Ronaldo ប៉េចុងម៉ោងទម្លាក់ Juventus ដែលខំវាយបកបាន៣គ្រាប់

  • 2018-04-11 23:51:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បានចាញ់ Juventus ១ ទល់នឹង ៣ ក្នុងការប្រកួត Champions League ជើងទីពីរ។

កាលពីជើងទីមួយក្រុមយក្សរបស់អេស្ប៉ាញបានផ្ដួល Juventus ៣ - ០ នៅទឹកដីអ៊ីតាលីហើយយប់មិញនេះពួកគេរបូត៣គ្រាប់វិញ សឹងធ្វើឲ្យការប្រកួតឈានដល់វគ្គថែមម៉ោងទៅហើយ Real សងបាន១គ្រាប់វិញនៅចុងម៉ោង។

ជំនួបនៅកីឡដ្ឋាន Santiago Bernabeu លេងបានតែ២នាទី Mandzukic បានតែតឲ្យ ភ្ញៀវនាំមុខ១គ្រាប់មុនពេលខ្សែប្រយុទ្ធក្រូអាតរូបនេះតែតថែមបាន១គ្រាប់ទៀតនៅនាទី៣៧។ ចូលវគ្គទីពីរ Keylor Navas បានចាប់បាល់របូតឲ្យ Matuidi ទាត់គ្រាប់ទី៣របស់ Juventus ធ្វើឲ្យក្រុមទាំងពីរមានលទ្ធផលស្មើគ្នា បើគិតទាំងពីរជើង។

យ៉ាងណានៅម៉ោងបន្ថែម ៩០+២ អាជ្ញាកណ្ដាលបានពិន័យបាល់ប៉េណាល់ទីដោយចោទ Benatia បានធ្វើឲ្យកីឡាករ Vázquez របស់ Real ដួល ហើយអ្នកចាំទី Gianluigi Buffon ដែលស្ទុះទៅតវ៉ាក៏ត្រូវពិន័យកាតក្រហមថែមទៀត។ បាល់ប៉េណាល់ទីស៊ុតបានសម្រេចដោយ Cristiano Ronaldo៕

អត្ថបទ៖ វីរ័ត្ន