កំណត់ត្រាឡើងសវនាការរបស់ Mark Zuckerberg មានថាឲ្យចំៗ ដាក់មេ Apple
- 2018-04-11 03:27:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំណត់ត្រាឡើងសវនាការរបស់ Mark Zuckerberg មានថាឲ្យចំៗ ដាក់មេ Apple
ចន្លោះមិនឃើញ
ស្ថាបនិក Facebook លោក Mark Zuckerberg បាននាំយកកំណត់ត្រារបស់ខ្លួនចូលទៅកាន់សវនាការសភាសហរដ្ឋអាមេរិក ដែលធ្វើឡើងកាលពីយប់ថ្ងៃអង្គារ។ កំណត់ត្រានេះមានបង្ហាញថា Facebook បានត្រៀមខ្លួនបែបណាខ្លះ ចំពោះការឡើងសវនាការដំបូងរបស់ Mark។
Facebook មិនបានបង្ហាញចេញជាផ្លូវការនូវកំណត់ត្រានោះទេ ប៉ុន្តែអ្នកថតរូបរបស់សារព័ត៌មាន AP ថតបានកំណត់ត្រាពីរទំព័រនេះ និងបានចែករំលែកលើបណ្ដាញ Twitter បន្ទាប់ពីសវនាការបានចាប់ផ្ដើមប៉ុន្មានម៉ោងរួចមក។
ខាងក្រោមនេះជាចំណុចសំខាន់ខ្លះៗដែលមានកត់ត្រាលើកំណត់ត្រា ៖
#អំពី Cambridge Analytica
ការបាត់បង់ជំនឿចិត្ត សុំទោសដែលយើងបណ្ដាលឲ្យវាកើតឡើង (យើង) បានចេញសកម្មភាពនៅឆ្នាំ ២០១៤ ដើម្បីកុំឲ្យវាកើតឡើងម្ដងទៀត។
ទិន្នន័យសម្ងាត់របស់អ្នកប្រើប្រាស់ដែលគេយកបានរួមមាន Public Profile, Page ដែលពួកគេ Like, បញ្ជីឈ្មោះមិត្តភ័ក្ដិ + ថ្ងៃខែឆ្នាំកំណើត, មិនមានព័ត៌មានពីក្រេដីតកាត ឬ លេខ SSN នោះទេ។
#ការទទួលខុសត្រូវ
បញ្ឈប់បុគ្គលិកដោយសារបញ្ហា Cambridge Analytica? វាទាក់ទងនឹងវិធីដែលយើងឌីហ្សាញ Platform។ វាជាទំនួលខុសត្រូវរបស់ខ្ញុំ។ នឹងមិនទម្លាក់កំហុសលើអ្នកដទៃនោះទេ។
លាលែង? (ខ្ញុំ) ជាអ្នកបង្កើត Facebook។ ជាការសម្រេចចិត្តរបស់ខ្ញុំ។ ខ្ញុំបានធ្វើខុស។ ជាបញ្ហាប្រឈមដទៃ ប៉ុន្តែយើងធ្លាប់បានដោះស្រាយបញ្ហាពីមុនមក ក៏នឹងដោះស្រាយបញ្ហាមួយនេះដែរ។
#សុវត្ថិភាពលើទិន្នន័យ
#Business Model
ចង់ឲ្យ Facebook ជាសេវាកម្មដែលគ្រប់គ្នាអាចប្រើបាន ត្រូវតែជាសេវាកម្មឥតគិតលុយ ហើយអាចធ្វើបានដោយពឹងលើការផ្សាយពាណិជ្ជកម្ម។
និយាយឲ្យច្បាស់បន្តិចចុះ Facebook មិនលក់ទិន្នន័យនោះទេ។ អ្នកជាម្ចាស់លើទិន្នន័យរបស់អ្នក។ យើងផ្ដល់សិទ្ធដល់អ្នក។
#Tim Cook និយាយពី Business Model
នៅ Facebook យើងព្យាយាមអស់ពីចិត្តដើម្បីធ្វើឲ្យអ្នកប្រើចំណាយតិច។ តាមពិតទៅគឺយើង Free។
និយាយពីទិន្នន័យ ពួកយើងស្រដៀងគ្នា។ នៅពេលអ្នកដំឡើងកម្មវិធីលើ iPhone អ្នកផ្ដល់សិទ្ធឲ្យវាបានទិន្នន័យមួយចំនួនរបស់អ្នក ដូចពេលដែលអ្នក Login ចូល Facebook ដែរ។
មានរឿងជាច្រើនដែល កម្មវិធី (App) ប្រើទិន្នន័យរបស់ Apple ដោយគ្មានភាពត្រឹមត្រូវ ប៉ុន្តែមិនធ្លាប់ឃើញ Apple បង្ហាញឲ្យគ្រប់គ្នាដឹងនោះទេ។
#គូប្រជែង
ជម្រើសរបស់អតិថិជន អតិថិជនមានជម្រើសជាច្រើន លើការប្រើប្រាស់ពេលវេលារបស់ពួកគេ។
ជាផ្នែកតូចមួយនៃទីផ្សារពាណិជ្ជកម្ម អ្នកជាវផ្ទាំងផ្សាយពាណិជ្ជកម្មក៏មានជម្រើសច្រើនដែរ – ទីផ្សារតម្លៃ ៦៥០ ពាន់លានដុល្លារ យើងមានចំណែក ៦% ប៉ុណ្ណោះ។
បំបែក Facebook? ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកជាទ្រព្យដ៏សំខាន់របស់សហរដ្ឋអាមេរិក បំបែក(ក្រុមហ៊ុនអាមេរិក) ធ្វើឲ្យក្រុមហ៊ុនចិនខ្លាំងទៅវិញទេ៕