FFC គ្រោងបង្កើតលីគយុវជនអាយុ១៨ឆ្នាំ ២០ឆ្នាំ និង២២ឆ្នាំទៀត
- 2018-03-18 02:55:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
FFC គ្រោងបង្កើតលីគយុវជនអាយុ១៨ឆ្នាំ ២០ឆ្នាំ និង២២ឆ្នាំទៀត
ចន្លោះមិនឃើញ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាគ្រោងនឹងបង្កើតលីគយុវជនឲ្យកាន់តែច្រើនថែមទៀត បន្ទាប់ពីលីគយុវជនអាយុក្រោម១៤ឆ្នាំ អាយុ១៦ឆ្នាំ និងលីគបាល់ទាត់នារីឆ្នាំទី១ត្រូវបានបញ្ចប់កាលពីថ្ងៃសៅរ៍ ទី១៧ ខែមីនា ឆ្នាំ២០១៨នេះនៅទីលានបាល់ទាត់មេមត់។
ក្នុងពិធីបិទលីគយុវជនអាយុ១៤ឆ្នាំ អាយុ១៦ឆ្នាំ និងលីគនារីនៅទីលានមេមត់ ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា ការប្រកួតពានរង្វាន់លីគយុវជនអាយុក្រោម១៤ឆ្នាំ អាយុ១៦ឆ្នាំ និងលីគនារីនៅតែរៀបចំបន្តទៀតសម្រាប់ឆ្នាំខាងមុខ បន្ទាប់ពីជោគជ័យក្នុងឆ្នាំ២០១៨នេះ។
ឯកឧត្តមបន្តថា អ្វីដែលកាន់តែពិសេសទៀតនោះ សហព័ន្ធគ្រោងនឹងរៀបចំលីគយុវជនអាយុក្រោម១៨ឆ្នាំមួយកម្រិតទៀតនៅឆ្នាំ២០១៩ខាងមុខ។ មិនត្រឹមតែប៉ុណ្ណោះដើម្បីត្រៀមខ្លួនសម្រាប់ក្រុមជម្រើសជាតិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ សហព័ន្ធគ្រោងនឹងបន្ថែមការប្រកួតពានរង្វាន់កម្រិតយុវជនអាយុ២០ឆ្នាំ និងកម្រិតអាយុ២២ឆ្នាំថែមទៀតនៅឆ្នាំបន្តបន្ទាប់មុនពេលស៊ីហ្គេមមកដល់។ ពេលរៀបចំការប្រកួតពានរង្វាន់កម្រិតអាយុ២០ឆ្នាំ និង២២ឆ្នាំគឺជាកីឡាករដែលជាសិស្សមហាវិទ្យាល័យ។
ព្រឹត្តិការណ៍បាល់ទាត់លីគយុវជនអាយុក្រោម១៤ឆ្នាំ អាយុ១៦ឆ្នាំ និងលីគនារីត្រូវបានបិទបញ្ចប់កាលពីថ្ងៃសៅរ៍ ទី១៧ ឆ្នាំ២០១៨នៅទីលានបាល់ទាត់មេមត់ដែលជាទីលានបាល់ទាត់ជាតិទីមួយក្នុងគម្រោងទីលានបាល់ទាត់ជាតិទូទាំង២៤ខេត្ត-ក្រុង។ លីគយុវជនទាំង៣កម្រិតនេះបានបើកជាផ្លូវតាំងពីខែវិច្ឆិកា ឆ្នាំ២០១៧នៅកីឡដ្ឋានខេត្តកំពត។
ជាលទ្ធផលនៃព្រឹត្តិការណ៍លីគយុវជនឆ្នាំទី១នេះ ក្រុមនារីមកពីខេត្តបាត់ដំបងបានក្លាយជាជើង បន្ទាប់ពីឈ្នះនារីខេត្តកំពង់ស្ពឺដោយលទ្ធផល ៣-២ ក្នុងការប្រកួតចុងក្រោយ។ ចំណែកពានយុវជនអាយុក្រោម១៦ឆ្នាំបានទៅក្រុមសាលាបាល់ទាត់ជាតិបាទី ក្រោយឈ្នះក្រុមយុវជនខេត្តស្វាយរៀងដោយលទ្ធផល ៧-១ និងពានយុវជនអាយុក្រោម១៤ឆ្នាំបានទៅក្រុមយុវជនខេត្តព្រៃវែង តាមរយៈការឈ្នះលើក្រុមយុវជនខេត្តកោះកុងដោយលទ្ធផល ៤-០៕