មនុស្ស​ចិត្ត​ល្អ​ខ្លាំង​ពេក ​​ច្រើន​​​ជួប​រឿង ៦ យ៉ាង​នេះ

  • 2018-04-12 06:43:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ចិត្ត​ល្អ​អ្នក​ណា​ក៏​ចូល​ចិត្ត អ្នក​ណា​ក៏​ចង់​រាប់​អាន​ដែរ ប៉ុន្តែ​កុំ​ភ្លេច​ថា​បើ​អ្នក​ចិត្ត​ល្អ​លើស​ពី​ធម្មតា​ខ្លាំង​ពេក គុណវិបត្តិ​នឹង​អាច​កើត​មាន​ដូច​គ្នា​ទាំង​មក​លើ​អ្នក​នៅ​ជុំវិញ​ខ្លួន​ និង​​មក​លើ​ខ្លួន​អ្នក​ផ្ទាល់។ ខាង​ក្រោម​នេះ​វេបសាយ កញ្ញា នឹង​បង្ហាញ​ជូន​ពី​គុណ​វិបត្តិ​ចំនួន ៦​យ៉ាង​របស់​អ្នក​ដែល​មាន​ចិត្ត​ល្អ​ខ្លាំង​ពេក៖

១. ត្រូវ​ខូច​ចិត្ត ពេល​យើង​លែង​មាន​ផល​ប្រយោជន៍​សម្រាប់​គេ

មនុស្ស​ប្រភេទ​មួយ​ចំនួន​រមែង​ចូលចិត្ត​ចូល​មក​ក្នុង​ជីវិត​របស់​យើង ដោយ​រំពឹង​រក​ផល​ប្រយោជន៍​ពី​​​មនុស្ស​ចិត្ត​ល្អ។ ប៉ុន្តែ​ជា​ញឹកញាប់​មនុស្ស​ចិត្ត​ល្អ​អាច​នឹង​ត្រូវ​ក្លាយ​ជា​មនុស្ស​អាក្រក់​វិញ​ ព្រោះ​តែ​ត្រូវ​គេ​មើល​រំលង នៅ​ពេល​លែង​មាន​ផល​ប្រយោជន៍​ចំពោះ​គេ។

២. ក្លាយ​ជា​អ្នក​ដោះស្រាយ​បញ្ហា​​ឲ្យ​គេ​ ទាំង​ខ្លួន​មិន​ពាក់ព័ន្ធ​អី​សោះ

នៅ​ពេល​ខ្លះ​​ ការ​ចិត្ត​ល្អ​ជ្រុល​ក៏​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​អ្នក​ដែល​អង្គុយ​ចាំ​ដោះស្រាយ​បញ្ហា​ឲ្យ​អ្នក​ដទៃ ទាំង​ខ្លួន​​ឯង​គ្មាន​ចំណែក​ពាក់ព័ន្ធ​ក្នុង​រឿង​សោះ។ លើស​ពី​នេះ​វា​ក៏​ជា​មូលហេតុ​មួយ​ដែល​អាច​បង្ក​សម្ពាធ​ផ្លូវ​ចិត្ត​ឲ្យ​ខ្លួន​ឯង​ទទេៗ។

៣. ភ័យ​ខ្លាច​អ្នក​ដទៃ​មិន​ពេញ​ចិត្ត

ចិត្ត​ល្អ​ពេក អាច​ជា​រឿង​ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​កើត​ចិត្ត​ខ្លាច​ក្រែង​ថា អ្នក​ដទៃ​ប្រាកដ​ជា​មាន​អារម្មណ៍​មិន​ពេញ​ចិត្ត បើ​ខ្លួន​មិន​បាន​ផ្ដល់​ការ​ជួយ​ឲ្យ​ពួក​គេ​បាន​ល្អ​គ្រប់គ្រាន់ ដែល​ការ​គិត​នេះ​នឹង​អាច​ត្រលប់​មក​ធ្វើ​បាប​ខ្លួន​ឯង​យ៉ាង​ងាយ ព្រោះ​ក្រៅ​ពី​ត្រូវ​ជួយ​ដោះស្រាយ​បញ្ហា​ឲ្យ​អ្នក​ដទៃ​ហើយ ក៏​ត្រូវ​ចាំ​មើល​យ៉ាង​ប្រយ័ត្ន​ប្រយែង​ថា អ្នក​ដទៃ​ពេញ​ចិត្ត ឬ​មិន​ពេញ​ចិត្ត​ទៀត។

