អ្នកបាត់ដំបងមួយរូប ចំណាយពេលជាង ១០ឆ្នាំ ក្លាយជាជើងខ្លាំង IT នៅឌូបៃ
- 2018-03-16 07:32:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកបាត់ដំបងមួយរូប ចំណាយពេលជាង ១០ឆ្នាំ ក្លាយជាជើងខ្លាំង IT នៅឌូបៃ
ចន្លោះមិនឃើញ
ការខិតខំប្រឹងប្រែងពីជំនួយការ IT កាន់ Internet Cafe ផ្នែក Network ពីខ្មែរ រហូតក្លាយជាបុគ្គលិកឆ្នើម ទទួលបានការកោតសរសើរ ដំឡើងតួនាទីច្រើនដង រហូតដល់កៅអី "អគ្គនាយកព័ត៌មានវិទ្យា" នៅបរទេស ពិតជារឿងមិនងាយស្រួលប៉ុន្មានទេ។ ឱកាស សមត្ថភាព បូកផ្សំការសម្រប និងការវិវឌ្ឍន៍ខ្លួន បានរុញច្រានឲ្យយុវជនមកពីខេត្តបាត់ដំបង គិត ពិនវិជ័យវិសេស ក្លាយជាបុគ្គលគំរូ។ តួនាទីជា Director of IT របស់ វិសេស បច្ចុប្បន្ននេះ ស្ថិតនៅក្រុមហ៊ុនដ៏ធំមួយ ដែលបម្រើសេវាកម្មខាងសណ្ឋាគារ មានរាប់ពាន់បន្ទប់ មានឈ្មោះថា Madinat Jumeirah Resort ស្ថិតនៅក្រុង ឌូបៃ ប្រទេសអារ៉ាប់រួម។
មុនបញ្ចប់ថ្នាក់បរិញ្ញាបត្រ(២០០០-២០០៤)៖ ជានិស្សិតវិទ្យាសាស្ត្រកុំព្យូទ័រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយជីវភាពមិនធូរធារ វិសេស បានចេញប្រឡូកការងារ ដូរបាយ និង ផ្គត់ផ្គង់ថ្លៃសិក្សា តាំងពីឆ្នាំទីពីរ (២០០២)។ គ្រានោះគេធ្វើការយប់ ជាTechnician នៅហាងអ៊ិនធឺណិត មួយកន្លែងនៅភ្នំពេញ មានកុំព្យូទ័រល្បាក់ ៣០គ្រឿង ជំនាន់ Skype ល្បីខ្លាំង។
ក្រោយបញ្ចប់ការសិក្សាថ្នាក់ឧត្ដម (២០០៤) គេបានសម្រេចចិត្តប្ដូរការងារទៅសៀមរាប ជា "ជំនួយការ IT” ទទួលខុសត្រូវផ្នែករៀបចំ ដំឡើង និងថែទាំ រចនាសម្ព័ន្ធប្រព័ន្ធ នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ Le Meridien, Starwood Hotels & Resorts ។ គុណភាពការងារ បានពី ការខិតខំប្រឹងប្រែង ធ្វើឲ្យគេជាប់ជា "បុគ្គលិកឆ្នើម" រហូតទៅទទួលលិខិតសរសើរដល់ទីក្រុងប៉ារីស ប្រទេសបារាំង។
ត្បិតបានការងារ ២កន្លែងហើយ តែប្រាក់ចំណូល ដូចមិនច្រើនដល់ការរំពឹងទុក និស្សិតរូបនេះ ក៏បែកគំនិតចង់រៀន និងបានការងារល្អ នៅក្រៅប្រទេស ក្រែងបានចំណូលល្អ។
បញ្ចប់ឈ្មោះជានិស្សិត និងជាប់ការងារនៅបរទេស៖
តាមផ្លូវបញ្ចប់ការសិក្សា(២០០៤) និងការត្រៀមខ្លួន បំពាក់បំប៉នសមត្ថភាពទាំងជំនាញ និងភាសាបានអូសបន្លាយគេ រហូត ៣ ឆ្នាំកន្លះ។
ជោគជ័យការងារក្រៅប្រទេស៖
ពាក់កណ្ដាល ឆ្នាំ ២០០៧ ទើបជាប់ការងារនៅប្រទេសអារ៉ាប់រួម នៅក្រុង Abu Dhabi។ ចំពោះហេតុផលដូចបានបញ្ជាក់ខាងលើ ក្រៅពីសមត្ថភាព និងការទទួលស្គាល់ពីគណៈ គ្រប់គ្រង សណ្ឋាគារ Le Meridien ជាអូតែលផ្កាយប្រាំ ហើយមានសាខាច្រើនប្រទេស។ ជាលទ្ធផល ការប្រកួតប្រជែងក៏បានផ្លែផ្កា មុនឈានដល់កន្លែងការងារ និងឋានៈបច្ចុប្បន្ននៅឌូបៃ។ ការផ្សងព្រេង ជីវិតឆ្ងាយផ្ទះសម្បែង ទោះបីជាការងារជិត៣ឆ្នាំ (កាលនៅសៀមរាប) ប្រហាក់ប្រហែលគ្នា ក៏លក្ខខណ្ឌការងារ ក្រុមការងារ និងការប្រាស្រ័យទាក់ទងគ្នា ទាមទារគុណភាព និងភាពច្បាស់លាស់ច្រើនជាងនៅកម្ពុជាឆ្ងាយ។
