ទើប​ដឹង! បុគ្គល​ល្បីៗ​ក្នុង​បាល់ទាត់​ទាំង​នេះ​ធ្លាប់​លេង​ក្នុង​ក្រុម​តែ​មួយ

  • 2018-04-17 11:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​គឺ​ជា​ឈ្មោះ​បណ្ដា​បុគ្គល​ល្បីៗ​ក្នុង​បាល់ទាត់ ដែល​លោក​អ្នក​ប្រហែល​មិន​ធ្លាប់​ដឹង​ថា ពួក​គេ​ធ្លាប់​លេង​ក្នុង​ក្រុម​តែ​មួយ​មាន​ដូច​ត​ទៅ៖

១.ខ្សែ​ស្លាប Riyad Mahrez និង ខ្សែ​ការពារ Benjamin Mendy៖ ពួក​គេ​ទាំង​ពីរ​ធ្លាប់​ជា​មិត្ត​រួម​ក្រុម​នឹង​គ្នា​ នៅ​ក្លឹប​ Le Havre។ Mahrez លេង​ឲ្យ​ក្លឹប​បារាំង​ជា​ផ្លូវ​ការ​ពី​ឆ្នាំ ២០១១-២០១៤ ខណៈ​ខ្សែ​ការពារ​ស្លាប​ Mendy លេង​ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៣។ បច្ចុប្បន្ន​ពួក​គេ​លេង​នៅ​អង់គ្លេស​ទាំង​ពីរ មួយ​នៅ Leicester City ហើយ​មួយ​ទៀត​នៅ Manchester City។

២.អ្នក​ចាត់​ការ Mauricio Pochettino និង អតីត​កីឡាករ​ Ronaldinho៖ ពូក​គេ​ធ្លាប់​លេង​ជាមួយ​គ្នា​នៅ​ក្លឹប​ PSG ពី​ឆ្នាំ ២០០១ ដល់​ ២០០៣។ នៅ​ឆ្នាំ ២០០៣ អតីត​ខ្សែ​ការពារ Pochettino បាន​ចាក​ចេញ​ទៅ​លេង​នៅ​ក្លឹប​បារាំង Bordeaux ចំណែក​ឯ Ronaldinho ទៅ​ចូល​រួម​ជាមួយ Barcelona នៅ​អេស្ប៉ាញ។ Pochettinho បាន​ចាប់​ផ្ដើម​អាជីព​ជា​អ្នក​ចាត់​ការ ពី​ឆ្នាំ ២០០៩ ហើយ​បច្ចុប្បន្ន​កំពុង​ដឹកនាំ​ក្លឹប Tottenham Hotspurខណៈ​ វីរបុរស​បាល់ទាត់ Ronaldinho ទើប​ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់​កាល​ពី​ដើម​ឆ្នាំ​នេះ។

៣.ខ្សែ​ប្រយុទ្ធ Eden Hazard និង Pierre-Emerick Aubameyang៖ កីឡាករ​ទាំង​ពីរ​ធ្លាប់​ជា​មិត្ត​រួម​ក្រុម​គ្នា កាល​នៅ​លេង​ឲ្យ​ក្លឹប​ Lille។ កីឡាករ​បែលហ្សិក Hazard លេង​ឲ្យ​ក្លឹប​បារាំង​ពី​ឆ្នាំ ២០០៧ រហូត​ដល់​ឆ្នាំ ២០១២ មុន​ចាក​ចេញ​មក​ Chelsea។ ខ្សែ​ប្រយុទ្ធ Aubameyang វិញ លេង​នៅ​ទី​នោះ ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​ពី AC Milan នៅ​រដូវ​កាល ២០០៩/១០។ ដូច Mahrez និង Mendy ដែរ ឥឡូវ​ពួក​គេ​ទាំង​ពីរ​សុទ្ធ​តែ​លេង​នៅ​ក្នុង​​លីគ​កំពូល​អង់គ្លេស​ដូច​គ្នា មួយ​នៅ Arsenal មួយ​ទៀត​នៅ Chelsea។

៤.អ្នក​ចាត់​ការ Diego Simeone និង​ខ្សែ​ប្រយុទ្ធ Fernando Torres៖ Simeone និង Torres ធ្លាប់​លេង​ជាមួយ​គ្នា​ក្នុង​នាម​ជា​មិត្ត​រួម​ក្រុម​ នៅ​ Atletico Madrid។ អតីត​ខ្សែ​បម្រើ​ការពារ Simeone លេង​ឲ្យ​ក្លឹប​អេស្ប៉ាញ​ពី ២០០៣-២០០៥ ខណៈ Torres ពី​ឆ្នាំ ២០០១-២០០៧។ ក្រោយ​មក Torres បាន​ដូរ​ទៅ​លេង​នៅ​អង់គ្លេស និង​អ៊ីតាលី ហើយ​ត្រលប់​មក​ក្លឹប​ចាស់​វិញ​នៅ​ឆ្នាំ ២០១៥ ខណៈ​លោក Simeone បាន​ចាប់​អាជីព​ជា​អ្នក​ចាត់​ការ​នៅ​ឆ្នាំ ២០០៦ ហើយ​បាន​ដឹកនាំ​ Atletico ពី​ឆ្នាំ ២០១១​មក។

៥.Dani Alves និង Sergio Ramos៖ កីឡាករ​ទាំង​ពីរ​ធ្លាប់​លេង​ជាមួយ​គ្នា​នៅ​ Sevilla នៅ​រដូវ​កាល ២០០៤/០៥។ នៅ​ឆ្នាំ ២០០៥ Ramos បាន​ចេញ​ទៅ Real Madrid រីឯ Alves បន្ត​លេងឲ្យ​ក្លឹប​រហូត​ដល់​ឆ្នាំ ២០០៨ មុន​ផ្ទេរ​មកលេងឲ្យ Barcelona រហូតដល់ឆ្នាំ ២០១៦។ បច្ចុប្បន្ន ខ្សែការពារ Ramos នៅតែបន្តលេងឲ្យ​ក្លឹបអធិរាជពណ៌សនៅអេស្ប៉ាញ ខណៈកីឡាករប្រេស៊ីល Alves លេងឲ្យ PSG ក្រោយលេងបានមួយរដូវកាលឲ្យ Juventus បន្ទាប់​ពីចេញពី Barca។

៦.Mesut Ozil និង Ivan Rakitic៖ កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់ និង​ខ្សែ​បម្រើ​សញ្ជាតិ​ក្រូអាត​ធ្លាប់​ជា​មិត្ត​រួម​ក្រុម​គ្នា កាល​លេង​ឲ្យ​ក្លឹប​អាល្លឺម៉ង់ Schalke រដូវ​កាល ២០០៧/០៨។ នៅឆ្នាំ ២០០៨ Ozil បានចាកចេញ​ពី​ក្លឹបទៅចូល​រួម Werder Bremen មុនដូរ​ទៅ Real Madrid ២​ ឆ្នាំបន្ទាប់។ Rakitic វិញ នៅ​លេងឲ្យ Schalke ដល់ឆ្នាំ ២០១១ មុន​មក Sevilla។ បច្ចុប្បន្ន ខ្សែ​បម្រើប្រយុទ្ធ Ozil លេងនៅ Arsenal ខណៈ ខ្សែ​បម្រើ​ក្រូអាត Rakitic លេងឲ្យ Barcelona៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី