កកាយ​រឿងរ៉ាវ​ មាតា​ល្ខោន​បាសាក់ ដែល​កូន​ខ្មែរ​ជំនាន់​ក្រោយ​គួរ​តែ​ដឹង​

  • 2018-03-28 02:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្ខោនបាសាក់ ជា​សិល្បៈដែល​មាន​វ័យ​ចំណាស់​ក្នុង​ប្រទេស​កម្ពុជា​​នេះ​ មាន​កំណើតនៅ​ខេត្ត​ព្រះ​ត្រពាំង កម្ពុជា​ក្រោម​ ក្នុងអំឡុង ឆ្នាំ១៩២០។ សិល្បៈ​ការិនី ល្ខោនបាសាក់​​ម្នាក់​ដែល​មានឈ្មោះ​ល្បី​សុស​សាយពេញ​នគរ​ គឺអ្នកស្រី​ ចេក​ ម៉ាច។

នៅ​ពេល​នេះ​ Sbay សូម លើក​យក​ប្រវត្តិ​ត្រួសៗ របស់​អ្នក​ស្រី​ ចេក​ ម៉ាច​ ដៃគូសម្ដែង របស់​លោក​ សាំង​ សារុន យកមក​បង្ហាញ​ដូចខាង​ក្រោម​នេះ។​

អ្នក​ស្រី​ ចេក ​ម៉ាច ​ត្រូវ​បាន​ពល​រដ្ឋ​ខ្មែរ​ហៅឈ្មោះ​ថា​ជា​មាតា​ល្ខោន​បាសាក់​ ព្រោះ​ការ​សម្ដែង​ល្អគ្មានពីរ ​និង​សំនៀង​ដែល​បង្កប់​រយលាន​មនោ​សញ្ចេតនា​​។ អ្នក​ស្រី​ ចេក​ ម៉ាច​ កើត​នៅ​ឆ្នាំ​១៩៣២ នៅរាជ​ធានី​ភ្នំ​ពេញ​ ក្នុង​គ្រួសារ​អ្នក​សិល្បៈ​ មួយ។ ឪពុក​ឈ្មោះ​ទូច ចេក​ មាន​ឋានៈ​ជា​នាយ​ព្រិន្ទ​បាល​ឯក (កងរក្សាព្រះអង្គ) និង ​ម្តាយ ឈ្មោះ​ សំ ​អិច ជា​នាដការី​ក្នុង​របាំ​ព្រះរាជទ្រព្យ​​។​ នេះបើ​​តាម​សៀវភៅ​ យីកេ​និង​ល្ខោន​បាសាក់​បោះ​ពុម្ព​ឆ្នាំ​១៩៩៧ របស់​លោក​ពេជ្យ​ទុំ​ក្រវិល​។

ដោយសារមានឈាមជ័រ​ជាអ្នកសិល្បៈ ក្នុង​វ័យ​កុមារភាព​​អាយុ​ ៦ឬ ៧ឆ្នាំ​ អ្នកស្រីចូលចិត្ត​ច្រៀងរាំយ៉ាងខ្លាំង​។​ ជាពិសេស​កុមារី ម៉ាច តែង​តែ​នាំ​ក្មេង​មាន​វ័យ​ស្របាល​គ្នា​ទៅ​មើល​ការហាត់​របស់​ក្រុម​ល្ខោន​មួយ​ក្រុម​ ដែលមាន​ម្ចាស់​រោង​ល្ខោន​មួយ​មានឈ្មោះ​ថា​អ្នក​ស្រី​ ហ៊ង។ នៅ​ពេលត្រលប់​មក​​ផ្ទះ​វិញ​ ក្មេង​ទាំងនោះ​តែង​តែ​នាំគ្នា​ធ្វើ​ត្រាប់​តាម​ការសម្ដែងរបស់​ក្រុម​ល្ខោន​មិនឲ្យចន្លោះឡើយ​។ ក្រៅ​ពី​នេះអ្នកស្រី​ក៏​តែង​តែ​ទៅ​តាម​ម្ដាយ​អ្នក​ស្រី ​ទៅ​មើល​ការហាត់​សម្ដែង​របាំ​ក្នុង​ព្រះ​បរម​រាជវាំង​ផង​ដែរ។ ដោយ​សារ​ក្ដី​ស្រលាញ់​ខ្លាំង​ក្នុង​ការសម្ដែង​ ​អ្នកស្រី​ក៏​ចាប់​ផ្តើម​ចូល​ហាត់​សម្តែង​ល្ខោន​មានអាយុទើបតែ​១០ឆ្នាំ ក្នុង​រឿងដំបូង គឺ​រឿង​"ដាវ"និង រឿង​"ឃុន​ឆាង​​ឃុន​ផែន"​។​

