អស្ចារ្យណាស់! សិល្បករខ្មែររួមសម្តែងល្ខោនអូប៉េរ៉ាបុរាណ ៦ប្រទេសលើកដំបូងនៅភ្នំពេញ

  • 2018-03-11 06:26:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ល្ខោនអូប៉េរ៉ាបុរាណ» ដែលរួមសម្តែងដោយសិល្បករខ្មែរ និងបរទេសចំនួន ៥ ប្រទេសទៀត ដូច​ជា​ ចិន វៀតណាម ថៃ កូរ៉េខាងត្បូង និងប្រទេសម៉ាឡេស៊ី ប្រព្រឹត្តិទៅយ៉ាងជោគជ័យនៅភ្នំពេញ ក្នុងសាលសន្និសីទចតុម្មុខ លើកដំបូង។

ល្ខោន​នេះ​ គឺជា​ការ​​​​ច្របាច់​បញ្ចូល​គ្នា​រវាង​​វង់​តន្ត្រី​បុរាណ​ខ្មែរ-អឺរ៉ុប និង​​មាន​អ្នក​ចម្រៀង​អូប៉េរ៉ា ក្រុម​រាំ សម្ដែង​រួម​គ្នា​ យ៉ាងរស់រវើក ជាមួយការពិព៌ណនាជាភាសាខ្មែរដោយសិល្បករខ្មែរអំពីសាច់រឿង។ កម្មវិធីនេះ មានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ ដែលភាគច្រើនជាភ្ញៀវជនជាតិបរទេស និងគណៈអង្គទូត ពិសេសក៏​មាន​វត្ត​មាន​ លោកជំទាវ ភឿង សាកុណា រដ្ឋមន្ក្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចូលរួមទស្សនាជាកិត្តិយស​ថែម​ទៀត​។

លោកជំទាវ បានថ្លែងបើកកម្មវិធីសម្តែង A Cambodia Magic Flute ថា នេះ​ជាលើក​ទីមួយ​ដែលមាន​ការ​សម្តែងសិល្បៈអូប៉េរ៉ាបុរាណនេះ។ លោកជំទាវបន្តថា តួអង្គទាំងអស់នឹងស្លៀកពាក់ជាទំរង់សិល្បៈបុរាណខ្មែរ ហើយសាច់រឿង «A Cambodia Magic Flute»«ខ្លុយវេទមន្ត» នេះជាសាច់រឿងបែបមនោសញ្ចេតនា ជាការច្នៃប្រឌិតបញ្ចូលគ្នាជាមួយ សិល្បៈបុរាណកម្ពុជា ដែលមិនធ្លាប់មាន និងគួរជាទីចាប់អារម្មណ៍។

ល្ខោនអូប៉េរ៉ាបុរាណ នេះមិនខុសប៉ុន្មានពីល្ខោនយីកេ ឬល្ខោនបុរាណខ្មែរ ដែលជាការសម្តែង រួម​ជាមួយ​នឹង​ចម្រៀង​ និទាន​ជា​សាច់រឿង​ដ៏​ជក់​ចិត្ត អំពីអ្នកក្លាហាន ឬព្រះរាជបុត្រានៃនគរមួយ ទៅជួយសង្គ្រោះព្រះរាជិនី ហើយឆ្លងកាត់ឧបសគ្គ និងភាពអស្ចារ្យ​ជា​ច្រើន​។ អ្វីដែលប្លែក​ចម្លែក​អារម្មណ៍នោះ គឺការច្នៃ​បញ្ចូល​គ្នា​រវាង​ តន្រ្តីបុរាណខ្មែរ និង វង់ភ្លេងអូប៉េរ៉ា ហើយតួអង្គស្លៀកពាក់បុរាណខ្មែរ រាំច្រៀងតាមតន្រ្តី​អូ​ប៉េរ៉ា​។

បើតាមអ្នករៀបចំកម្មវិធីដ៏ធំនេះបញ្ជាក់ថា ល្ខោន​អូប៉េរ៉ា​បុរាណនេះ ក៏​គ្រោង​នឹង​រៀប​ចំ​ការ​សម្ដែង​ឆាក​ខ្នាត​ធំ​នៅ​លើ​ទឹក​ដី​អង្គរ ខេត្ត​សៀមរាប នៅ​ក្នុង​ឆ្នាំ​ ២០១៩ខាងមុខ ផង​ដែរ៕

អត្ថបទ៖ Sunny