លោក ពូទីន ប្រកាស​ថា រុស្ស៊ី នឹង​ហោះទៅភព​អង្គារ​នៅ​ឆ្នាំ​ក្រោយ

  • 2018-03-17 03:38:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមា ពូទីន បាន​អះអាង​ក្នុង​កិច្ច​សម្ភាសន៍មួយថា រុស្ស៊ី​កំពុង​រៀបចំ​បេសកកម្ម​ឆ្ពោះ​ទៅកាន់​ភព​អង្គារ នៅក្នុង​ឆ្នាំ​២០១៩។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​សារ​ព័ត៌មាន​រុស្ស៊ី RT នៅថ្ងៃ​ទី១៥ ខែ​មីនា ឆ្នាំ​២០១៨​នេះ។

លោក ពូទីន បាន​និយាយ​ថា រុស្ស៊ី កំពុង​មាន​គម្រោង​បញ្ជូន​យាន​អវកាស​ដែល​គ្មាន​មនុស្ស ហើយ​ក្រោយ​មក​ទៀត​នឹង​មាន​មនុស្ស​បើក ទៅកាន់​ទី​អវកាស​ជ្រៅៗ ​ជា​ផ្នែកមួយនៃ​កម្មវិធី​រុករក​ភព​ព្រះចន្ទ និងភព​អង្គារ។ ការ​រុករក​ភព​ព្រះចន្ទ នឹង​ត្រូវ​ធ្វើឡើង​នា​ពេល​ឆាប់ៗ​នេះ ខណៈ​ការ​រុករក​នៅ​ភព​អង្គារ នឹង​ធ្វើឡើង​នៅឆ្នាំ​២០១៩។

លោក​ប្រធានាធិបតី​ពន្យល់​ថា អ្នក​ឯកទេស​រុស្ស៊ី នឹង​ព្យាយាម​ចុះចត​នៅជិត​តំបន់​ប៉ូល​នៃ​ភព​ព្រះចន្ទ ដោយ​សង្ឃឹម​ថា​នឹង​រក​ឃើញ​ប្រភព​ទឹក​នៅ​ទីនោះ និង​សម្រាប់​ធ្វើ​ជា​មូលដ្ឋាន​ ក្នុង​ការ​​បន្ត​ការ​ស្រាវជ្រាវ​នៅ​ភព​ផ្សេងៗ​ទៀត​ជាពិសេស​គឺ​ភព​អង្គារ។

ការ​ប្រកាស​ពី​គម្រោង​ពោរពេញ​ដោយ​មហិច្ឆតា​នេះ បាន​ធ្វើឡើង​ក្រោយ​ពេល​ដែល​អង្គការ NASA កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ បាន​បញ្ចេញ​គម្រោង​រុករក​នៅ​ភព​អង្គារ​ក្នុង​ឆ្នាំ​២០២០ ដោយ​ចំណាយ​ថវិកា​ប្រមាណ ២ពាន់​លាន​ដុល្លារ៕

ចុចអាន៖

ប្រភព៖ Kley Kley   ប្រែសម្រួល ៖ សំភី

អត្ថបទពេញនិយម