Depay ឆ្លើយ​ម៉ា​អេម ទាក់ទិនមូលហេតុធ្លាក់​ទម្រង់​លេង​កាល​នៅ Man Utd

  • 2018-03-20 13:05:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Memphis Depay ក្នុង​ថ្ងៃ​នេះ បាន​បង្ហើប​ពី​មូល​ហេតុ​ដែល​ខ្លួន​ធ្លាក់​ទម្រង់​លេង​ ពេល​លេង​ឲ្យ Manchester United។ កីឡាករ​ហុល្លង់​លើក​ឡើង​ថា មក​ពី​ខ្លួន​មិន​សប្បាយ​ចិត្ត​នឹង​ខ្លួន​ឯង។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន Canal+ កីឡាករ Depay បាននិយាយថា៖ "ខ្ញុំ​ដឹង​ច្បាស់​ថា ខ្ញុំ​មិន​អាច​ក្លាយ​ជា​កីឡាករ​ផ្សេង ក្រៅ​ពី​ខ្លួន​ខ្ញុំ​នោះ​ឡើយ។ ដូច្នេះ ខ្ញុំ​ជា​អ្នក​ទទួល​ខុស​ត្រូវ ពេល​ដែល​ខ្ញុំ​លេង​មិន​សូវ​បាន​ល្អ"។

កីឡាករ​ហុល្លង់​បន្ត​ទៀត​ថា៖ "កាល​នៅ​លេង​នៅ Manchester ហ្នឹង ខ្ញុំ​ខំ​ណាស់ ប៉ុន្តែ​ខ្ញុំ​មិន​សប្បាយ​នឹង​ខ្លួន​ឯង​សោះ។ ខ្ញុំ​សួរ​ខ្លួន​ឯង ថា​តើ​ខ្ញុំ​អាច​ក្លាយ​ជា​កំពូល​កីឡាករ​យ៉ាង​ម៉េច​កើត បើ​ខ្ញុំ​មិន​ទាំង​សប្បាយ​នឹង​ខ្លួន​ឯង​ផង​នោះ"។

Depay មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់ ថា​មូលហេតុ​អ្វី​ដែល​នាំ​ឲ្យ​កីឡាករ​វ័យ ២៤ ឆ្នាំ​មិន​សប្បាយ​ចិត្ត​នោះ​ឡើយ កាល​លេង​ឲ្យ​បិសាច​ក្រហម។

យ៉ាង​នេះ​ក្ដី ខ្សែ​ប្រយុទ្ធ​ហុល្លង់ បាន​គូស​បញ្ជាក់​ថា ឥឡូវ​សប្បាយ​ចិត្ត​នឹង​ខ្លួន​ឯង​វិញ​ហើយ តាំង​ពី​ដូរ​មក Lyon។

សូម​បញ្ជាក់​ផង​ដែរ​ថា Memphis Depay បាន​ផ្ទេរ​មក​ចូល​ពី​ក្លឹប PSV មក​ចូល​រួម​បិសាច​ក្រហម​កាល​ពី​ពាក់កណ្ដាល​ឆ្នាំ ២០១៥ ក្រោម​ក្ដី​រំពឹង​យ៉ាង​ខ្ពស់​ពី​សំណាក់​អ្នក​គាំទ្រ។ ទោះ​ជា​យ៉ាង​ណា កីឡាករ​ហុល្លង់​បាន​ធ្លាក់​ទម្រង់​លេង​យ៉ាង​គំហុក។ Depay លេង​បាន​ត្រឹម​តែ ៥៣ ប្រកួត​ប៉ុណ្ណោះ​ (គ្រប់​កម្មវិធី) ឲ្យ​ក្លឹប និង​ស៊ុត​ចូល​បាន ៧​គ្រាប់ មុន​ពេល​ចាក​ចេញ​ទៅ Lyon នៅ​ខែ​មករា ឆ្នាំ​មុន។

ក្នុង​ Ligue 1 រដូវ​កាល​នេះ ខ្សែ​ប្រយុទ្ធ​ហុល្លង់​រក​បាន ១០ គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន ៦​លើក​ហើយ​ឲ្យ​ក្លឹប​បារាំង​៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម