រែក​បន្លែ​លក់ជិត៣០​ឆ្នាំ​ បាន​ត្រឹម​បាយ​បី​ពេលយ៉ាង​លំបាក​

  • 2018-03-22 07:19:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានទឹក​មុខ​ស្ងួត​ ពាក់​មួក​ពណ៌​ខៀវ​ អាវ​ពណ៌សរាង​ស្រអាប់​បន្តិចដោយ​ស្នាមប្រឡាក់​ ដំណើរ​ដូច​តា​ចាស់​រេ​ពេញ​ផ្លូវ​ដោយ​អម្រែក​បន្លែ​ទម្រន់​ជិត​៥០​គីឡូ​ក្រាម ត្រាច់ចរ​ពេញ​ក្រុង​ភ្នំពេញ​​ នេះ​ជា​សកម្មភាព​រែក​​បន្លែ​លក់​របស់​អតីត​ទាហាន​​​វ័យ​៥០​ឆ្នាំ​ប្លាយ​ម្នាក់​មក​ពី​ខេត្ត​កណ្ដាល​​​​។

លោក អៀម ថៃ​ អាយុ​៥៨​ឆ្នាំ​ ជា​អតីត​ទាហាន​ចន្លោះ​ឆ្នាំ​១៩៨០​ ដល់​ឆ្នាំ១៩៩០ នៅ​ខេត្ត​កណ្ដាល។ រាល់​ថ្ងៃ លោក​ដើរ​រែក​បន្លែ​លក់​តាំង​ពី​ម៉ោង​៥ព្រឹក​រហូត​ដល់​ម៉ោង​ ៩​យប់​ ​ក្នុង​​មួយ​ថ្ងៃ​លោក​យក​បន្លែ​ពី​ម៉ូយ​ពី​៤០ ទៅ​ ៥០​គីឡូក្រាម តែ​​លក់​បានតែ​​ពី​​២០​ ទៅ​២៥​គីឡូ​ក្រាម​​ បើ​ថ្ងៃ​លក់​ដាច់​អស់​ផាត់​បាយ​ទឹក​អស់​សល់​ពី​២ទៅ​៣​ម៉ឺន តែ​បើ​លក់​មិន​ដាច់​វិញ​ខាត​ចុង​ខាត​ដើម​ដឹង​តែ​ដាច់​បាយ​មិន​​។​​

លោក​ឪ្យ​ដឹងថាៈ « របរ​រែក​បន្លែ​លក់​ដើរ​ពេញ​ក្រុង​នេះ​ ខ្ញុំ​មិន​មែន​ទើប​តែ​រក​ឥឡូវ​ទេ ខ្ញុំ​​រក​តាំង​ពី​ឆ្នាំ​១៩៩១​មក​ម្ល៉េះ ខែ​បន្លែ​លក់​បន្លែ​ ខែ​ផ្លែឈើ​លក់​ផ្លែ​ឈើ​ លក់​អត់​ដាច់​ អស់​ដើម រត់​ទៅ​ធ្វើ​ជាង​សំណង់​ និយាយ​ទៅ​ឆ្លាស់​គ្នា​រហូត​​»។

​ក្រៅ​ពី​របរ​រែក​បន្លែ​នេះ​​ លោក អៀម ថៃ​ ក៏​ជា​អ្នក​លេង​ហ្គីតា​ក្នុង​ពិធី​មង្គល​ការ​របស់​ក្រុម​តន្ត្រី​មួយ​ក្រុម​នៅ​ជិត​ផ្ទះ​ ក្នុង​មួយ​ខែ​បាន​២ ទៅ​៣ រោង​ កម្រៃ​បាន​ពី​លេង​ភ្លេង​នេះ​បាន​៦ ទៅ ៨ម៉ឺន​រៀល​ក្នុង​មួយ​កម្មវិធី៕

អត្ថបទដោយ៖ លន ហ្សាឌីណា ​