Mark Zuckerberg គួរ​តែ​ចុះ​ចេញ​ពី​តំណែង​ជា​ CEO Facebook

  • 2018-03-21 02:50:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ Jason Calacanis អ្នក​បណ្ដាក់ទុន​លើ​ផ្នែក​បច្ចេកវិទ្យាមួយរូប​ ដែល​បាន​លើក​ឡើង​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​សារព័ត៌មាន​ CNBC កាល​ពី​ម្សិលមិញ​។

Jason Calacanis

លោក​ Jason បាន​និយាយ​ថា​ សមត្ថភាព​ដោះ​ស្រាយ​នឹង​វិបត្តិ​របស់​ Mark ​គឺ​អន់​ណាស់​ ហើយ​បាន​បន្ថែម​ថា​​ដល់​វេន​ដែល​អ្នក​ស្រី​ Sheryl Sandberg ដែល​បច្ចុប្បន្ន​មាន​តំណែង​ជា​ប្រធានប្រតិបត្តិ ឡើង​ធ្វើ​ជា​នាយក​ប្រតិបត្តិ​វិញ​ម្ដង។

Facebook បាន​កើត​មាន​បញ្ហា​ធំ​ ក្រោយ​ពី​មាន​ការ​រាយការណ៍​ថា​​ក្រុមហ៊ុន​ស្រាវជ្រាវ​ Cambridge Analytica អាច​​​ចូល​​មើល​ទិន្នន័យ​​គណនី​ Facebook ចំនួន​ ​៥០ លាន​គណនី​ មុន​ការ​បោះ​ឆ្នោត​​រើស​ប្រធានាធិបតី​នៅ​ឆ្នាំ​ ២០១៦។

លោក​ Jason ដែល​ជា​នាយក​ប្រតិបត្តិ​​នៃ​ Insider.com និង​ជា​អ្នក​បណ្ដាក់​ទុន​លើ​សេវាកម្ម​ Uber បាន​និយាយ​ថា​ទង្វើ​របស់​ Mark ​គឺ​បង្ហាញ​ពី​ការ​បរាជ័យ​​លើ​ភាព​ជា​អ្នក​ដឹកនាំ និង​បាន​លើក​សរសើរ​លោក​ស្រី​ Sheryl ថា​ អាច​ដោះ​ស្រាយ​លើ​បញ្ហា​បែប​នេះ​បាន​ល្អ​ជាង​ Mark។

Sheryl Sandberg

កាល​ពី​ថ្ងៃ​ចន្ទ​ ក្រោយ​ផ្ទុះ​រឿង​អាស្រូវ​ Facebook បាន​និយាយ​ថា​ជួល​​​ភ្នាក់ងារ​ឲ្យ​ត្រួត​ពិនិត្យ​លើ​​​​​​​​​​​ក្រុមហ៊ុន​ស្រាវជ្រាវ​ Cambridge Analytica និង​បាន​ប្រកាស​ថា​​បិទ​​មិន​ឲ្យ​​ក្រុមហ៊ុន​នេះ​ចូល​ទៅ​ក្នុង​បណ្ដាញ​របស់​ខ្លួន។

លោក​ Jason បាន​និយាយ​ថា​​ដំណោះ​ស្រាយ​របស់​ Mark លើ​បញ្ហា​នេះ​ បាន​ធ្វើ​ឲ្យ​ Facebook មាន​បញ្ហា​កាន់​តែ​ធំ ហើយ​គិត​ថា​ Facebook កំពុង​ប្រឈម​នឹង​ស្ថានភាព​ដ៏​តឹង​តែង​មួយ៕ ​

ចុចអាន៖

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សុខហេង