រូបតំណាង

ភាព​ល្អ​ឯក នៃ​ការ​សម្តែង​ បូក​រួម​ទាំង​ការ​ មាន​សំឡេង​ល្អ​ពី​ធម្មជាតិ​និង រូបសម្បត្តិ​ស្រស់​សោភា​នៅ​ធ្វើ​ឲ្យ​អ្នក​ស្រី​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​ពី​ពល​រដ្ឋ​ខ្មែរ​ គ្រប់​ស្រទាប់​ជាន់​ថ្នាក់​។ អ្នក​ស្រីចេកម៉ាកបានទទួលតួនាទីជាតួឯកស្រី តាំង​១៦​ ឆ្នាំ​ជាពិសេស អ្នកស្រី​ត្រូវទទួល​ខុស​ត្រូវ​ ការងារជាច្រើន ផ្សេងទៀតគឺ​អ្នក​ស្រី​ត្រូវ​សម្តែង​​ល្ខោន​តាម​រោង​ល្ខោន ទាំង​ក្នុង​ភ្នំពេញ​និង​​តាម​ខេត្ត ក្រៅ​ពី​នេះ​អ្នកស្រី​ក៏​មាន​សម្តែង​ល្ខោន​និយាយ​​ ក្នុង​វិទ្យុជាតិ​ដែល​ចាក់​ផ្សាយ​ជា​រាង​រាល់​ថ្ងៃសៅរ៍​អាទិត្យ​ រាល់​សប្ដាហ៍​ ជាមួយ​លោក​សាំង សារុន ដែល​មាន​សំឡេង​ក្រអួន​ក្រអៅ​ ជា​គូរ​សំឡេង​ដ៏​សាក​សម​ផុត​ទៀត​ផង។

រូបតំណាង

នៅ អាយុ​២៦ ឆ្នាំ អ្នក​ស្រី​បាន​រៀប​ការ ជា​មួយ​បុរស​ម្នាក់​ឈ្មោះ​ដួង។ ក្រោយ​មក​ក្នុង​ឆ្នាំ ១៩៧០​ ក្នុង អំឡុង​ពេល​ សម័យ​សាធារណៈ​រដ្ឋ​ អ្នកស្រី​ចេក ម៉ាច នៅ​តែ​មិន​បោះ​បង់ ការសម្ដែងសិល្បៈ​នេះ​ឡើយ​ ។ ​រហូត ​មក​ដល់ ឆ្នាំ​១៩៧៥ សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ អ្នក​ស្រី​ក៏​បាន ជម្លៀស​ទៅ​បណ្ដា​ខេត្ត​ ​លុះ​មក​ដល់​ថ្ងៃ​រំដោះ​៧មករា​ឆ្នាំ​១៩៧៩​ អ្នក​ស្រី​ក៏​បាន​វិល​ត្រលប់​មក​ក្រុង​ភ្នំពេញ​ដើម្បី​រក​សាច់ញាតិ​តែ​មិន​បាន​ជួប​ឡើយ។​ ពេល​នោះ​អ្នក​ស្រី​ក៏​មាន​ជំងឺ​ជាប់​ខ្លួន ពេល​នោះ​អ្នក​ក៏​​បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្រសួង​វប្បធម៌​ និង​ត្រូវ​បាន​តែង​តាំង​ឲ្យ​ធ្វើ​ជា​គ្រូបង្រៀន​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ពេលនោះ​ត​មក​។​ លើសពីនេះ​អ្នកស្រី​ក៏​បាន​ទៅ​សិក្សា​នៅ​ខេត្ត​ព្រះ​ត្រពាំង​ ដើម្បី​ស្វែង​យក​ពី​ទម្រង់​សិល្បៈ​ល្ខោន​​បាសាក់​។

រូបតំណាង

នៅ​ឆ្នាំ​១៩៩៣ ​អ្នក​ស្រី​ត្រូវ​បាន​ទទួល​កិត្តិយស​ជា​វិរៈ​សិល្ប​ការិនី​ប្រចាំ​ប្រទេស​កម្ពុជា។ ពេល​នោះ​អ្នក​ស្រី​ចេក​ម៉ាច​មិន​មាន​ជីវភាព​ល្អ​ទេ ព្រោះ​អ្នក​ស្រី​ត្រូវ​មើល ជំងឺ​ក្រោយ​ពី​អ្នក​ស្រី​មាន​បញ្ហា​វះកាត់​ ជា​ច្រើន​លើកតែ អ្នក​ស្រី​នៅ​តែ​បន្ត​ការ​ពារ​​និង​បង្ហាត់​សិល្បៈ​នេះ ។ តាម ប្រសាសន៍ លោក ព្រឿង ឈាង​ ទីប្រឹក្សា​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ បាន​បញ្ជាក់​ថា​លោក​ស្រី​ចេក​ ម៉ាច លោក​បាន​ ចែកឋាន​កាលពី​ជាង​១០​ ឆ្នាំ​មុន​ចំពោះ​សាច់​​ញាតិ​ដែល​ជា​អ្នក​បន្ត​វេន​សិល្បៈ​ ពី​លោក​ស្រី​មាន​ចៅ​ស្រី​ម្នាក់​ដែល​រៀន​របាំ​បុរាណ​៕​​​​​

អត្ថបទ៖ ច្រឹក ស្រីអូន