ចាំបាច់ទៅណាឆ្ងាយ! ៤កន្លែង តំបន់ធម្មជាតិនៅកម្ពជា ស្រស់ស្រាយចិត្តរកអ្វីគ្មានផ្ទឹម
- 2018-03-24 08:40:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាំបាច់ទៅណាឆ្ងាយ! ៤កន្លែង តំបន់ធម្មជាតិនៅកម្ពជា ស្រស់ស្រាយចិត្តរកអ្វីគ្មានផ្ទឹម
ចន្លោះមិនឃើញ
កម្ពុជា ជាប្រទេសសំបូរទៅដោយតំបន់ទេសចរណ៍ បែបវប្បធម៌ ប្រវត្តិសាស្ត្រ ឫធម្មជាតិជាដើម តំបន់ទាំងនោះសុទ្ធតែមានសក្ដានុពលទាក់ទាញអ្នកដំណើរមកពីជុំវិញពិភពលោក។ ជាក់ស្ដែងតំបន់ទេសចរណ៍ទាំង ៤ខាងក្រោមនេះ ពិតជាមានទេសភាពស្អាតខ្លាំងមិនចាញ់បរទេសនោះទេ ហើយអ្នកទេសចរខ្លះនៅមិនទាន់បានទៅដល់ទៀតផង។ ដូច្នេះសូមទៅស្គាល់ទាំងអស់គ្នា!
១. ផ្កាថ្មរាប់ម៉ឺនប្រភេទនៅខេត្តកំពត
មើលមួយភ្លែតស្មានតែនៅបរទេស ប៉ុន្តែទេសភាពដ៏ស្រស់បំព្រងនេះ គឺស្ថិតក្នុងខេត្តកំពត ហើយទីតាំងនោះឈ្មោះថា តំបន់ ថ្មការាំង ដែលមានផ្កាថ្មដុះរាប់លាន បង្កើតឱ្យក្លាយជាទស្សនីយភាពដ៏អស្ចារ្យបំផុត។ នៅក្នុងរដូវនេះទឹកសមុទ្រនាជពេលព្រឹក ដូច្នេះអ្នកទៅលេងកម្សាន្ត អាចមើលឃើញផ្កាថ្មស្អាតៗជាច្រើនប្រភេទ និងមានច្រើនពណ៌ប្លែកៗពីគ្នាទៀតផង។
បើតាម KDARD LA TENTE បានឱ្យដឹងទៀតថា ជាធម្មតាតំបន់ថ្មការាំងនេះ មានជម្រៅទឹកប្រមាណ ២ម៉ែត្រ។ ហេតុនេះហើយទើបមិនបង្កជាផលលំបាកដល់ដំណើរកម្សាន្តនោះទេ ភ្ញៀវទេសចរអាចធ្វើដំណើរដោយថ្មើរជើង ដើរកាត់ឆ្នេរសមុទ្រក្តាត ដែលមានចម្ងាយ៥០០ម៉ែត្រពីក្តាតឡាតង់។
នៅតាមផ្លូវធ្វើដំណើរប្រិយមិត្ត អាចរើសយកប្រភេទលៀសសមុទ្រ ១ចំនួនមកចម្អិនម្ហូបដោយខ្លួនឯងយ៉ាងឆ្ងាញ់ទៀតផង។ ប្រសិនបើចង់ទៅលេងកម្សាន្តនៅទីនោះ ក្នុងរដូវនេះគឺពិតជាល្អបំផុត ព្រោះអាកាសធាតុអំណោយផល បូកផ្សំជាមួយនឹងសមុទ្រដែលនាជ ងាយស្រួលក្នុងការទស្សនា និងផ្ដិតយកទិដ្ឋភាពដ៏កម្រនេះ។ តំបន់ថ្ម ការាំង មានទីតាំង ស្ថិតនៅភូមិក្តាត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។
២. តំបន់ថ្មលយនៅឧទ្យានជាតិគីរីរម្យ
បើធ្វើដំណើរកម្សាន្តទៅឧទ្យានជាតិព្រះសុរាម្រិតកុសមៈ ឬហៅម្យ៉ាងទៀតថា ឧទ្យានជាតិគិរីរម្យ ភ្ញៀវទេសចរនឹកស្រមៃមុនគេ គឺទេសភាពធម្មជាតិដ៏ស្រស់បំព្រង គ្របដណ្ដប់ដោយដើមស្រល់រាប់ពាន់ដើម និងទឹកជ្រោះដ៏ស្រស់ត្រកាល។ ប៉ុន្តែកាលពីថ្មីៗកន្លងទៅនេះ ក្រុមរុករកទីតាំងប្លែកៗក្នុងប្រទេសកម្ពុជា Off-Road បានធ្វើដំណើរទៅដល់ទីតាំងមួយឈ្មោះថា ថ្មលយ ឬអូរតាសេក ដែលមានទេសភាពដ៏ស្រស់ស្អាតបំផុតមិននឹកស្មានដល់។
