Isuzu ប្រកាស​តែងតាំង​មេ​គ្រប់គ្រង​ថ្មី

  • 2018-03-30 10:23:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • លោក Shuichiro Mori ត្រូវ​បាន​តែងតាំង​​​អគ្គនាយក​ថ្មី​របស់​ក្រុមហ៊ុន Isuzu ប្រចាំ​នៅ​ប្រទេស​កម្ពុជា។
  • Isuzu ទើប​តែ​ប្រលូក​ចូល​ទីផ្សារ​រថយន្ត​នៅ​កម្ពុជា​រយៈ​ពេល ២ ឆ្នាំ ដោយ​ផ្ដោត​លើ​ការ​លក់​រថយន្ត​ប្រភេទ SUV និង Pick-Up។

ឆ្នាំ​មុន​ការ​លក់​រថយន្ត Isuzu បាន​ជាង ១០០ គ្រឿង ជា​ចំនួន​មួយ​ក្រុមហ៊ុន​​ទទួលស្គាល់​តិចតួច​នៅ​ឡើយ។ លោក Shuichiro Mori ដែល​ទើប​ទទួល​តំណែង​ថ្មី​ជាអ្នកគ្រប់គ្រងថ្មីលើក​ឡើង​ថា ការ​លក់​រថយន្ត​ពេល​នេះ​ មាន​ការលំបាកក្នុង​ពេលស្ថានភព​សេដ្ឋកិច្ច​មិន​សូវ​ល្អ និងការ​​ប្រកួតប្រជែង​​ពីម៉ាក​រថយន្ត​ចម្រុះ។

​ទីផ្សារ​កម្ពុជា​​វាយលុក​ដោយ​ការ​ប្រើប្រាស់​រថយន្ត​មួយ​ទឹក​ជាង ៩០ ភាគរយ​ ដែល​ជា​បញ្ហា​ប្រឈម​សម្រាប់​ក្រុមហ៊ុន​ពង្រីក​វិសាលភាព​លក់​បាន​ធំ​ទូលាយ។

លោក Shuichiro Mori ប្រធានគ្រប់គ្រង​ថ្មី​របស់​ក្រុមហ៊ុន Isuzu ប្រចាំ​នៅ​កម្ពុជា

លោក​ថា Isuzu ទើប​លេច​មុខ​ជាង​ពីរ​ឆ្នាំ​ គឺ​ពិត​ជា​នៅ​ក្មេង​ខ្ចី​ណាស់។ ក្នុង​រយៈ​ពេល​ដែល​​លោក​មក​កាន់​តួនាទី​ថ្មី លោក​​នឹង​ជំរុញទីផ្សារ​លក់​រថយន្ត Isuzu ទាំង​ការ​ប្រើប្រាស់​​ទូទៅ​និង​​​សម្រាប់​សហគ្រាស​អាជីវកម្ម។

លោក​ថា Isuzu ទទួលជោគជ័យ​នៅ​ថៃ​​លើ​ការ​លក់​រថយន្ត Pick-Up ដោយ​ក្តោប​ទីផ្សារ​​បាន​ជាង ៣៦ ភាគរយ​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​មួយ។

នៅ​ប្រទេស​ថៃ ការ​ទទួលជោគជ័យ​របស់ Isuzu ផ្អែក​លើ ៣ ចំណុច​គឺ​​ផលិតផល​ល្អ​លើស​គេ ភាព​ខ្លាំង​លើ​ជំនាញ​ផ្នែក​លក់ និង​ការ​ប្រើ​យុទ្ធសាស្រ្ត​ផ្សព្វផ្សាយ។ ការ​អនុវត្ត​យុទ្ធសាស្ត្រ​លក់​ដ៏​ជោគជ័យ​នៅថៃ​ ពិត​ជា​ជះ​ឥទ្ធិពល​សម្រាប់​ការ​រៀបចំ​ផែនការ​​យុទ្ធសាស្រ្ត​សម្រាប់​ការ​លក់​រថយន្ត Isuzu នៅ​​កម្ពុជា។

លោកទទួល​ស្គាល់​ថា ការ​បង្កើន​ពន្ធ​លើ​ការ​នាំ​ចូល​រថយន្ត​ថ្មី​របស់​រដ្ឋាភិបាល​ថ្មីៗ​នេះ​ បាន​ធ្វើ​ឲ្យ​តម្លៃ​រថយន្ត Isuzu កើន​ឡើង​ពី ១១ ទៅ ១២ ភាគរយ​ ដែលនាំប៉ះពាល់កំណើនការ​ព្យាករលក់របស់ក្រុមហ៊ុន។

លោក Toshiaki Maekawa ប្រធាន​គ្រប់គ្រង​របស់​ក្រុមហ៊ុន Isuzu ប្រចាំ​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា នៅ​អូស្រ្តាលី Isuzu ប្រើ​ពេល​ជិត ១០ ឆ្នាំ ទើប​ទទួល​ជោគជ័យ​ដូច្នេះ​កម្ពុជា​មិន​ខុស​គ្នា​ទេ ក្រុមហ៊ុន​នឹង​ពង្រឹង​លើ​ផលិតផល ការ​ផ្តល់​សេវាកម្ម​ក្រោយ​ការ​ទិញ រួម​ទាំង​ជំរុញ​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ឌីជីថល។

លោក Toshiaki Maekawa ប្រធាន​គ្រប់គ្រង​របស់​ក្រុមហ៊ុន Isuzu

គួរ​បញ្ជាក់​ថា Isuzu ជា​ម៉ាក​យីហោ​រថយន្ត​លក់​ដាច់​បំផុត​នៅ​ថៃ សម្រាប់​ប្រភេទ Pick-up ដែល​ក្តោប​ទីផ្សារ​ជាង ៣៦ ភាគរយ។ បរិមាណ​លក់​ចេញ​កាល​ពី​ឆ្នាំ​មុន​បាន​ប្រហែល ១៣៣ ៧៩៤ គ្រឿង។ ដោយឡែក នៅ​កម្ពុជា Isuzu មាន​ចំណែក​ទីផ្សារ​តែ​ជាង ៣ ភាគរយ​សម្រាប់ Pick Up និង SUV ចំនួន ៦ ភាគរយ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា