លេង ២៦ ប្រកួត ចាញ់ទាំង ២៦ តែក្រុម Antigua Barracuda បានធ្វើរឿងមួយឲ្យគូប្រកួតគោរព
- 2018-04-07 07:07:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេង ២៦ ប្រកួត ចាញ់ទាំង ២៦ តែក្រុម Antigua Barracuda បានធ្វើរឿងមួយឲ្យគូប្រកួតគោរព
ចន្លោះមិនឃើញ
ក្លឹប Antigua Barracuda បានលេង ២៦ ប្រកួតក្នុងក្របខ័ណ្ឌ United Soccer League (USL) ជាលីគលំដាប់ទី៣នៅសហរដ្ឋអាមេរិក ហើយបាញ់ទាំង២៦លើកកាលពីឆ្នាំ២០១៣ បានបំបែកឯកត្តកម្មចាញ់ពេញមួយរដូវកាល។ នេះបើតាម The Guardian ទើបបានចុះផ្សាយ។
Antigua Barracuda ជាក្រុមបាល់ទាត់របស់រដ្ឋអធិបតេយ្យដ៏តូចមួយនៅទ្វីបអាមេរិករបស់ប្រទេស Antigua និង Barracuda ដែលស្ថិតនៅចន្លោះសមុទ្រការីប៊ៀន និង មហាសមុទ្រអាត្លង់ទិច។ ប្រទេសនេះជាប្រជុំកោះ២ធំៗ និង កោះតូចៗជាច្រើនទៀត ដែលមានផ្ទៃដីត្រឹម ៤៤០ គីឡូម៉ែត្រការ៉េ និង មានប្រជាជនប្រមាណ ១០០ ៩៦០ នាក់ (ជាង១០ម៉ឺននាក់)។ បើតាមរបាយការណ៍របស់ធនាគារពិភពលោកឆ្នាំ ២០១៦។
ក្លឹប Antigua Barracuda របស់ប្រទេស Antigua និងBarracuda ត្រូវបានបង្កើតឡើង ដោយមានគោលបំណង បណ្តុះកីឡាករសម្រាប់ក្រុមជម្រើសជាតិ។ តែដោយសារ ប្រទេសនេះស្ថិតនៅកណ្ដាលសមុទ្រឯកោតែឯង និង វិស័យកីឡាបាល់ទាត់នៅមានកម្រិត ប្រទេស Antigua និង Barracuda បានបញ្ចូលក្លឹបរបស់ខ្លួនទៅលេងនៅលីគទី៣ជាមួយអាមេរិក ប៉ុន្តែក្លឹបផ្សេងទៀតគ្មានបំណងធ្វើដំណើររាប់ពាន់គីឡូម៉ែត្រទៅលេងនៅទឹកដី ក្លឹប Antigua Barracuda ឡើយ ទើប USL បានស្នើឲ្យក្លឹបនៅនាយសមុទ្រមួយនេះ ទៅលេងនៅដីគោក ក្រៅទឹកដីរហូត។
កាលណោះលោក Adrian Whitbread អតីតកីឡាកររបស់ West Hamបានកាន់តំណែងជាគ្រូបង្វឹកនៅឆ្នាំ ២០១៣ ប៉ុន្តែក្រុមរបស់លោកលេងពេញមួយរដូវកាលគ្មានសូម្បី១ពិន្ទុ។ ក្រុមបាល់ទាត់ ត្រូវទៅលេងក្រៅទឹកដីពេញ១រដូវកាល ដោយសន្សំលុយកាក់បំផុត តាមរយៈការជួលសណ្ឋាគារធូរថ្លៃ នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។ ពួកគេយកចំណតឡានធ្វើជាទីលានហ្វឹកហាត់។
