Bayern ដាក់​លក់​អាវ​មហា​សែន​ចម្លែក​ ក្រោយ​ឈ្នះ​ពាន​លីគ ៦​ឆ្នាំ​ជាប់​គ្នា

  • 2018-04-10 12:30:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​អបអរ​ការ​​ឈ្នះ​ពាន Bundesliga ៦​ឆ្នាំ​ជាប់​គ្នា​របស់​ខ្លួន ក្លឹប Bayern Munich បាន​ដាក់​លក់​អាវ​មួយ​ចំនួន​ដល់​អ្នក​គាំទ្រ​ខ្លួន។ ក្នុង​ចំណោម​នោះ​មាន​អាវ​មួយ មាន​លក្ខណៈ​ប្លែក​ខុស​គេ។

អាវ​មួយ​នេះ ជា​ប្រភេទ​អាវ​យឺត​ធម្មតា មាន​រូប​ Logo ក្លឹប​នៅ​ផ្នែក​ខាង​លើ​នៃ​អាវ ហើយ​នៅ​ខាង​ក្រោម​នោះ​មាន​សរសេរ​ជា​ភាសា​អាល្លឺម៉ង់​ថា Deutscher Meister (ជើង​ឯក​អាល្លឺម៉ង់)។ ខាង​ក្រោម​ Deustcher Meister មាន​សរសេរ​ពាក្យ SIXPACK (សាច់ដុំ​ ៦​កង់) និង​ឆ្នាំ ២០១៣,២០១៤, ២០១៥, ២០១៦ , ២០១៧, ២០១៨ ដែល​ជា​បណ្ដា​ឆ្នាំ​ទាំង ៦​ជាប់​គ្នា Bayern Munich ឈ្នះ​លីគ​កំពូល​អាល្លឺម៉ង់។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​បន្ថែម​ពី​ការ​សរសេរ SIXPACK ក៏​មាន​ការ​បង្ហាញ​តែ​ម្ដង​នូវ​រូប​ភាព​សាច់ដុំ​ ៦​កង់។ ការណ៍​នេះ ធ្វើ​ឲ្យ​អាវ​មាន​សភាព​ខុស​ប្លែក​ខ្លាំង​ពី​ម៉ូត​អាវ​ដែល​ក្លឹប​ដាក់​លក់​រាល់​ដង។

អាវនេះត្រូវបាន​ដាក់លក់​ក្នុង​គេហទំព័រផ្លូវការរបស់ក្លឹបយក្សអាល្លឺម៉ង់​មួយនេះ និង​មាន​តម្លៃ ២៤,៩៥ អឺរ៉ូ (ប្រមាណ ៣០ ដុល្លារសហរដ្ឋអាមេរិក)។

សូម​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​ឈ្នះ Augsburg ៤-១ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ក្លឹប Bayern Munich បាន​លើក​ពាន​លីគ​កំពូល​អាល្លឺម៉ង់​លើក​ទី ២៨​របស់​ខ្លួន ទាំង​នៅ​សល់​ ៥​ប្រកួត​ក្នុង​ដៃ។ ប្រការ​នេះ​ធ្វើ​ឲ្យ​ក្លឹប​លើក​ពាន​មុន​គេ ក្នុង​ចំណោម​ក្លឹប​កំពូល​តារាង​ផ្សេង​ទៀត នៅ​បណ្ដា​លីគ​ធំៗ​អឺរ៉ុប​ទាំង ៥៕

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម