Buffon ​ហៅ​អាជ្ញាកណ្ដាល ​ជា​ឃាតក ​មនុស្ស​គ្មាន​បេះដូង ​សម្លាប់​ Juventus ​ទាំង​រស់

  • 2018-04-12 01:48:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gianluigi Buffon ​អ្នក​ចាំ​ទី​ក្រុម Juventus ​បាន​ចាត់​ទុក​អាជ្ញាកណ្ដាល Michael Oliver ​ថា​ជា​មនុស្ស​អត់​បេះ​ដូង ​ជា​ឃាតក​សម្លាប់​ក្ដៅ​ស្រមៃ​របស់​ក្រុម​សេះ​បង្កង់​ទាំង​រស់។

ត្បិត​តែ​ចាញ់ ៣-០ ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ​មែន ប៉ុន្តែ​នៅ​ជើង​ទី​២​យប់មិញ​នេះ ​ក្រុម Juventus ​លេង​បាន​យ៉ាង​ល្អ ​ធ្វើ​ឱ្យ​ក្រុម Real Madrid ​ដែល​បាត់​បង់​ខ្សែ​ការពារ​សំខាន់ Ramos ​ផង​នោះ ​ពិបាក​ទប់​មែនទែន។ ការ​ព្យាយាម​របស់​ក្រុម​លេខ​១​នៅ​អ៊ីតាលី​ពិត​ជា​មិន​អត់​ប្រយោជន៍​មែន ពោល​គឺ​ពួកគេ​អាច​វាយ​បក​យក​បាន​៣​គ្រាប់​វិញ ​មុន​ពេល Cristiano Ronaldo ​ប៉េណាល់ទី​សម្លាប់​ក្ដី​ស្រមៃ​របស់ Juventus ​វិញ ​នៅ​នាទី​៩០+។ ​មួយ​គ្រាប់​ចុង​ម៉ោង​ដែល​ឱ្យ​ដោយ​​អាជ្ញាកណ្ដាល​ Oliver ​នេះ ​​បាន​ធ្វើ​ឱ្យ Buffon ​ខឹង​យ៉ាង​ខ្លាំង​រហូត​ត​វ៉ា​បាន​កាត​ក្រហម​ត្រូវ​បណ្ដេញ​ចេញ​ពី​ទីលាន​ផង​ដែរ។

ក្រោយ​ពី​ចប់​ការ​ប្រកួត​នោះ​ទៅ ​អ្នក​ចាំ​ទី​ចាស់​វស្សា​បាន​បញ្ជាក់​ថា​រឿង​អាជ្ញាកណ្ដាល​នេះ​ថា​៖ “គេ​ជា​ឃាតក​សម្លាប់​ក្ដី​ស្រមៃ​របស់ Juventus ។ គេ​គ្មាន​បេះ​ដូង​ទេ ​មាន​​តែ​ធុង​សំរាមក្នុង​ដើម​ទ្រូង​របស់​គេ។ គាត់​គួរ​តែ​សម្រាក​នៅ​ផ្ទះ ​អង្គុយ​មើល​ទូរទស្សន៍​វិញ​ល្អ​ជាង”។

នេះ​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់ Buffon ​នៅ Champions League ​ហើយ ​ដោយ​សាមី​បាន​បញ្ជាក់​ដូច្នេះ​តាំង​ពី​បើក​រដូវ​កាល​មក​ម្ល៉េះ។ ខណៈ​ដែល​បុរស​វ័យ​៤០​ឆ្នាំ​រូប​នេះ ​មាន​ក្ដី​ស្រមៃ​តាំង​ពី​ដើម​មក​ថា​ចង់​លើក​ពាន UCL ​ឱ្យ​បាន​ម្ដង​មុន​ចូល​និវត្តន៍៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