នាយ កុយ ប្រទះ​ឃើញ​អតីត​តារា​សម្ដែង​ឆ្នាំ ៩០ ចៅ ចាន់​ណារី ក្នុង​សភាព​គួរ​ឲ្យ​អាណិត​ពន់ពេក

  • 2018-04-05 04:43:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ជួង ជី ហៅ​នាយ កុយ បាន​បញ្ចេញ​ឲ្យ​ដឹង​ថា លោក​បាន​ប្រទះ​នឹង​អតីត​តារា​សម្ដែង​ក្នុង​ទសវត្សរ៍​៩០ លោក ចៅ ចាន់ណារី ថ្មី​ៗ​នេះ នៅ​តំបន់​ខាង​ខេត្ត​ក្រចេះ​ក្នុង​សភាព​មើល​ទៅ​គួរ​ឲ្យ​អាណិត​ពន់​ពេក។

រូបភាព៖ ផ្ដល់​ដោយ​នាយ កុយ

លោក ជួង ជី ប្រាប់​ថា ​ពេល​ជួប​អតីត​តារា​សម្ដែង​ខាង​លើ​នា​ពេល​នោះ លោក​មើល​អត់​ចង់​ស្គាល់...ដោយ​សារ​តែ​ភាព​ជាក់​ស្ដែង លោក ចៅ ចាន់ណារី មាន​រូប​រាង​ចាស់​ខ្លាំង ហើយ​សុខ​ភាព​ក៏​មិន​អំណោយ​ផល​ទៀត។

“មើល​ទៅ​គាត់​ឡើង​ស្រម៉ក មើល​ទៅ​អាណិត​ពន់​ពេក ខ្ញុំ​ថា បង​ឯង​ម៉េច​មិន​ឡើង​មក​ភ្នំពេញ​មក​រក​សម្ដែង​អី​ហ្នឹង​គេ...គាត់​ថា ហ៊ឺ...អត់​ហ៊ាន​ឡើង​យើង​អត់​អីចឹង...ខ្លាច​ខ្មាស​គេ ដល់​គាត់​និយាយ​ចឹង រិត​តែ​អាណិត​គាត់​ទៀត"។

រូបភាព៖ ផ្ដល់​ដោយ​នាយ កុយ

ដោយ​សារ​តែ​មាន​ការងារ​បន្ទាន់​ដែរ លោក ជួង ជី ប្រាប់​ថា មិន​បាន​សួរ​នាំ​អតីត​តារា​សម្ដែង​ច្រើន​ទេ បាន​ត្រឹម​តែ​សុំ​ថត​រូប ២-៣ប៉ុស្ដិ៍​ប៉ុណ្ណោះ។ ដំណឹង​នេះ លោក​ក៏​បាន​បញ្ជូន​មក​សមាគម​សិល្បករ​ស្ម័គ្រ​ចិត្ត​ដែរ ក្នុង​នោះ ថ្នាក់​ដឹកនាំ​សមាគម ក៏​បាន​ឯកភាព និង​ត្រៀម​ក្រុម​ការងារ​ចាំ​ជួប​ជាមួយ​លោក ចៅ ចាន់ណារី មុន​សម្រេច​ថា មាន​អ្វី​អាច​ជួយ​លោក​បាន។

តាម​ប្រភព​ពី​តារា​កំប្លែង​ខាង​លើ​ដដែល អតីត​តារាសម្ដែង​ជើង​ចាស់​ គ្រោង​នឹង​ឡើង​មក​ភ្នំពេញ​ឆាប់​ៗ នៅ​មុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ ដើម្បី​មក​ព្យាបាល​ជំងឺ។ លោក ចៅ ចាន់ណារី គឺ​ជា​អតីត​តារា​សម្ដែង​ក្នុង​ទសវត្សរ៍​ទី ៩០ ជាមួយ​អ្នក​ស្រី អម្ពរ ទេវី ទេព រិនដារ៉ូ ជា​ដើម។ ក្រោយ​បាត់​ដំណឹង​រាប់​ឆ្នាំ លោក​ធ្លាប់​លេច​មុខ​ម្ដង​ដែរ​នៅ​ឆ្នាំ ២០១៥ គ្រា​ដែល​លោក​ឡើង​មក​ព្យាបាល​ជំងឺ​ស្ទះ​សរសៃ​ឈាម​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ៕

អត្ថបទ៖ ទារិកា