ប្រើ​ឡាន​រាល់ថ្ងៃ តិច​មិនដឹង​ផ្នែក​សំខាន់​ៗទាំង ២០ លើ​​រថយន្តទៅ! (ភាគ ១)

  • 2018-04-05 02:20:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បើកបរ​គឺ​ជា​បទពិសោធន៍​ដ៏​រំភើប​មួយ​សម្រាប់​អ្នក​រាល់​គ្នា​ ដែល​ទើប​តែ​នឹង​ចាប់​កាន់​ដៃ​ចង្កូត​ជា​លើក​ដំបូង។ ប៉ុន្តែ​ក្រៅ​ពី​ការ​ចេះ​បញ្ចូល​លេខ និង​ជាន់​ហ៊្គែរ​នោះ អ្នក​បើកបរ​គ្រប់​រូប​គួរ​តែ​ស្គាល់​នូវ​ផ្នែក​សំខាន់​ៗ​ និង​ឧបករណ៍​មួយ​ចំនួន​របស់​រថយន្ត​ ដែល​មិន​ត្រឹម​តែ​អាច​ជួយ​អ្នក​ស្វែង​យល់​ពី​គ្រឿង​បង្គំ​​ទូទៅ​នៃ​រថយន្ត​ទេ តែ​ថែម​ទាំង​អាច​ឲ្យ​អ្នក​ចេះ​ជួសជុល​ទៀត​ពេល​ចាំ​បាច់។

នៅ​ក្នុង​ថ្ងៃ​ពុធ​នេះ Sabay សូម​បង្ហាញ​អ្នក​រាល់​គ្នា​នូវ​ផ្នែក​សំខាន់​ៗ​ និង​ឧបករណ៍​មួយ​ចំនួន​របស់​រថយន្ត​ចំនួន ៥ ដូច​ខាង​ក្រោម៖

១. អាគុយ​ឡាន (Battery)

អាគុយ​ឡាន​នេះ​សំដៅ​លើ អាគុយ​ដែល​នៅ​ខាង​មុខ​សម្រាប់​បញ្ឆេះ និង​ផ្ដល់​ភ្លើង​ដល់​អំពូល​ជា​ដើម​ មិន​មែន​អាគុយ​សម្រាប់​អូស​រថយន្ត​ទៅ​មុខ​ដែល​ភាគ​ច្រើន​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​រថយន្ត Hybrid ឬ​ក៏ EV ឡើយ។ អាគុយ​ឡាន នេះ​មាន ២​ជម្រើស​សម្រាប់​អ្នក​ប្រើប្រាស់ គឺ​អាគុយ​សើម​ ដែល​ត្រូវ​ការ​ការ​ថែម​ទឹក​អាស៊ីដ​ជា​ប្រចាំ និង​អាគុយ​ស្ងួត​ដែល​មិន​ត្រូវ​ការ​ថែម​ទឹក​អាស៊ីដ​ឡើយ។ អ្នក​ប្រើប្រាស់​គួរ​ស្វែង​យល់​ និង​ជ្រើសរើស​ប្រភេទ​អាគុយ តាម​ការ​ចំណង់​ចំណូល​ចិត្ត ដោយ​ត្រូវ​ចង​ចាំ​ថា អាគុយ​ស្ងួត​ មិន​ត្រូវ​ការ​ការ​ថែទាំ​ចាំ​បន្ថែម​អាស៊ីដ​ឡើយ តែ​វា​មាន​តម្លៃ​ថ្លៃ ផ្ទុយ​នឹង​អាគុយ​សើម​ដែល​មាន​តម្លៃ​ថោក​តែ​ត្រូវ​ការ​ការ​ថែទាំ​ជា​ប្រចាំ។ ម៉្យាង​ទៀត ការ​ភ្លេច​បិទ​ភ្លើង​ក្នុងរថយន្ត​ក៏​អាច​បំផ្លាញ​ ដល់​អាយុ​កាល​របស់​រថយន្ត​ផង​ដែរ។

២. ហ្រ្វាំង (Brake)

