ពិត​ជា​រំភើប​! កូន​ខ្មែរ​ស្រឡាញ់​បរិស្ថាន​រាប់​រយ​នាក់​​ជុំ​គ្នា​ប្រារព្ធ Earth Hour ឡើង​អធឹក​អធម​

  • 2018-03-26 07:17:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិសេស​ធំជាង​ឆ្នាំ​មុន​ៗ ទិវា "មួយ​ម៉ោង​សម្រាប់​ភព​ផែនដី” លើកទី៣ ឬ Earth Hour នៅ​កម្ពុជា​ឆ្នាំ​២០១៨នេះ មាន​យុវជន​រាប់​រយ​នាក់​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រសួង​បរិស្ថាន​ ដុត​ទៀន​ក្រោយ​ពន្លត់​អគ្គិសនី​រយៈ​ពេល​ ១​ ម៉ោង​គឺ​ចាប់​ពី​ម៉ោង ៨:៣០ ដល់​ម៉ោង ៩:៣០នាទីយប់ កាល​ពី​ល្ងាច​ថ្ងៃ សៅរ៍ ទី២៤ មីនា​កន្លង​ទៅ​​នេះ ដើម្បី​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​មុតមាំ​ចូលរួម​ការពារ​បរិស្ថាន​ភព​ផែនដី​។​

ទិដ្ឋភាពនៅមុខក្រសួង​បរិស្ថាន​ អំឡុង​ពេល​ប្រារព្ធទិវា "មួយ​ម៉ោង​សម្រាប់​ភព​ផែនដី” ២០១៨

ប្រធាន​បទ Earth Hour នៅ​កម្ពុជា​ឆ្នាំនេះ គឺ "ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ភព​ផែន​ដី"​​ ដែល​បង្កប់​សារ​សំខាន់​ដើម្បី​ទប់​ស្កាត់​ការ​ធ្លាក់​ចុះ​ចំនួន​ព្រៃឈើ និង​សត្វ​ព្រៃ​នៅ​កម្ពុជា។ ទិវា​នេះ​​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំ​លាយ​តាម​រយៈ​បណ្ដាញ​សង្គម​ដោយ​ប្រើ​ Hastag #EarthHour #ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ភព​ផែន​ដី #Conncect2Earth #បិទ​ភ្លើង​ជាដើម ពិសេស​នោះ​ក៏​មាន​តារា​ចម្រៀង​ល្បី​ឈ្មោះ អ្នកនាង មាស សុខ​សោភា និង លោក ឆន សុវណ្ណ​រាជ ជា​អគ្គរដ្ឋទូតសុច្ឆន្ទៈ​​ឡើង​ច្រៀង​លើ​ឆាក​​របស់​កម្មវិធី​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នេះ​កាន់​តែ​ឧឡារិក​មួយ​កម្រិត​ទៀត​។

លោក​ សេង ទៀក នាយក​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ​ WWF បាន​ឲ្យ​ដឹង​ថា​៖ «ថ្ងៃនេះ​មាន​ប្រជាជន​រាប់​លាន​នាក់​ទូទាំង​ពិភពលោក​ចូល​រួម​បិទ​ភ្លើង​ ហើយ​នៅ​កម្ពុជា​យើង​យ៉ាង​ហោច​ណាស់​ក៏​មាន​បងប្អូន​យើង​រាប់​រយ​ពាន់​អ្នក​​កំពុង​ត្រៀម​ចូល​រួម​ជាមួយ​យើង​ដែរ។ គោលបំណង​សំខាន់​នៃ​ទិវា​នេះ គឺ​ដើម្បី​ជំរុញ​លើក​ទឹក​ចិត្ត​បុគ្គល​ម្នាក់ៗ សហគ្រាស​ឯកជន អង្គការ​ ឬ​ស្ថាប័ន​​នានា ធ្វើ​សកម្មភាព​អ្វី​មួយ​ជា​វិជ្ជមាន​ដើម្បី​អនាគត​​​ភព​ផែនដី​»។

លោក​ជំទាវ ងិន លីណា អគ្គនាយក​ចំណេះ​ដឹង និង​ព័ត៌មាន​បរិស្ថាន នៃ​ក្រសួង​បរិស្ថាន បាន​ឲ្យដឹង​ថា​៖ «ទិវា​ "មួយ​ម៉ោង​សម្រាប់​ភព​ផែនដី"​ មិន​មែន​គ្រាន់​តែ បិទ​ភ្លើង​ប៉ុណ្ណោះ​ទេ​ តែ​វា​ជា​ការ​ប្ដេជ្ញា​ចិត្ត​​រួប​រួម​គ្នា​ដើម្បី​ការពារ​ភព​ផែន​ដី​ដែល​ជា​ផ្ទះ​របស់​យើង​ទាំង​អស់​គ្នា។ យើង​បិទ​ភ្លើង​មួយ​ម៉ោង នេះ​ដើម្បី​ចង់​បង្ហាញ​ពី​ថា​​បុគ្គល​ម្នាក់​មាន​ថាមពល​​ដើម្បី​​បង្កើត​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ដើម្បី​ជួយ​សង្គ្រោះ​ភព​ផែន​ដី​បាន»​។

(រូបភាពពី Eco Life Cambodia)

«ក្រៅ​ពី​នេះ​មាន​សកម្មភាព​ជាច្រើន​ទៀត​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​បរិស្ថាន​ដូចជា​ ដាំ​ដើម​ឈើ ប្រើ​ប្រាស់​ថាមពល​កកើត​ឡើង​វិញ ការ​ប្រើ​ប្រាស់​ថាមពល​ដោយ​ភាព​វៃ​ឆ្លាត​ប្រកបដោយ​ប្រសិទ្ធិភាព និង​ប្រសិទ្ធ​ផល​ខ្ពស់​ សិក្សា​ស្វែង​យល់ពីចំណេះដឹង​បរិស្ថាន និង​ចែករំលែក​ឲ្យ​គ្នា​ និង​យក​ចំណេះ​ដឹង​នេះ​ទៅ​អនុវត្ថន៍​ផង»​។

ទិវា​ Earth Hour ផ្ដួច​ផ្ដើម​មុន​គេ​បង្អស់​ដោយ​អង្គការ ​WWF នៅ​ទីក្រុង​ស៊ីដនី ក្នុងឆ្នាំ​ ២០០៧។ បច្ចុប្បន្ន​ទិវា​នេះ​ត្រូវ​ប្រារព្ធ​នៅ​ទី​ក្រុង​ធំ​ៗ ជាង​ ៧០០០ កន្លែង​​នៅ ១៨០ប្រទេសទូទាំងពិភពលោក​។ នេះ​ជា​ចលនា​សកល​ដែល​ប្រារព្ធ​ឡើង​រៀងរាល់​ឆ្នាំ​ទូទាំង​ពិភព​លោក​នៅ​ថ្ងៃ​ដូចគ្នា​ គឺ​ថ្ងៃ​សៅរ៍​ នៃ​សប្ដាហ៍​ចុង​ក្រោយ​នៃ​ខែ​មីនា​ ដើម្បី​ចូល​រួម​លើក​ស្ទួយ​ការ​​ចូល​រួម​ថែ​រក្សា​បរិស្ថាន​ និង​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​របស់​ភពផែន​៕

(រូបភាពពី ក្រសួង​បរិស្ថាន)

អត្ថបទ៖ ដេត លីដា

អត្ថបទថ្មី