មិន​ឲ្យ​ចាញ់​គេ​ទេ Land Rover ហក់​ចូល​ក្នុង​ទី​ផ្សារ​រថយន្ត​អគ្គិសនី​ដែរ​ហើយ!

  • 2018-03-26 10:13:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​គ្រាន់​តែ​ឮ​ពី​ឈ្មោះ​ Range Rover ភ្លាម​មនុស្ស​សឹង​គ្រប់​គ្នា​នឹង​គិត​ទៅ​ដល់​រថយន្ត​ប្រភេទ SUV​ដ៏​ប្រណិត​របស់​ក្រុមហ៊ុន​អង់គ្លេស​ជាក់​ជា​មិន​ខាន។ ជា​ការ​អភិវឌ្ឍ​បន្ថែម​ទៅ​លើ​រថយន្ត Hybrid ​របស់​ខ្លួន នៅ​ក្នុង​ឆ្នាំ​ 2018 នេះ Range Rover បាន​បញ្ចេញ​រថយន្ត​ម៉ូដែល P400e ដែល​ជា​សែស្រឡាយ​ដំបូង​បំផុត​នៃ EV (Electronic Vehicle) របស់​ខ្លួន។

P400e បាន​បំពាក់​ដោយ​ម៉ាស៊ីន​ទំហំ 2.0 លីត្រ មាន​ស៊ីឡាំង 4 ប្រភេទ​សាំង និង​ម៉ូទ័រ​អាគុយ​ដែល​មាន​កម្លាំង​ 85kW ប្រភេទ Plug-in។ តាម​ប្រភព​​បាន​អះអាង​ថា រថយន្ត​នេះ​អាច​រត់​ដោយ​ថាមពល​អគ្គិសនី​សុទ្ធ​តែ​ម្ដង (EV-Only) រហូត​ដល់​ទៅ 51 គីឡូម៉ែត្រ​ឯណោះ ក្នុង​ល្បឿន​រហូត​ដល់​ជាង​ 136 Kmh (85 mph)។ តែ​​ប្រសិន​បើ​ចង់​បង្កើន​ល្បឿន​ឲ្យ​រឺត​តែ​ទាន់​ចិត្ត​ P400e នឹង​ប្ដូរ​ទៅ​ប្រើ​ម៉ាស៊ីន​សាំង​ដោយ​ស្វ័យប្រវត្តិ​តែ​ម្ដង​នៅ​ពេល​ដែល​ជាន់​ហ្គែរ​ខ្លាំង។

ក្រៅ​ពី​ការ​ផ្លាស់​ប្ដូរ​ផ្នែក​គ្រឿង​ម៉ាស៊ីន​ហើយ​នោះ​ Range Rover P400e ក៏​មាន​ការ​រចនា​ចង្កៀង​មុខ​ និង​ក្រោយ​យ៉ាង​ថ្មី​ស្រឡាង បូក​រួម​នឹង​កៅអី​បី​ជួរ អេក្រង់​ Touch Screen ទំហំ 10”​ មួយ​គូ និង​ការ​បន្ថែម​កម្រាស់​កញ្ចក់​ដើម្បី​បន្ថយ​សំឡេង​រំខាន​ពី​ខាង​ក្រៅ​ផង​ដែរ។

សូម​បញ្ជាក់​ថា​រថយន្ត​ប្រភេទ​អគ្គិសនី​​ (EV) មិន​មែន​ជា​រឿង​ថ្មី​ឡើយ​ តែ​ចំ​ពោះ​ក្រុមហ៊ុន​ដែល​តែង​តែ​បញ្ចេញ​ផលិតផល​ប្រើ​ប្រេង​ម៉ាស៊ូត​ដូចជា Range Rover ហើយ​ចូល​រួម​មក​គាំទ្រ​ EV វិញ​នោះ ជា​សញ្ញាណ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បរិស្ថាន​ ដែល​សព្វ​ថ្ងៃ​នេះ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​របស់​មនុស្ស​ជាតិ។

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ផាត សុវត្ថិ