ហ្រ្វាំង​ឡាន​មាន​ ២​ប្រភេទ​គឺ​ហ្រ្វាំង​ដៃ ដែល​អ្នក​អាច​ដាក់​បាន​ដោយ​ការ​ទាញ​វា​នៅ​ពេល​ឈប់​ស្ងៀម និង​ហ្វ្រាំង​ជើង ដែល​អ្នក​ត្រូវ​ប្រើប្រាស់​ភ្លាម​ៗ​ ដើម្បី​បន្ថយ​ល្បឿន ឬ​ចង់​ឈប់​រថយន្ត។ ហ្រ្វាំង​ឡាន​ទាំង​២ នេះ​ធ្វើ​ការ​ដាច់​ដោយ​ឡែក​ពី​គ្នា។ ហ្រ្វាំង​ឡាន​ដំណើរការ ដោយ​ប្រព័ន្ធ Hydraulic ដែល​ប្រើ​ប្រេង​ហ្រ្វាំង​ជា​ជំនួយ​ក្នុង​ការ​ចាប់​ហ្រ្វាំង​ម្ដងៗ​។ ដូច្នេះ​ការ​មើល​ថែទាំ​ហ្រ្វាំង​ដោយ​ថែម​ប្រេង ឬ​ប្ដូរ​ស្បែក​ហ្រ្វាំង​អាច​ជួយ​ជីវិត អ្នក​បាន​និង​ជួយ​ឲ្យ​រថយន្ត​អ្នក​ដំណើរ​ការ​បាន​យ៉ាង​ប្រក្រតី។

៣. ភ្លៅ​រថយន្ត (Axle)

​ ភ្លៅ​រថយន្ត​ជា​ដែក​ ២ដើម​វែង​សម្រាប់​ភ្ជាប់​កង់​មុខ​ទាំង២ និង​កង់​ក្រោយ​ទាំង​២។ ជា​ធម្មតា របា​ដែក ២ដើម​នេះ​រឹង​មាំ​មិន​ងាយ​នឹង​ខូច​ខាត​ឡើយ។ អ្វី​ដែល​ជា​បញ្ហា​ចោទ​នោះ​គឺ​ បញ្ហា​ច្រែះ​ចាប់។ ម៉្យាង​ទៀត ការ​ដឹក​លើស​ទម្ងន់​ខ្លាំង​ក៏​អាច​ធ្វើ​ឲ្យ​ភ្លៅ​ខូច​ទ្រង់ទ្រាយ​ដែរ ឬ​បាក់​ខូច​មិន​អាច​ជិះ​ទៅ​មុខ​តែ​ម្ដង។

៤. ប៊ិច​ប្រេង (Fuel Injector)

ប៊ិច​ប្រេង​ជា​វត្ថុ​តូច​មួយ ដែល​បញ្ជូន​សាំង​ពី​ធុង​សាំង​ ទៅ​កាន់​ម៉ាស៊ីន​ខាង​ក្នុង។ ការ​ស៊ី​ប្រេង ឬ​មិន​ស៊ី​ប្រេង​របស់​រថយន្ត គឺ​អាស្រ័យ​លើ​ប៊ិច​ប្រេង​នេះ​ហើយ។ បើ​អ្នក​ឧស្សាហ៍​ធ្វើ​ការ​លាង​សម្អាត​ប៊ិច​ប្រេង​នោះ រថយន្ត​លោក​អ្នក​នឹង​ស៊ី​ប្រេង​នៅ​កម្រិត​ស្តង់ដារ​របស់​វា​ ហើយ​ក៏​ជួយ​បង្កើន​អាយុ​កាល​ម៉ាស៊ីន​ឡាន​ផង​ដែរ។

៥. ពីស្តុង (Piston)

ជា​ធម្មតា រថយន្ត​មួយ​មាន​ពីស្តុង ៤ ឬក៏ ៦ ឡើង​ទៅ។ ពីស្តុង​នេះ​ជា​វត្ថុ​ដែល​យោង ស៊ីឡាំង​ចុះ​ឡើង​នៅ​ក្នុង​ម៉ាស៊ីន​ដើម្បី​ឲ្យ​រថយន្ត​មាន​ដំណើរ​ការ​ទៅ​មុខ។ នៅ​ពេល​ដែល​ពីស្តុង វិល​បាន​កាន់​តែ​លឿន ល្បឿន​រង្វិល​ជុំ​ក្នុង​មួយ​នាទី​ (RPM) ក៏​កើន​ឡើង​ដែរ។ ដូច្នេះ​ហើយ​បើ ពីស្តុង​របស់​អ្នក​ដំណើរការ​ល្អ នោះ​រថយន្ត​អ្នក​ក៏​នឹង​ស៊ី​ប្រេង​តិច​ជាង​មុន​ដែរ។

នៅ​មាន​ផ្នែក​សំខាន់​ៗ​ និង​ឧបករណ៍​រថយន្ត​ ១៥ ទៀត​ដែល Sabay នឹង​នាំ​មក​ជូន​លោក​អ្នក​នៅ​ពេល​ក្រោយ។ អញ្ចឹង​ហើយ​សូម​តាម​ដាន​ជាមួយ Sabay ទាំង​អស់​គ្នា។

ចុច​អាន៖

ប្រភព៖ drivinglife   ប្រែ​សម្រួល៖ ផាត សុវត្ថិ