នៅពេលពួកគេត្រូវទៅលេងនៅទឹកដី Richmond Kickers ពួកគេមិនហ៊ានចំណាយលុយទិញសំបុត្រយន្តហោះ ហើយបានជិះឡានវ៉ែន តូចចង្អៀតញាត់កីឡាករ១៨នាក់ រួមនឹងក្រុមការងារ៤នាក់ទៀតជិះរយៈពេល១០ម៉ោង ហើយត្រូវក្រុមម្ចាស់ផ្ទះលត់ ៤-០។ បន្ទាប់មក ត្រូវឡើងឡានទាំងយប់ ជិះបន្តជាង៥០០គីឡូម៉ែត្រទៀតទៅលេងនៅទឹកដី Harrisburg នៅរដ្ឋផេនស៊ីលវ៉ានៀ តែត្រូវក្រុមម្ចាស់ផ្ទះបន្តបំបាក់ ៣-១។ ប្រភពខាងលើបន្ត។
ក្រៅពីបញ្ហាប្រឈម ដ៏ជូរចត់ទាំងនេះ លោក Whitbread បាននិយាយថា "កីឡាករលេងដោយគ្មានប្រាក់បៀវត្សរ៍រាប់ខែ។ អ្នកខ្លះបានចាកចេញពីក្រុម ព្រោះពួកគេត្រូវការលុយផ្ញើត្រលប់ទៅអ្នកផ្ទះ។ ចុងក្រោយ កីឡាករត្រូវដើរទៅប្រកួតនៅ LA ព្រោះពួកយើងលែងមានលទ្ធភាពជួលឡាន"។
គ្រូបង្វឹកបានព្យាយាមជម្នះឧបសគ្គទាំងនេះ ដោយជារឿយៗលោកបានចេញលុយហោប៉ៅផ្ទាល់ខ្លួន ដើម្បីរ៉ាប់រងការចំណាយ។ កីឡាករទាំងអស់បានដុនដាបទាំងកម្លាំងកាយដោយត្រូវធ្វើដំណើរឥតឈប់ឈរ និង បាក់ទាំងស្មារតីដោយមិនដឹងថាពេលណាបានប្រាក់ខែ។ ប្រភពខាងលើបន្ថែម។
ភាពតស៊ូរបស់ពួកគេ បើទោះជាមិនទាន់បានលទ្ធផលល្អ ប៉ុន្តែក្រុមAntigua Barracuda បានបង្កើតគំរូដ៏គួរឲ្យគោរពមួយនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ហើយបន្តិចម្តងៗក្រុមនេះបានរីកចម្រើននិងទទួលបានការកោតសរសើរពីគូប្រជែងរបស់ខ្លួន។
គ្រូបង្វឹក Whitbread បាននិយាយថា នៅពេលក្រុមរបស់លោកទៅទាត់នៅរដ្ឋអារីហ្សូណា ចាញ់ ១-០ ទល់នឹង Phoenix FC។ ពេលបញ្ចប់ការប្រកួត ក្រុមម្ចាស់ផ្ទះបានអញ្ជើញពួកគេជប់លៀងមួយពេល និង បានញ៉ាំស្រាបៀរជាមួយគ្នាទៀតផង។
ទីបំផុត ២សប្តាហ៍ មុនចប់រដូវកាលពួកគេទទួលបានប្រាក់ខែ ហើយដំណើររសាត់អណ្តែតរបស់ពួកគេប្រៀបនឹងរឿងកុន បានបញ្ចប់ដោយរីករាយ។ ស្រមោលខ្មៅរបស់ពួកគេ ក៏ជាប់ទាក់ទងនឹងលោក Gordon Derrick ជាប្រធានសហភាពបាល់ទាត់ការីប៊ៀន និង ជាម្ចាស់ក្លឹប Antigua Barracuda ដែលត្រូវ FIFA ពិន័យមិនឲ្យប្រលូកក្នុងវិស័យបាល់ទាត់រយៈពេល៦ឆ្នាំ កាលពីខែកញ្ញា ឆ្នាំ២០១៧ ពីបទពុករលួយ៕