៤. យក​ទង្វើ​របស់​អ្នក​ដទៃ​មក​​គិត​ច្រើន

ចំណុច​មិន​ល្អ​របស់​មនុស្ស​ចិត្ត​ល្អ​ពេក​គឺ​រមែង​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ចូល​ចិត្ត​យក​ពាក្យ​សម្ដី​អ្នក​ដទៃ​ រួម​នឹង​​ទង្វើ​របស់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យក​មក​គិត​ច្រើន​រហូត​ក្លាយ​ជា​ទុក្ខ​ខ្លួន​ឯង ដោយ​សារ​​មាន​ធម្មជាតិ​ខ្វាយខ្វល់​ពី​អារម្មណ៍​អ្នក​ដទៃ​ច្រើន។

៥. បារម្ភ​តែ​ការ​លំបាក​របស់​អ្នក​ដទៃ

បុគ្គល​ប្រភេទ​នេះ រមែង​ជា​មនុស្ស​ដែល​មិន​អាច​ទ្រាំ​មើល​ការ​លំបាក​ដែល​កើត​ឡើង​ចំពោះ​អ្នក​ដទៃ​បាន និង​ចង់​តែ​ហុច​ដៃ​ជួយ។ អ្នក​ចិត្ត​ល្អ​​មួយ​ចំនួន ចូលចិត្ត​មើល​ឃើញ​ការ​លំបាក​របស់​អ្នក​ឆ្ងាយ​ ច្រើន​ជាង​​​អារម្មណ៍​អ្នក​នៅ​ជិត​ខ្លួន រហូត​ក្លាយ​ជា​ភ្លេច​ខ្លួន​ឯង និង​គ្រួសារ​ទៅវិញ។

៦. ក្លាយ​ជា​មនុស្ស​អាក្រក់ ដោយ​សារ​ការ​ប្រព្រឹត្ត​ខុស​តែ​មួយ​ដង

ធម្មតា​ឲ្យ​​តែ​គេ​មក​ពឹង​គឺ​មិន​ដែល​បដិសេធ​ទេ ប៉ុន្តែ​ពេល​ខ្លះ​គ្រាន់​តែ​បដិសេធ​គេ​ម្ដង គេ​និយាយ​ថា​យើង​ជា​មនុស្ស​អាក្រក់​ភ្លាម។ នេះ​ជា​បញ្ហា​ដែល​អ្នក​ពូកែ​ជួយ​​គេ​ធ្លាប់​ជួប​ប្រទះ​ច្រើន ជា​ពិសេស​ជាមួយ​មនុស្ស​រមិល​គុណ មិន​សូវ​មើល​ឃើញ​គុណ​សម្បត្តិ តែ​ឆាប់​មើល​ឃើញ​គុណវិបត្តិ​របស់​អ្នក​ដទៃ។

មនុស្ស​រស់​នៅ​ក្នុង​សង្គម​ត្រូវ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ក៏​ប៉ុន្តែ​​ត្រូវ​ច្បាស់​ថា​​ការ​ធ្វើ​ល្អ​របស់យើង​នឹង​មិន​​នាំ​មក​នូវ​ភាព​ក្ដៅ​ក្រហាយ​ដល់​ខ្លួន​ឯង ឬ​អ្នក​​ជុំវិញ​ខ្លួន​តាម​ក្រោយ​នោះ​ទេ ពុំ​ដូច្នោះ​ទេ​បុណ្យ​ដែល​យើង​ធ្វើ​វា​នឹង​អាច​ក្លាយ​ទៅ​ជា​បាប​ ៕

ចុចអាន៖

ប្រភព៖ Kanha   ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទថ្មី