ស្នាដៃថ្មីអ្នកដឹកនាំរឿងបរទេសម្នាក់នេះ អាចទទួលបានពានរង្វាន់ភាពយន្តឆ្នើមទៀត

  • 2018-03-27 07:52:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង King Selfie ឬ «កំពូលអ្នកថតសែលហ្វី» អាចនឹងជាភាពយន្តឆ្នើមរបស់មហោស្រពជាតិលើកក្រោយទៀត នេះបើតាមការព្យាករណ៍របស់ឯកឧត្តម សោម សុគន្ធ រដ្ឋ​លេខា​ធិ​ការ​ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។​ ឯកឧត្តម លើកឡើងដូច្នេះក្នុងពិធីសម្ពោធ​ដាក់បញ្ចាំងជាផ្លូវការនៅក្នុងរោងភាពយន្ត Major Cineplex by Smart ទីតាំង Sorya centre point។

រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈហ៊ានព្យាករណ៍បែបនេះ ក៏ព្រោះតែសម្អាងលើស្នាដៃអ្នកនិពន្ធ ដឹកនាំរឿងបរទេសម្នាក់នេះសម្រិតសម្រាំងខ្លាំង ទាំងគុណ​ភាព​សំឡេង និងពន្លឺរូបភាព។

ឯកឧត្តម សោម សុគន្ធ
Matthew Robinson

ចំណែកអ្នកដឹកនាំរឿង «កំពូលអ្នកថតសែលហ្វី» Matthew Robinson ក៏​បាន​ប្រាប់​អ្នកសារ​ព័ត៌មាន​ចូល​រួមក្នុង​កម្មវិធី​ ឱ្យ​ដឹង​ដែរ​ថា​ ការ​ផលិតភាពយន្តរបស់ខ្លួន គឺជាចំណូលចិត្ត ហើយភាពយន្តនេះទោះជាមានការរិះគន់មិនល្អក្តី វាគ្រាន់តែជាការវាយតម្លៃរបស់ទស្សនិកជនមួយចំនួនតិចប៉ុណ្ណោះ។ អ្នកដឹកនាំរឿងរូបនេះ គ្រាន់តែព្យាយាមបង្ហាញ​ពីសិល្បៈភាពយន្តដែលខ្លួនស្រលាញ់ ហើយលោកថា ការផលិតភាពយន្តដូចជាការបង្កើតកូនមួយអីចឹង។

លោក Matthew បន្តថា គ្រប់គ្នាប្រាកដជាពេញចិត្ត និងស្រលាញ់កូនរបស់ខ្លួន តែសម្រាប់អ្នកមកមើល​កូន​របស់​យើង គេនឹងវិនិច្ឆ័យតាមចិត្តគេ ហើយចង់ ឬមិនចង់ គេអាចថាកូននេះល្អ ឬមិនល្អ ស្អាត ឬមិនស្អាត ជា​អ្វីដែល​គេយល់​ឃើញ តែ​ទោះជាយ៉ាងណា កូននេះ នៅតែជាកូនយើងដដែល។ យ៉ាងណាលោកក៏ត្រៀមចិត្តរួចស្រេចសម្រាប់ការរិះគន់គ្រប់យ៉ាងដើម្បីផលិតរឿងផ្សេងទៀតឱ្យបានល្អប្រសើរជាងមុន តែប្រាកដថា រឿងរបស់លោកនៅតែជារឿងអប់រំខ្ពស់ និងធ្វើឱ្យអ្នក​ទស្សនា​មានការត្រិះរិះពិចារណាក្រោយមើលរឿងរបស់ខ្លួនចប់។

បើសិនជាប្រិយមិត្តចង់ដឹងថា ភាពយន្តរឿង «កំពូលអ្នកថតសែលហ្វី» នឹងមានអ្វីលើសពី ចំណងជើង និងអត្ថន័យអប់រំយ៉ាងណា សូមរង់ចាំការចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៨ នេះតទៅហើយ៕

អត្ថបទ៖ Sunny