​អាហារូបករណ៍​បណ្ដុះ​សិល្បករ​ថ្មីគាំទ្រ​ដោយ​ក្រុម​ក្មេង​ខ្មែរ និង​ឡូរ៉ា​ម៉ម ជិត​ឈប់​ទទួល​ពាក្យ​ហើយ

  • 2018-03-30 11:31:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ល្អ​ សម្រាប់​សិល្បករ​ ឬ​អ្នក​និពន្ធ​ចម្រៀង​ខ្មែរ​វ័យ​ក្មេង​ ដែល​ចង់​អភិវឌ្ឍ​សមត្ថភាព​ឲ្យ​កាន់​តែ​ខ្លាំង​ ព្រោះ​ឥឡូវ​គម្រោង The Sound Initiative ដែល​មាន​ឡូរ៉ាម៉ម និង​ក្រុម​ក្មេង​ខ្មែរ​ជា​ទូតសុឆន្ទៈ​ បាន​ប្រកាស​បើក​​កម្មវិធី​បណ្ដុះ​បណ្ដាល​តន្ត្រី​​រយៈពេល១ឆ្នាំ នៅ​ខែ​មិថុនា​ខាង​មុខ​នេះ​។ អ្នក​ចម្រៀង​-អ្នកនិពន្ធ​បទចម្រៀង​ ៥នាក់​ និង​ផលិតករ​តន្ត្រី​ ៥នាក់​នឹង​ត្រូវ​ជ្រើសរើស​សម្រាប់​កម្មវិធី​អាហារូបករណ៍​១០​កន្លែង​ ក្រោមការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុ​ជីវិត Prudential។​​

វគ្គ​សិក្សា​នេះ​​ផ្ដោត​​សំខាន់​ទៅ​លើ​ការ​រៀន​និពន្ធ​បទចម្រៀង និង​ជំនាញ​ចាំបាច់​ដែល​បាន​ប្រើ​ប្រាស់​ដោយ​អ្នក​និពន្ធ​បទចម្រៀង​ល្បី​ៗ​កន្លង​មក ហើយ​ក្រោយ​បញ្ចប់​វគ្គ​សិក្សា ពួកគេ​នឹង​ត្រូវ​បំពាក់​បំប៉ន​ជំនាញ​​បន្ថែម​ទៀត​ជា​ច្រើន​ដើម្បី​ចាប់​ផ្ដើម​ថត និង mix បទភ្លេង។

កញ្ញា​ ឡូរ៉ាម៉ម ម្ចាស់​ពាន​រង្វាន់​អន្តរជាតិ​ស្ត្រី​ឆ្នើម ផ្នែក​សិល្បៈ និង​វប្បធម៌ ២០១៨ពី​កម្មវិធី “ស្ត្រី​នៃ​ពេល​អនាគត​ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍” បាន​ឲ្យ​ដឹ​ង​​ថា​៖ «​កម្មវិធី​នេះ​នឹង​​ផ្ដល់​ឲ្យ​ថា​សិល្បករ​យើង​​នូវ​ជំនាញ​ដែល​ពួក​គេ​ត្រូវ​ការ​បំផុត​ដើម្បី​អាច​អភិវឌ្ឍន៍​វិស័យ​តន្រ្តី​ខ្មែរ​ឲ្យ​កាន់តែ​​រីក​ចម្រើន​ថែម​មួយ​កម្រិត​ទៀត»។ ​​​

ក្រុម​ក្មេង​ខ្មែរ​ បាន​ឲ្យ​ដឹងថា៖ «កម្មវិធី​នេះ​មិន​មែន​សម្រាប់​តែ​សិល្បករ​ថ្មី​ៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​តន្រ្តីករ​ដូច​​ពួក​យើង​ដែល​ចង់​សិក្សា និង​អភិវឌ្ឍ​ខ្លួន​បន្ថែម​ទៀត​ដែរ”។

លោក Laura Baker ដែល​ជា​តន្រ្តីករ​អង់គ្លេស និង​ជា​ស្ថាបនិក​នៃ​កម្មវិធី The Sound Initiative បាន​ឲ្យ​ថា៖ «​សម័យនេះ​​តន្រ្តីករ​ខ្មែរ​​គួរ​តែ​មាន​ពហុ​ជំនាញ​ផ្សេង​ៗ​គ្នា។ ការ​អប់រំ និង​ការ​បង្ហាត់​បង្រៀន​ផ្នែក​តន្ត្រីនេះ​ នឹង​ជួយ​ពួកគេ​ឲ្យ​បង្កើន​សមត្ថភាព​ច្នៃ​ប្រឌិត មាន​ភាព​បត់​បែន​នៅ​ក្នុង​វិថី​សិល្បៈ បង្កើន​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​ការ​គាំ​ទ្រ បច្ចេកវិទ្យា និង​ជំនាញ​បច្ចេកទេស​ដើម្បី​បង្កើត​តន្រ្តី​ខ្មែរ original ប្រកប​ដោយ​លក្ខណៈ​វិជ្ជាជីវៈ»។

ការ​ស្នើ​សុំ​អាហារូបករណ៍​​​ នឹង​​ទទួល​ពាក្យ​រ​ហូត​ដល់​ថ្ងៃទី០១ មេសា ២០១៨។

ចាប់​អារម្មណ៍​ចូលរួម ​សូម​ចូល​ទៅកាន់​​វេបសាយ​ Sound Initiative៖ www.thesoundinitiative.com/apply៕​

ដោយ​ ៖ ដេត លីដា