បើតាមប្រភពពីទំព័រហ្វេសប៊ុក Pol Rider បានឱ្យដឹងថា ថ្មលយ ឬអូរតាសេក មានទីតាំងនៅជិតជ្រោះផ្ដាច់ព្រលឹង នៃតំបន់ឧទ្យានជាតិគិរីរម្យ។ បើបានធ្វើដំណើរទៅដល់ទីនោះ ប្រិយមិត្តនឹងលង់នូវសម្រស់ធម្មជាតិដ៏ត្រកាល ជាពិសេសនៅពេលថ្ងៃរៀបលិចជះពន្លឺនៃព្រះទិនករ មកលើព្រៃឈើ និងផ្ទាំងសិលានានា រំលេចចេញជាផ្ទាំងទស្សនីយភាព កម្របានឃើញបំផុត។
៣. ឧទ្យានជាតិវីរៈជ័យ
ស្ថិតនៅភូមិភាគប៉ែកឦសាន នៃប្រទេសកម្ពុជា ក្នុងខេត្តរតនគីរី និងស្ទឹងត្រែងឧទ្យានជាតិវីរៈជ័យ គឺជាកន្លែងលំហែអារម្មណ៍ និងស្រូបយកខ្យល់អាកាសដ៏ល្អបរិសុទ្ធមួយមិនគួរមើលរំលង។ ធម្មជាតិបានបង្កើតផ្ទាំងទស្សនីយភាពជាច្រើន ក្នុងឧទ្យានមួយនេះសឹងមិនជឿនឹងភ្នែកមានទាំងដើមឈើចម្រុះពណ៌យ៉ាងស្រស់បំព្រងនៅតាមដងអូរ និងសត្វព្រៃជាច្រើនកំពុងសំងំរស់នៅយ៉ាងមានសេចក្ដីសុខដូចជា សត្វស្វាកន្ទុយស ទោច ជ្រូកព្រៃ ឈ្លូស ប្រើស ខ្លាត្រី ខ្លាពពក ខ្ទីង និង ខ្លាឃ្មុំជាដើម។ នេះបើតាមគេហទំព័ររបស់ក្រសួងបរិស្ថាន។
ធ្វើដំណើរផ្សងព្រេងបន្តទៅមុខទៀត ភ្ញៀវទេសចរទាំងឡាយ នឹងភ្លាំងភ្លឹកស្មារតីជាមួយសម្រស់ទឹកជ្រោះដ៏ស្រស់ត្រកាលនៅកណ្ដាលព្រៃស្រោងមួយហៅថា ទឹកជ្រោះយក្សកែ។ ទឹកធ្លាក់ហូរពីលើកំពូលភ្នំ បង្កើតជាសូរសៀងគ្រឹកគ្រាក់ លាយឡំជាមួយសំឡេងសត្វយំ អឺងកង ចំណែកឯទឹកវិញថ្លាឈ្វេងមើលឃើញបាតដី ធ្វើឱ្យទប់អារម្មណ៍មិនជាប់ចង់តែងូតលេងឱ្យសប្បាយរីករាយ។
៤. ដែនជម្រកសត្វព្រៃកែវសីមា
ក្រៅពីផ្ដល់ជាទីជម្រកដ៏សំខាន់សម្រាប់សត្វព្រៃជិតផុតពូជនៅកម្ពុជា ដូចជា ដំរី ទន្សោង ខ្ទីង ស្វាកន្ទុយស និងទោចថ្ពាល់លឿងជាដើម ដែនជម្រកសត្វសត្វព្រៃកែវសីមា ក៏ជាតំបន់ធម្មជាតិដ៏ស្រស់ស្អាតបំផុត សូម្បីប្រជាពលរដ្ឋកម្ពុជាមួយចំនួនធំក៏ប្រហែលមិនធ្លាប់ស្គាល់ផង។ នេះបើតាមគេហទំព័ររបស់អង្គការអភិរក្សសត្វព្រៃ (WCS)។
ដែនជម្រកសត្វព្រៃកែវសីមា ជាទីឋានដ៏សុខដុមរមនាសម្រាប់សត្វព្រៃជាច្រើនប្រភេទរស់នៅ មិនត្រឹមប៉ុណ្ណោះធម្មជាតិក៏បានបង្កើតឲ្យមានទស្សនីយភាពគួរជាទីគយគន់ដូចជា ផ្កាព្រៃចម្រុះពណ៌ដ៏ស្រស់ស្អាត វាលស្មៅខៀវខ្ចី ដាច់កន្ទុយភ្នែក និងរុក្ខជាតិតូចធំនានា កម្រមានមនុស្សទៅដល់៕