ភ្ញាក់ផ្អើល! ប្រទះឃើញពងកន្ធាយជិតផុតពូជលើលោក រាប់រយគ្រាប់នៅក្រចេះ

  • 2018-03-21 04:26:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមអ្នកអភិរក្សរបស់រដ្ឋបាល​ជលផល សមាជិកសហគមន៍ និង​អង្គការWCS បានរកឃើញសំបុកកន្ធាយក្បាលកង្កែបចំនួន១៤សំបុក មានពងសរុបចំនួន៤៣៦គ្រាប់នៅតាមដង​ទន្លេ​មេគង្គ​ ក្នុង​ខេត្ត​ក្រចេះ​សម្រាប់​រដូវ​ពងកូន​ក្នុង​ឆ្នាំ ២០១៨នេះ។ នេះ​បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​របស់​អង្គការWCS។

រូបភាព៖ អង្គការWCS

តាម​ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា កន្ធាយ​ក្បាលកង្កែប ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គកា IUCN ជា​ប្រភេទ​រងគ្រោះ​ជិតផុត​នៅ​លើ​សាកលលោក និង​ស្ថិត​ក្នុង​បញ្ជី​ នៃប្រភេទ​ធនធាន​ជលផល​ ដែល​កំពុង​រងគ្រោះ​របស់​ប្រទេស​កម្ពុជា។ ពួកវា​ត្រូវបានគេគិតថាផុតពូជពីកម្ពុជាទៅហើយ រហូត​ដល់​ឆ្នាំ​២០០៧ ប៉ុន្តែ​ត្រូវ​បាន​រក​ឃើញ​សាជាថ្មី​ម្ដង​ទៀត​នៅ​ដង​ទន្លេ​មេគង្គ ក្នុង​បរិវេណ​៤៨គីឡូម៉ែត្រ ចន្លោះ​ខេត្តក្រចេះ និងស្ទឹងត្រែង។

រូបភាព៖ អង្គការWCS

លោក ងួន ចន្ទី អ្នកសម្របសម្រួលគ្រោងអភិរក្សកន្ធាយក្បាល កង្កែបនៃអង្គការWCS បាន​និយាយ​ថា៖ «សំបុក​កន្ធាយ​ក្បាលកង្កែប​រក​ឃើញ​ទាំងអស់ មានចំនួន៣៥សំបុក ប៉ុន្តែ​ជា​អកុសល សំបុក​ចំនួន​១៥​ ត្រូវ​បាន​ជន​ខិលខូច​លួច​ប្រមូល​យក​ពង​របស់​វា​ទៅ​បាត់​អស់ មុន​ពេល​ក្រុម​ការងារ​ទៅ​ដល់។ សព្វថ្ងៃនេះ យើង​កំពុង​តែ​ការពារ​សំបុក​ចំនួន​២០ ដែល​មាន​ពង​សរុប​ចំនួន​៦៦៣​គ្រាប់។ សមាជិក សហគមន៍​ចំនួន​០៤នាក់ កំពុង​តែ​ផ្លាស់​ប្ដូរ​វេន​គ្នា​ការពារ​សំបុក​ពង​កន្ធាយ​ទាំង​អស់​នេះ រហូត​ដល់​ញាស់។»

លោក ចន្ទី បាន​បន្តថា៖ «គិតត្រឹមខែមីនានេះ កូនកន្ធាយចំនួន១៣២ បាន​ញាស់​ដោយ​ជោគជ័យ ហើយ​យើង​កំពុង​តែ​ថែរក្សា​ពួកវា​នៅ ទីតាំង​មាន​សុវត្ថិភាព និង​លែង​ពួកវា​ទៅ​ក្នុង​ធម្មជាតិវិញនៅក្នុង រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ៕»

អត្ថបទ៖ វឌ្ឍនៈ