មុនហោះទៅស្រុកគេ មកដើរលេង៣កន្លែងនៅកោះកុងសិន ទេសភាពកំពូលស្អាត
- 2018-03-25 07:03:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនហោះទៅស្រុកគេ មកដើរលេង៣កន្លែងនៅកោះកុងសិន ទេសភាពកំពូលស្អាត
ចន្លោះមិនឃើញ
ក្រៅពីតាតៃខេត្តកោះកុង មានតំបន់ទេសចរណ៍រាប់មិនអស់ សុទ្ធសឹងតែមានទេសភាពស្រស់ត្រកាល និងមានភាពទាក់ទាញរៀងខ្លួន។ ថ្ងៃនេះ Sabay លើកយកតែតំបន់ទេសចរណ៍ក្នុងដឹកខេត្តបៃតងមួយនេះ មកបង្ហាញប្រិយមិត្តដូចខាងក្រោមនេះ៖
១. ទឹកជ្រោះតាចាត
ទឹកជ្រោះសហគមន៍ តាចាត ជារមណីយដ្ឋានធម្មជាតិថ្មីមួយ ដែលកំពុងពេញនិយម ក្នុងខេត្តកោះកុង ស្ថិតនៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា ដែលមានចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រ ពីទីរួមក្រុងខេមរភូមិន្ទ។
ទឹកជ្រោះតាចាតមានទឹកហូរល្មម ប្រៀបដូចអាងទឹក និង លោតលេង ហែលយ៉ាងសប្បាយរីករាយ។ ទន្ទឹមនឹងនេះ ក៏មានព្រៃឈើតូច-ធំ ក្រាស់ក្រែល ដែលបង្កើតជាបរិយាកាសខ្យល់បរិសុទ្ធ គួរជាទីសម្រាកលំហែលំហើយ នាថ្ងៃឈប់សម្រាក បានយ៉ាងល្អ។
ទន្ទឹមនឹងនេះ ភ្ញៀវទេសចរក៏អាចវេចខ្ចប់អាហារខ្លួនឯងមកញាំក៏បាន ឬកុម្ម៉ង់ម្ហូបនៅក្នុងបរិវេណរមណីយដ្ឋានក៏បាន ដោយមានតម្លៃសមរម្យ។ ចំពោះតម្លៃវិញ គឺម៉ូតូ ១គ្រឿង ២ ០០០ រៀល ឯឡាន ៣ ០០០ រៀល ដែលតម្រូវឲ្យបង់ទៅក្រុមសហគមន៍។
២. ឆ្នេរពយ
“ពយ" គឺឈ្មោះឆ្នេរមួយ ស្ថិតក្នុងភូមិពយជប៉ុន ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្ដកោះកុង បានកំពុងលាក់ខ្លួន បង្អួតសម្រស់មិនចាញ់តំបន់ឆ្នេរដទៃឡើយ។
ពយតំបន់ទេសចរណ៍ថ្មី មានឆ្នេរស្រស់ស្អាតឆ្ងាយដាច់កន្ទុយភ្នែក ហើយកាន់តែពិសេសទៀតនោះ គឺមានទីឋានស្ងប់ស្ងាត់ មានសម្លេងទឹករលកបក់តិចៗ និងមានផ្ទែទឹកថ្លាឈ្វេង ជាមួយនឹងឆ្នេរខ្សាច់សក្បុស លាយឡំនឹងសំបកគ្រំ ដើមដូងនៅតាមបណ្ដោយឆ្នេរ និងថ្មដុះធំៗក្នុងសមុទ្រថែមទៀត។
ប្រិយមិត្តអាចដំណើរកម្សាន្តជាលក្ខណៈក្រុមគ្រួសារ និងមិត្តភក្ដិ មកកាន់ទីនេះដើម្បីបរិភោគអាហារជួបជុំ នាថ្ងៃឈប់សម្រាក។ ស្រ្តីម្នាក់ដែលជាអ្នកយាមឆ្នេរនេះនិយាយដោយមិនចង់បញ្ចេញឈ្មោះ លើកឡើងថាឆ្នេរនេះជាឆ្នេររបស់ឯកជន និងថាម្ចាស់ឆ្នេរនេះមានគម្រោងអភិវឌ្ឍឆ្នេរនេះទៅជារមណីយដ្ឋានទេសចរណ៍នៅពេលអនាគត។ អ្នកដំណើរដែលមកដល់ទីនេះ អាចមកសម្រាកលេង ដោយចំណាយប្រាក់បន្តិចសម្រាប់ជួលកញ្ចុះអង្គុយលេង និងអាចកម្មង់អាហារពីអ្នកស្រីបានផងដែរ។
យ៉ាងណាក្ដីនៅតំបន់ឆ្នេរពយនេះ គឺស្ថិតឆ្ងាយពីទីក្រុង និងមិនមានផ្ទះសំណាក់ និងសណ្ឋាគារសម្រាកឡើយ។
៣.ពាមក្រសោម
តំបន់ពាមក្រសោម ស្ថិតក្នុងភូមិ ពាមក្រសោប ឃុំពាមក្រសោប ស្រុក មណ្ឌលសីមា ខេត្តកោះកុង សហគមន៍តំបន់ការពារធនធានធម្មជាតិពាមក្រសោប គឺជាកន្លែងទេសចរណ៍ព្រៃកោងកាងដ៏ធំមួយរបស់ខេត្ត កោះកុង ។ ព្រៃកោងកាងដុះចេញពីផ្ទៃទឹកដ៏ថ្លាឈ្វេង បូករួមនឹងខ្យល់អាកាសដ៏បរិសុទ្ធ ដុះជាជួរដូចគេតម្រង់ បានក្លាយជាផ្ទាំងទស្សនីយភាពដ៏ប្រណិតបំផុត។
ចំពោះភ្ញៀវដែលមកទស្សនានៅទីនេះត្រូវទិញសំបុត្រ សម្រាប់ភ្ញៀវជាតិតម្លៃ៣ពាន់រៀល ហើយចំពោះភ្ញៀវអន្តរជាតិ៥ពាន់រៀល។ ក្រៅពីដើរទស្សនានៅតំបន់មួយចំនួន នៅទីនេះក៏មានទូកជួលជិះ ទស្សនាទេសភាពព្រៃ សម្រាប់ឆ្នេរ សត្វ និង ភូមិនេសាទ ផងដែរ។ តម្លៃទូកមានថ្លៃចាប់ពី២ម៉ឺនរៀល រហូត ដល់៧ម៉ឺនរៀល អាស្រ័យទៅតាមទីកន្លែងជិតឬឆ្ងាយ។
បច្ចុប្បន្ន តំបន់ព្រៃកោងកាងនៅខេត្តកោះកុងមានប្រមាណមួយម៉ឺនហិកតារ ក្នុងនោះមាន ពាមក្រសោប, កោះកាពិ, កោះស្រឡៅ,បឹងកាឆាង,ខេងខូង, ជ្រោយប្រស់,តាតៃ, និង ទូលគគីរ ជាដើម៕