ចូលចិត្ត​ដើរផ្សងព្រេង និង តំបន់​អេកូទេសចរណ៍ អាច​មក​សម្រាក​នៅ រីស្សតក្តាតសាណាកា ខេត្តកំពត

  • 2018-03-27 23:30:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

១. លោក អឿន រស់នៅអមរើន អាយុ៣១ឆ្នាំ ម្ចាស់រីស្សត ក្ដាតសាណាកា នៅភូមិក្ដាត ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។ រីស្សតមួយនេះ មានចម្ងាយ ១៩គីឡូម៉ែត្រពីទីរួមខេត្តកំពត និងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះពី ក្លោងទ្វារឡើងភ្នំបូកគោ ទៅវាលរេញ។ ដោយមានជំនក់យ៉ាងខ្លាំងនៅលើធម្មជាតិ ការដើរព្រៃ ការឡើងភ្នំ ការបោះតង់ ជាដើម ទើបធ្វើឱ្យបុរសម្នាក់នេះ សម្រេចបោះទុនបង្កើតរីស្សតនេះឡើង។

២. នៅខែកក្កដា ឆ្នាំ២០១៧ លោក អឿន រស់នៅអមរើន បានសម្រេចចិត្តប្រមែប្រមូលថវិកាដែលមានស្រាប់ ផ្សំនឹងកំចីឥណទានខ្លះផង ទិញដីមួយកន្លែង បើកជារីស្សត។ នៅខែវិច្ឆិកា ឆ្នាំ២០១៧ លោកបង្កើតបានរីស្សត ក្ដាតសាណាកា។ រូបភាពនេះ គឺជាការប្រៀបធៀបទីតាំងមុន និង ក្រោយនៃការសាងសង់របស់លោក។

៣. ដោយសារវាមានទីតាំងនៅជិតសមុទ្រ មានព្រែក មានដើមកោងកាង និង នៅជិតភ្នំបូកគោ ដូច្នេះរីស្សត ក្ដាតសាណាកា ជាគោលដៅសម្រាប់ភ្ញៀវទេសចរ ដែលចូលចិត្តផ្សងព្រេង និង ស្រឡាញ់អេកូទេសចរណ៍។ ការជិះទូកកាយ៉ាក មើលព្រៃកោងកាង គឺជាសកម្មភាពមួយ ដែលរីស្សតនេះផ្តល់ជូនភ្ញៀវរបស់ខ្លួន។ នៅក្នុងរូបនេះ លោក អឿន រស់នៅអមរើន កំពុងជិះទូក មើលទីតាំងមុនពេលភ្ញៀវមកដល់។

៤. ដោយសាងសង់ទីលាន ខ្ពស់ផុតពីផ្ទៃទឹកសមុទ្រ រីស្សតមួយនេះ អាចអនុញ្ញាតឱ្យភ្ញៀវដែលចូលចិត្តដំណេកនៅទីវាល បោះតង់ បានចំនួន២៥តង់ ក្នុងមួយយប់។ នៅក្នុងរូបនេះ លោក អឿន រស់នៅអមរើន កំពុងដំឡើងតង់ ជូនភ្ញៀវក្នុងរីស្សតរបស់លោក។

៥. បច្ចុប្បន្នរីស្សត ក្ដាតសាណាកា មានអគារធ្វើពីឈើប្រក់ស្បូវ៣ខ្នង សម្រាប់ភ្ញៀវស្នាក់នៅតាមបែបធម្មតា និងមានអគារ១ខ្នងទៀត សម្រាប់ស្នាក់នៅដើម្បីមើលអំពិលអំពែក។ នាថ្ងៃអនាគត ម្ចាស់រីស្សតម្នាក់នេះ នឹងកសាងផ្ទះធ្វើពីកញ្ចក់សម្រាប់ទទួលភ្ញៀវដែលចូលចិត្តគេងមើលមេឃ មើលផ្កាយ និង មើលអំពិលអំពែក៕


អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក