តោះ​មក​ស្គាល់​បន្ថែម​ ដែកដូយ ធុងទឹក អំប្រ៊ីយ៉ា​ឡាន យ៉ាងម៉េច​វិញ? (ភាគ ២)

  • 2018-04-11 04:21:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន Sabay បាន​នាំ​យក​ចំណេះ​ដឹង​ទូទៅ​ពាក់​ព័ន្ធ​​ផ្នែក​សំខាន់​លើ​​រថយន្ត​ចំនួន​ ៥ មុខ​ ។ នៅ​ក្នុង​សប្ដាហ៍​នេះ Sabay សូម​​បន្ត​ឲ្យ​ប្រិយមិត្ត​ស្គាល់​ពី​​ផ្នែក​សំខាន់ៗ និង​ឧបករណ៍​ចំនួន ៥ ទៀត​មក​បង្ហាញ​​ជូនជា​ចំណេះដឹង​បន្ថែម។

៦. កុំប្រែសស័រ ម៉ាស៊ីន​ត្រជាក់ (A/C Compressor)

ខ្យល់​ក្ដៅ ឬ​ត្រជាក់​នៅ​ក្នុង​រថយន្ត​​ គឺ​អាស្រ័យ​ទៅ​លើ A/C Compressor នេះ​ហើយ​ ដែល​អាច​បង្កើន​សម្ពាធ​ខ្យល់​ និង​ធ្វើ​ឲ្យ​សីតុណ្ហភាព​ខ្យល់​កើន​ឡើង​ ទើប​វា​អាច​ឲ្យ​ខ្យល់​ក្ដៅ​ចេញ​ពី​រថយន្ត​បាន​ដោយ​ងាយ។ ដូច្នេះការ​ថែទាំ​ A/C Compressor ពិត​ជា​សំខាន់ ដោយ​ការ​រក​មើល​ក្រែង​លោ​មាន​ការ​លេច​ធ្លាយធ្វើ​ឲ្យ A/C Compressor អស់​ប្រេង​រំអិល​ និង​អាច​ខូច​បាន។

៧. ធុង​ទឹក (Radiator)

ធុង​ទឹក​ឡាន​ជា​ផ្នែក​មួយ​ដែល​សំខាន់​បំផុត ដែល​អាច​ឲ្យ​រថយន្ត​​រត់​ទៅ​ផ្លូវ​ឆ្ងាយ​បាន។ បើ​សិន​ជា​គ្មាន​ធុង​ទឹក​ទេ ម៉ាស៊ីន​ឡាន​នឹង​ឡើង​កម្ដៅ​ខ្លាំង​ជា​អតិបរមា ដែល​ជាហេតុ​ធ្វើ​ឲ្យ​ម៉ាស៊ីន​លែង​ដំណើរ​ការ ឬ​អាច​ផ្ទុះ​ឆេះ​​បាន​។ ការ​ថែ​ទាំ​ធុង​ទឹក​មាន​ភាព​ងាយ​ស្រួល​ ដោយ​គ្រាន់​តែ​ថែម​ទឹក​ឲ្យ​ត្រឹម​ត្រូវ​តាម​កម្រិត​របស់​វា។ ប៉ុន្តែ បើ​សិន​ជា​រថយន្ត​ឆាប់​អស់​ទឹក​ជាង​ធម្មតា ​ប្រហែល​ជា​ត្រូវ​ពិនិត្យ​រកមើល ក្រែង​លោ​មាន​កន្លែង​លេច​ធ្លាយ ឬ​ក៏​ច្រែះ​ហើយ។ បើ​សិន​ជា​មាន​ច្រែះ​មែន គួរ​តែ​ដូរ​ធុង​ទឹក​ឲ្យ​ហើយ​តែ​ម្ដង​ទៅ។

៨. កង្ហារ​ម៉ាស៊ីន (Engine Fan)

វា​មាន​នាទី​ដូច​ធុង​ទឹក​ដែរ ពោល​គឺ​ធ្វើ​ឲ្យ​ម៉ាស៊ីន​មិន​ឡើង​កម្ដៅ​ខ្លាំង ដោយ​វា​នាំ​ខ្យល់​ពី​ខាង​ក្រៅ​ចូល​មក​ផ្នែក​ក្នុង​នៃ​ម៉ាស៊ីន។ វា​មិន​ចាំ​បាច់​មាន​ការ​ថែ​ទាំ ច្រើន​ឡើយ​តែ​អ្នក​ត្រូវ​ប្រាកដ​ថា ខ្សែ​ពាន​ពី​ម៉ូទ័រ​ទៅ​កង្ហារ​នៅ​ល្អ ដើម្បី​ឲ្យ​កង្ហារ​ដំណើរ​ការ​គ្រប់​ពេល​បញ្ឆេះ​ម៉ាស៊ីន។

៩. អំប្រ៊ីយ៉ា (Clutch)

អំប្រ៊ីយ៉ា ដើរ​តួ​យ៉ាង​សំខាន់​សម្រាប់​ឲ្យ​រថយន្ត​ដំណើរ​ការ​ដោយ​វាជា​អ្នក​ផ្ដល់​ថាមពល​ទៅ​តាម​ការ​បញ្ជា​របស់​ចង្កឹះ​លេខ។ នៅ​ក្នុង​រថយន្ត​លេខ​ដៃ អំប្រ៊ីយ៉ា​មាន​ឈ្នាន់​សម្រាប់​បញ្ជា​ផ្ទាល់​តែ​ម្ដង​ គឺ​នៅ​ខាង​ឆ្វេង​បង្អស់ ខុស​ពី​រថយន្ត​អូតូ ដែល​មាន​អំប្រ៊ីយ៉ា​ដែរ តែ​មិន​មាន​ឈ្នាន់​សម្រាប់​ឲ្យ​ជាន់​នោះ​ឡើយ។

បើ​និយាយ​ពី​ការ​ថែទាំ​វិញ រថយន្ត​លេខ​ដៃ ស្រួល​ថែទាំ​ជាង រថយន្ត​លេខ​អូតូ​ ឆ្ងាយ​ដោយ​វា​មាន​តម្លៃ​ថោក និង​មាន​ប្រអប់​លេខ​ងាយ​ជួស​ជុល​ជាង​។

១០. ដែក​ដូយ (Car Jack)

ដែក​ដូយ ជា​ឧបករណ៍​សំខាន់​ ដែល​អ្នក​​ប្រើប្រាស់​​រថយន្ត​រាល់​គ្នា​គួរ​តែ​មាន។ វា​ប្រើ​ប្រព័ន្ធ Hydraulic ដើម្បី​លើក​រថយន្ត​ឡើង នៅ​ពេល​ដែល​ចង់​ប្ដូរ​កង់​រថយន្ត។

នៅ​សល់​ផ្នែក​សំខាន់ៗ និង​ឧបករណ៍​ប្រើប្រាស់​របស់​រថយន្តចំនួន ១០ ទៀត​ ដែល Sabay នឹង​បង្ហាញ​ជូន​មិត្ត​អ្នក​អាន​នៅ​សប្ដាហ៍​ក្រោយ។

ចុចអាន៖ ប្រើ​ឡាន​រាល់ថ្ងៃ តិច​មិនដឹង​ផ្នែក​សំខាន់​ៗទាំង ២០ លើ​​រថយន្តទៅ! (ភាគ ១)

ប្រភព៖ drivinglife   ប្រែ​សម្រួល៖ ផាត សុវត្ថិ