មន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ បង្ហាញខ្ទេចពីចំណុចអវិជ្ជមានរបស់មន្ត្រីនគរបាលចរាចរណ៍មួយចំនួន
- 2018-03-20 09:27:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ បង្ហាញខ្ទេចពីចំណុចអវិជ្ជមានរបស់មន្ត្រីនគរបាលចរាចរណ៍មួយចំនួន
ចន្លោះមិនឃើញ
មន្ត្រីនគរបាលចរាចរណ៍ជាន់ខ្ពស់មួយរូបលើកឡើងថាមន្ត្រីនគរបាលចរាចរណ៍មួយចំនួនបានផាកពិន័យប្រជាពលរដ្ឋ «ហួសហេតុ និងគ្មានវិជ្ជាជីវៈ» និងថាបានទាំងប្រើសម្តីមិនសមរម្យលើពលរដ្ឋផងដែរ។
ឯកឧត្តម រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃ លើកឡើងបែបនេះនៅក្នុងវគ្គបំប៉នឯកទេសត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨។
ឯកឧត្តមបន្តថាៈ «យើងគប្បីដល់ពេល ដែលយើងធ្វើការ ផាកពិន័យឲ្យបានត្រឹមត្រូវ ហើយកុំធ្វើបាបតែអ្នកក្រ ហើយខ្លាចរថយន្តទំនើប និងរថយន្តអ្នកធំអ្វីជាដើមនោះ...ច្ចុប្បន្ននេះ នៅតែមានមន្រ្តីនគរបាលចរាចរណ៍ខ្លះ នៅតែបន្តធ្វើការផាកពិន័យ ប្រជាពលរដ្ឋហួសហេតុនិងគ្មានវិជ្ជាជីវៈជានគរបាល ហើយថែមទាំងប្រើសម្តីមិនគប្បី ដាក់ពួកគាត់ជាដើម»។
ឯកឧត្តម សង្កត់ធ្ងន់ថា នៅមានមន្រ្តីនគរបាលខ្លះ ធ្វើការផាកពិន័យមិនត្រឹមត្រូវ ហើយ មន្រ្តីនគរបាលខ្លះ ក៏នៅតែយកលុយពីឡានធំៗ ដឹកទំនិញបន្តិចបន្តួចផងដែរ នៅតាមស្តុប និងតាមផ្លូវកែងមួយចំនួនដដែល ។ កត្តានេះ ឯកឧត្តមថាធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ និងខុសវិជ្ជាជីវៈ ជានគរបាលផងដែរ ។
ឯកឧត្តមបញ្ជាក់ថា ក្នុងនាមជាមន្រ្តីនគរបាលអនុវត្តច្បាប់ត្រូវតែយល់ដឹងអំពីច្បាប់ឲ្យបានច្រើន និងច្បាស់លាស់ មិនត្រូវធ្វើអ្វីលើ្មសច្បាប់កំណត់នោះទេ ហើយក៏ត្រូវតែប្រើពាក្យសម្តីឲ្យបានសមរម្យផងដែរ ៕