មេ Facebook ទ្រោមខ្លួន នឹងការចោទសួររបស់សមាជិកព្រឹទ្ធសភា ៤២ រូប
- 2018-04-11 02:08:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ Facebook ទ្រោមខ្លួន នឹងការចោទសួររបស់សមាជិកព្រឹទ្ធសភា ៤២ រូប
ចន្លោះមិនឃើញ
កាលពីយប់ម្សិលមិញនេះ លោក Mark Zuckerberg បានបង្ហាញមុខនៅសភាអាមេរិក ដើម្បីឆ្លើយបំភ្លឺពាក់ព័ន្ធនឹងករណីដែលបណ្ដាញសង្គមរបស់លោកត្រូវបានជនទីបីយកទិន្នន័យរបស់អ្នកប្រើប្រាស់ ទៅប្រើប្រាស់ដើម្បីផលប្រយោជន៍នយោបាយ។
មហាសេដ្ឋីវ័យ ៣៣ ឆ្នាំរូបនេះ បានបង្ហាញខ្លួនទាំងមានភាពភ័យខ្លាច និងបានភ្ញាក់ខ្លួន នៅចំពោះមុខសវនាការរួមគ្នាដ៏កម្រមួយ ដែលមានការចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភាចំនួន ៤២ រូប ស្ទើរតែពាក់កណ្ដាលនៃសមាជិកព្រឹទ្ធសភាទាំងអស់។
នៅចំពោះមុខសមាជិកព្រឹទ្ធសភា នាយកប្រតិបត្តិ Facebook បានលើកឡើងថា ៖ "វាជាកំហុសរបស់ខ្ញុំ ហើយខ្ញុំសុំធ្វើការសុំទោស។ ខ្ញុំជាអ្នកចាប់ផ្ដើមវា (Facebook) ខ្ញុំកាន់កាប់វា ហើយខ្ញុំទទួលខុសត្រូវនូវអ្វីដែលបានកើតឡើង”។
សវនាការដែលមានរយៈពេលរាប់ម៉ោងនេះ សំនួរជាច្រើនបានធ្លាក់ទៅលើ Mark Zuckerberg។ ក្នុងនោះសមាជិកសភា លោក Roger Wicker បានសួរទៅកាន់ Mark ថាតើអាចបញ្ជាក់អំពីការចេញផ្សាយដែលនិយាយថា Facebook តែងកត់ត្រា History លើ Browser របស់អ្នកប្រើប្រាស់ទោះបីជាពួកគេបានចាកចេញពីវិបសាយ Facebook ក្ដី។ ភ្លាមនោះ Mark និយាយទាំងស្រពិចស្រពិលថា សុំសួរទៅក្រុមការងាររបស់ខ្លួនជាមុនសិន មុននឹងផ្ដល់ចម្លើយជាក់លាក់បាន។
សំនួរមួយផ្សេងទៀតពីសមាជិកសភាឈ្មោះ Gary Peters បានចោទសួរថា ៖ "មែនឬទេ ដែលថា Facebook លួចថតបានតាមរយៈទូរសព្ទអ្នកប្រើប្រាស់ ដើម្បីដឹងបានកាន់តែច្បាស់ពីអ្នកប្រើប្រាស់?”។ ស្ថាបនិក Facebook បានឆ្លើយដោយខ្លីថា ៖ "ទេ”។
ខាងក្រោមនេះជាការសង្ខេបខ្លីៗពីសម្រង់សម្ដីរបស់លោក Mark Zuckerberg ពីសវនាការដែលមានរយៈពេលរាប់ម៉ោង ៖
Mark Zuckerberg និយាយថា Facebook មិនបានឲ្យដំណឹងដល់សហព័ន្ធគណៈកម្មការពាណិជ្ជកម្ម (FTC) នោះទេ ៖ "យើងចាត់ទុកថាករណីនេះត្រូវបានបិទ”
Mark មានភាពជឿជាក់ថា Facebook នឹងអាចដោះស្រាយការជ្រៀតជ្រែកការបោះឆ្នោតនៅឆ្នាំ ២០១៨ បាន
Mark និយាយថា Facebook ដែលប្រើដោយមិនគិតលុយនឹងមានជារៀងរហូត
មិនមានការថយចុះចំនួនអ្នកប្រើប្រាស់ជាគំហុកនោះទេ ទោះបីមានចលនា "Delete Facebook” ក្ដី
សមាជិកសភាពនិយាយទៅកាន់ Mark ៖ "User Agreement (កិច្ចព្រមព្រៀងអ្នកប្រើប្រាស់) របស់អ្នកគឺអន់ណាស់"៕
ទស្សនាវីដេអូពេញពីសវនាការយប់មិញ ៖