“មិនថាយើងមកពីថា ឬជនជាតិណាទេ អ្វីដែលយើងរៀន ត្រូវរៀនឲ្យច្បាស់ ហើយធ្វើឲ្យល្អជាងអ្នកបង្រៀន"។ នេះជាទ្រឹស្ដី និងទស្សនៈ ដែលតែងតែនៅជាប់ខ្លួន អ្នកជំនាញខាងប្រព័ន្ធសម្រាប់សណ្ឋាគារ (Hotel System) ទៅពីបាត់ដំបង។
ប៉ុន្តែមកដល់ដំបូងៗ លោកថា "ខ្លាចគេណាស់ ហើយខំរៀនពីគេ ព្រោះខ្លាចធ្វើមិនកើត”។
ផ្លែផ្កាការងារ៖
ធ្វើការបានតែមួយឆ្នាំកន្លះទេ (ដើមឆ្នាំ ២០០៩) វិសេសក៏បានថ្នាក់លើពេញចិត្ត នឹងគុណភាពការងារ ហើយសម្រេចដំឡើងតួនាទី ក្នុងចំណោម ក្រុមការងារចម្រុះជាតិសាសន៍មកពីច្រើនប្រទេស។
បទពិសោធន៍ ជាស្លាបអាចហោះបាន៖ បន្ទាប់ពីស្គាល់បរិបទការងារ តម្រូវការ ជាទុនសម្រាប់ផ្លាស់ប្ដូរកន្លែងធ្វើការងារ ដើម្បីបាន អ្វីដែលកាន់តែល្អ និងសមិទ្ធផល ឬស្នាដៃជីវិត កាន់តែប្រសើរ។ អារ៉ាប់រួមជាប្រទេស ដែលទទួលទេសចរ ជុំវិញពិភពលោក មួយឆ្នាំៗ ជិត ១៦លាននាក់។ ដូច្នេះ អាជីវកម្មភោជនីយដ្ឋាន និងបដិសណ្ឋារកិច្ច/សណ្ឋាគារ ពីសំណាក់សេដ្ឋី ប្រាក់វាល់លាន ជាអាជីវកម្ម ប្រកួតប្រជែងខ្លាំង។ សម្រាប់ការងារ និងការសម្រិតសម្រាំងគុណភាពធនធានមនុស្សផ្នែកនេះ ក៏ដូចគ្នា។
ការផ្លាស់ប្ដូរការងារ៖ ពី Le Meridien (នៅក្រុងAbu Dhabi) ទៅកន្លែងថ្មី និងកាន់តែធំ Madinat Jumeirah Resort នៅឌូបៃ បានការវិវឌ្ឍន៍ខ្លួន។ កន្លែងធ្វើការថ្មីនេះ លោក បានឡើងតួនាទី ចំនួន ៥ដង។ ចុងក្រោយ គឺឡើងដល់តំណែងកំពូល Director of IT (អគ្គនាយកព័ត៌មានវិទ្យា) ដែលទទួលខុសត្រូវលើប្រព័ន្ធអូតែល (Hotel System)ទាំង ចំនួន ៤ មាន ១ ៣០០បន្ទប់។ ឋានៈនេះ ស្ថិតក្នុងកម្រិត Top Management របស់ក្រុមហ៊ុន ដឹកនាំក្រុមការងារ ពហុជាតិសាសន៍ ២៥នាក់ (ផ្នែកIT) ឬ បើរាប់ឆ្លងផ្នែកទាំងអស់ នៅបុគ្គលិកជិត ៤ពាន់នាក់។
ចំណូល ឬអត្ថប្រយោជន៍ដែលទទួលបាន៖ តួនាទី ជាប្រធាននាយក ឬប្រធានផ្នែក ឬជាអ្នកជំនាញ (Expert) អាចទទួលបានអត្ថប្រយោជន៍ ចាប់ពី ១១ ម៉ឺនដុល្លារ ទៅ ១៤ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ។ កញ្ចប់លុយធំនេះ បូកបញ្ចូលទាំង ប្រាក់បៀវត្សរ៍ ការស្នាក់នៅ (គេមានអគារ ឬជួលឲ្យនៅ) សាំងប្រចាំខែ ឬឡានដឹកជញ្ជូន (កន្លែងនៅ ទៅ កន្លែងធ្វើការ) និងតម្លៃធានារ៉ាប់រង។
បច្ចុប្បន្នលោក គិត ពិនវិជ័យវិសេស មានវ័យ ៣៦ឆ្នាំហើយ។ ក្រុមគ្រួសារ (ភរិយា និងកូនប្រុស២ ស្រី១) របស់លោក សព្វថ្ងៃរស់ជុំគ្នា នៅក្រុងឌូបៃ។ បុគ្គលដែលគ្រប់គ្នាកំពុងអាន និងស្ញប់ស្ញែងនេះ មានកំណើតកើតជា ពីភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ បន្ថែមពីលើជោគជ័យការងារ នៅឌូបៃ វិសេសនិងក្រុមគ្រួសារត្រូវបានរដ្ឋាភិបាលនៃប្រទេសកាណាដាផ្តល់ទិដ្ឋាការស្នាក់នៅ និងផ្តល់ការងារក្នុងឆ្នាំ២០១៦តាមរយៈកម្មវិធីអ្នកជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មាន។ ចំណុចនេះ វិសេស បានព្រលយប្រាប់ Sabay ថា លោកនិងគ្រួសារ ប្រហែលផ្លាស់ទៅរស់នៅ កាណាដាក្នុងប៉ុន្មានឆ្នាំខាងមុខនេះ៕