ក្រុមយុទ្ធក្រមខមសម្ដែងក្នុងរឿង«ហ្លួងព្រះស្ដេចកន» នឹងទៅបង្ហាញស្នាដៃនៅកូរ៉េ ឆាប់ៗនេះ

  • 2018-03-29 02:35:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមក្បាច់គុនដ៏អស្ចារ្យរបស់ខ្មែរ យុទ្ធក្រមខមនឹងចេញដំណើរទៅសម្ដែងក្នុងប្រទេសកូរ៉េនៅ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខ នៅក្នុងកម្មវិធីមហាសង្ក្រាន្តទី២នៅកូរ៉េ។

លោកនរៈ សៈខ្លា (ខាងស្ដាំ)

តាមការបញ្ជាក់ របស់លោក នរៈ សៈខ្លា ដែលគ្រូបង្ហាត់ក្បាច់គុនយុទ្ធក្រមខម ក្នុងសហព័ន្ធយុទ្ធខម បានឲ្យដឹងថាការទៅសម្ដែងនឹងចេញដំណើរទៅនៅថ្ងៃទី៦ ខែមេសា ក្រោយចប់ចូលឆ្នាំថ្មីទើបត្រលប់មកវិញ។ លោកបន្តថា ក្បាច់យកទៅបង្ហាញនេះគឺ មាន គុនដំបង គុនដាវ និងគុនលំពែងជាដើម។ «ការចេញទៅសម្ដែងនេះមានគ្នាប្រមាណ១០នាក់នាក់ ! ក្នុងនោះមានតួដែលធ្លាប់ចូលរួមសម្ដែងក្នុងរឿង ហ្លួងព្រះស្ដេចកនមាន ៤ទៅ៥នាក់ទៅចូលរួមជាមួយ។ ការទៅសម្ដែងនេះបានទទួលការអញ្ជើញពីមន្រ្តីសិល្បៈខាងប្រទេសកូរ៉េ»។

តួមេទ័ពជំនិតស្តេចកនរូបនេះ ផ្តល់ក្ដីសង្ឃឹមថា ការចេញទៅសម្តែងនៅក្រៅប្រទេសលើកនេះ ជាការបង្ហាញនូវវប្បធម៌ខ្មែរ ហើយរំពឹងថានឹងទទួលបានការចាបអារម្មណ៍ពីផលិតករកូរ៉េចំពោះរឿងលក្ខណៈវ៉ៃប្រហាជាមួយកម្ពុជា។

ចំពោះប្រវត្តិក្បាច់គុននេះ លោក នរៈ សៈខ្លា បញ្ជាក់ថា កើតមានឡើងតាំងពីសម័យអង្គរ ដែលជាក្បាច់គុនហាត់ក្នុងជួរកងទ័ព និងព្រះមហាក្សត្រ។ បច្ចុប្បន្នក្រុមមួយនេះនៅតែបន្តការងារហ្វឹកហាត់សិល្បៈមួយនេះនៅតាមបណ្តាសាកលវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ។

ការហាត់នេះសិស្សមួយចំនួយហាត់ដើម្បីការពារខ្លួន និងមួយចំនួនទៀត ក្រោយពីហាត់ហើយស្ម័គ្រចិត្តចូលបម្រើការងារក្នុងជួរកងទ័ពជាដើម។ លើសពីនេះក្រុមមួយចំនួនទៀតក៏ហាត់ដើម្បីចូលម្ដែងក្នុងខ្សែភាពយន្ត ព្រោះចង់ឃើញវិស័យភាពយន្តខ្មែរមានរឿងលក្ខណៈវាយតប់ដូចប្រទេសគេ ព្រោះខ្មែរក៏មានក្បាច់គុនដូនតាជាច្រើនដែលត្រូវបង្ហាញដល់ពិភពលោកផងដែរ៕

អត្ថបទ៖ ច្រឹក ស្រីអូន

រូបភាពផ្តល់សិទ្ធដោយ លោកនរៈ សៈខ្លា