កីឡាការិនីខ្មែរលេខ១នៅកូរ៉េ ស្រួង ភាវី ឈ្នះជើងឯកមួយទៀតនៅកូរ៉េ
- 2018-04-02 02:29:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាការិនីខ្មែរលេខ១នៅកូរ៉េ ស្រួង ភាវី ឈ្នះជើងឯកមួយទៀតនៅកូរ៉េ
ចន្លោះមិនឃើញ
កីឡាការិនីស្នូកឃ័រកម្ពុជា ស្រួង ភាវី ដែលកំពុងសាងកេរ្តិ៍ឈ្មោះល្បាញ និងស្ថិតនៅចំណាត់ថ្នាក់ទី១ប្រចាំប្រទេសកូរ៉េឈ្នះជើងឯកមួយទៀតហើយនៅតំបន់អូមេហ្គា ខេត្ត Inje ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨។
ការប្រកួតរយៈពេលមួយថ្ងៃពេញពិតជាតាន់តឹងបំផុត ជាពិសេសនៅវគ្គចុងរវាងកីឡាការិនីចំណាត់ថ្នាក់លេខ១ និងចំណាត់ថ្នាក់លេខ២ប្រចាំប្រទេសកូរ៉េខាងត្បូង។ ស្រុង ភាវី បានយកឈ្នះកីឡាការិនីលេខ២របស់កូរ៉េ Kim Bomi ដើម្បីឈ្នះជើងជើងឯកតែម្តង។
ស្រួង ភាវី បានប្រាប់ថា នេះជាការប្រកួតថ្នាក់ជាតិរបស់ប្រទេសកូរ៉េ ប៉ុន្តែព្រឹត្តិការណ៍នេះធ្វើឡើងពីរបីដងក្នុងមួយឆ្នាំ។ វាពិតជាការប្រកួតដ៏លំបាកជាមួយកីឡាការិនី Kim Bomi ដែលមានចំណាត់ថ្នាក់លេខ២។ «ប្រសិនបើខ្ញុំចាញ់ក្នុងការប្រកួតនេះ ខ្ញុំនឹងធ្លាក់ទៅចំណាត់ថ្នាក់លេខ២ប្រចាំប្រទេស។ យ៉ាងណា ខ្ញុំទទួលបានចំណាត់ថ្នាក់លេខ១ ដូច្នេះនៅតែឈរចំណាត់ថ្នាក់លេខ១ប្រចាំប្រទេសដដែល»។
ស្រួង ភាវី អាយុ២៦ឆ្នាំបានរៀបការនឹងស្វាមីជនជាតិកូរ៉េកាលពីឆ្នាំ២០១០ និងបានទៅរស់នៅជាមួយស្វាមីតាំងពីពេលនោះ។ ការរស់នៅជាមួយស្វាមីនាងមិនមានការងារអ្វីទេ ប៉ុន្តែធ្វើជាមេផ្ទះ។ ក្រៅពីធ្វើការមេផ្ទះ នាងឧស្សាហ៍ចេញក្រៅជាមួយស្វាមីដែលចូលចិត្តលេងកីឡាស្នូកឃ័រ។ ដោយសារឃើញស្វាមីលេងលេងញឹកញាប់ និងខ្លួនអផ្សុកផងនោះ នាងក៏លេងដែរដើម្បីកម្សាន្តសប្បាយដែលពេលនោះតាំងពីឆ្នាំ២០១១។
នារីដែលមានដើមកំណើតភូមិថ្មពេជ្រ៣ ឃុំថ្មពេជ្រ៣ ខេត្តត្បូងបកាន់តែមានទេពកោសល្យ និងកាន់តែស្រលាញ់ពេញចិត្ត ហើយក៏កាន់តែហ្វឹកហាត់ខ្លាំងឡើង។ រយៈពេលប្រហែលជា២ឆ្នាំក្រោយមក នាងបានក្លាយជាអ្នកលេងដ៏ខ្លាំងពូកែម្នាក់ដែលធ្វើឲ្យក្លឹបស្នូកឃ័រនានានៅទីក្រុងសេអ៊ួលស្គាល់នាងកាន់តែច្រើន។ ចន្លោះឆ្នាំ២០១៣ដល់២០១៥នាងបានចូលរួមប្រកួតពានរង្វាន់ផ្សេងៗជាច្រើនដោយទទួលបានចំណាត់ថ្នាក់ល្អជាបន្តបន្ទាប់។
ឆ្នាំ២០១៦នាងបានចុះឈ្មោះចូលជាសមាជិកម្នាក់ក្នុងសហព័ន្ធកីឡាស្នូកឃ័រនៅទីក្រុងសេអ៊ួល និងទទួលបានឱកាសចូលរួមប្រកួតពានរង្វាន់ធំៗជាបន្តបន្ទាប់។ ឆ្នាំ២០១៧នេះនាងទទួលបានចំណាត់ថ្នាក់លេខ១ពោលគឺជើងឯក៣ដងក្នុងកម្មវិធីប្រកួតពានរង្វាន់ទ្រង់ទ្រាយធំទូទាំងប្រទេសកូរ៉េ។
មិនត្រឹមតែប៉ុណ្ណោះ ស្រួង ភាវី ធ្លាប់បានចេញទៅប្រកួតជើងឯកពិភពលោក២ដងនៅសហរដ្ឋអាមេរិក។ លើកទី១ឆ្នាំ២០១៥ កីឡាការិនីរូបនេះទទួលបានចំណាត់ថ្នាក់លេខ២ ខណៈកីឡាការិនីមកពីតំបន់អឺរ៉ុបបានលេខ១ និងកីឡាការិនីជប៉ុនបានលេខ៣។ លើកទី២ឆ្នាំ២០១៧ កាលពីខែសីហាកន្លងទៅ នាងបានទៅប្រកួតជើងឯកពិភពលោកនៅសហរដ្ឋអាមេរិកទៀត ប៉ុន្តែបានធ្លាក់ត្រឹមជុំទី២៕