គណនី YouTube ទាំង ១០ មានចំនួន Subscriber ច្រើនជាងគេបំផុត
- 2018-03-15 07:26:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គណនី YouTube ទាំង ១០ មានចំនួន Subscriber ច្រើនជាងគេបំផុត
ចន្លោះមិនឃើញ
នៅលើបណ្ដាញ YouTube មានវីដេអូ និង Channel ថ្មីៗប្លែកជាច្រើនលេចឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ។ តទៅនេះ នឹងបង្ហាញអំពីគណនី YouTube ចំនួន ១០ ដែលមានចំនួន Subscriber ច្រើនជាងគេបំផុត (មិនរាប់បញ្ចូលគណនីដែលបង្កើតដោយ YouTube ផ្ទាល់) ៖
១០. Whinderssoon Nunes (២៧,៧១ លាននាក់)
Whinderssoon Nunes Batista គឺជាតារា YouTube វ័យ ២៣ ឆ្នាំសញ្ជាតិប្រេស៊ីល ទទួលបានកេរ្តិ៍ឈ្មោះតាមរយៈការបង្កើតវីដេអូកំប្លែងទាក់ទងនឹងចម្រៀង និងខ្សែភាពយន្តល្បីៗ។ Batista ចាប់ផ្ដើមបង្ហោះវីដេអូលើ YouTube តាំងពីអាយុ ១៥ ឆ្នាំមកម្ល៉េះ ដោយត្រូវប្រើពេលរាប់ឆ្នាំទើបទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់។ គណនីមួយនេះមានវីដេអូប្រមាណ ៣០០ និងមានចំនួនទស្សនាជាង ២ ពាន់លានដង។ វីដេអូល្បីបំផុតគឺមានចំនួនអ្នកទស្សនា ៦៣ លានដង ជាវីដេអូធ្វើត្រាប់តាម (Parody) បទ Hello របស់ Adele។
៩. ElrubiusOMG (២៧,៩៧ លាននាក់)
Rubén Doblas Gundersen ដែលគេស្គាល់ថា El Rubius គឺជាតារា YouTube សញ្ជាតិអេស្ប៉ាញដែលល្បីជាងគេ។ គេស្គាល់បុរសរូបនេះតាមរយៈវីដេអូបង្ហាញអំពីហ្គេម និងវីដេអូបែប Vlog។ គណនីដែលបង្កើតតាំងពីឆ្នាំ ២០១១ របស់តារារូបនេះ មានចំនួនទស្សនាសរុបដល់ជាង ៦ ពាន់លានដង។
៨. TaylorSwiftVEVO (២៧,៩៧ លាននាក់)
គណនីរបស់តារាចម្រៀង Taylor Swift មួយនេះ ជាគណនីល្បីជាងគេនៅលើ YouTube ដែលបង្កើតឡើងដោយស្ត្រី។ ចំនួនទស្សនាសរុបនៃគណនីនេះមានដល់ជាង ១៤ ពាន់លានដង។ វីដេអូចម្រៀង "Shake It Off” ជាវីដេអូមានអ្នកទស្សនាច្រើនជាងគេ នៅលើគណនីនេះ ដោយមានដល់ជាង ២,៥ ពាន់លានដង។
៧. Dude Perfect (២៨,០៨ លាននាក់)
Dude Perfect ជាក្រុមកីឡាបែបកំប្លែងដែលមានសមាជិកចំនួន ៥ រូប រួមមាន Coby Cotton, Cory Cotton, Garrett Hilbert, Cody Jones និង Tyler Toney ដោយពួកគេជាមិត្តរួមបន្ទប់កាលនៅរៀន។ ពួកគេបានរួមគ្នាបង្កើតគណនី YouTube នៅឆ្នាំ ២០០៩។ ចាប់តាំងពីពេលនោះមក មានវីដេអូរាប់រាយដែលពួកគេបង្កើតបាន ដោយមានចំនួនទស្សនាសរុបជាង ៤ ពាន់លានដង។
៦. Ed Sheeran (២៨,៨២ លាននាក់)
បូកបញ្ចូលគ្នាទាំងវីដេអូចម្រៀងផ្លូវការ, វីដេអូចម្រៀង Remix និងវីដេអូឈុតក្រៅឆាក គណនីរបស់តារាចម្រៀងសញ្ជាតិអង់គ្លេស Ed Sheeran មួយនេះ មានចំនួនទស្សនាដល់ជាង ១២ ពាន់លានដងឯណោះ។ វីដេអូចម្រៀង "Shape of You” មានចំនួនទស្សនាដល់ ៣,៣ ពាន់លានដង ជាវីដេអូមានអ្នកមើលច្រើនជាងគេនៃគណនីនេះ។
៥. Canal KondZilla (២៩,៣៧ លាននាក់)
Konrad Cunha Dantas ដែលមានឈ្មោះមួយទៀតថា Canal KondZilla ជាផលិតករ អ្នកនិពន្ធ និងអ្នកដឹកនាំសញ្ជាតិប្រេស៊ីលដ៏ល្បីឈ្មោះមួយ។ មានវីដេអូចម្រៀងជាង ៣០០ ដែលលោកបានបង្កើតឡើង និងបង្ហោះលើគណនី YouTube របស់ខ្លួន។ គណនីនេះបង្កើតឡើងនៅឆ្នាំ ២០១២ ដោយពេលនេះមានចំនួនទស្សនាសរុប ១៤ ពាន់លានដង។
៤. HolaSoyGerman (៣៣ លាននាក់)
Germán Alejandro Garmendia Aranis ជាអ្នកកំប្លែង ជាអ្នកនិពន្ធសញ្ជាតិឈីលី និងជាម្ចាស់គណនី YouTube ឈ្មោះ HolaSoyGerman។ ត្បិតថាគណនីរបស់បុរសរូបនេះ មិនបានបង្ហោះវីដេអូរយៈពេល ១ ឆ្នាំហើយក្ដី ក៏នៅតែជាគណនីធំមួយ ដែលមានចំនួនទស្សនាសរុប ៣,៤ ពាន់លានដង។
៣. JustinBieberVEVO (៣៤ លាននាក់)
គណនីដែលបង្កើតនៅឆ្នាំ ២០០៩ របស់តារាចម្រៀង Justin Bieber មានចំនួនទស្សនាសរុបដល់ ១៧ ពាន់លានដង និងមានវីដេអូចម្រៀងចំនួន ៤ មានចំនួនទស្សនាដល់ ១ ពាន់លានដង។
២. T-Series (៣៨ លាននាក់)
T-Series ជាក្រុមហ៊ុនចម្រៀងរបស់ប្រទេសឥណ្ឌា ដោយគណនី YouTube របស់ក្រុមហ៊ុននេះមាន Subscriber ចំនួន ៣៨ លាននាក់ និងមានចំនួនទស្សនាដល់ ៣៨ ពាន់លានដងឯណោះ។ នេះជាគណនី YouTube ភាសាហិណ្ឌូធំជាងគេបំផុត។
១. PewDiePie (៦១ លាននាក់)
PewDiePie ជាគណនីបង្កើតឡើងដោយអ្នកកំប្លែងសញ្ជាតិស្វីសឈ្មោះ Felix Arvid Ulf Kjellberg នៅឆ្នាំ ២០១០។ គណនីនេះទទួលបានភាពល្បីល្បាយតាមរយៈស៊េរីវីដេអូ "Let'sPlay” ដែលមានបង្ហាញពីការលេងហ្គេម។ ចំនួនទស្សនាសរុបលើគណនីនេះមានចំនួន ១៧ ពាន់លានដង៕