានបំណងផលិតភាពយន្តបែបមនោសញ្ចេតនាជ្រាលជ្រៅ គួរចំណាយពេលដើម្បីទស្សនាភាពយន្តទាំងនេះដើម្បីកើនចំនេះក្នុងការតែងនិពន្ធ និងដឹកនាំសម្តែង៕

អត្ថបទ៖ Sunny