អស្ចារ្យមែន! បច្ចេកវិទ្យាចំណាំផ្ទៃមុខរបស់ចិន អាចចាប់ជនល្មើសក្នុងហ្វូងមនុស្ស ៥ ម៉ឺននាក់
- 2018-04-16 01:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យមែន! បច្ចេកវិទ្យាចំណាំផ្ទៃមុខរបស់ចិន អាចចាប់ជនល្មើសក្នុងហ្វូងមនុស្ស ៥ ម៉ឺននាក់
ចន្លោះមិនឃើញ
បុរសសញ្ជាតិចិនមួយរូប ដែលត្រូវសមត្ថកិច្ចតាមចាប់ទាក់ទងនឹងបទឧក្រិដ្ឋផ្នែកហិរញ្ញវត្ថុ ត្រូវបានគេចាប់ខ្លួនបាននៅក្នុងកម្មវិធីប្រគំតន្ត្រីនៅប្រទេសចិន ក្រោយពីបច្ចេកវិទ្យាចំណាំផ្ទៃមុខអាចចាប់ផ្ទៃមុខបុរសរូបនេះក្នុងហ្វូងមហាជនបាន។
បុរសជាជនល្មើសបានចូលរួមកម្មវិធីប្រគំតន្ត្រីរបស់តារាចម្រៀងហុងកុងឈ្មោះ Jacky Cheung នៅក្នុងខេត្តជាំងស៊ី ជាពេលដែលកាមេរ៉ាចាប់មុខរបស់គេបាន។ ផ្អែកតាមសារព័ត៌មាន South Morning China Post បានឲ្យដឹងថាបុរសរូបនេះត្រូវបានគេស្គាល់ថាមានត្រកូល Ao ហើយរូបគេភ្ញាក់ផ្អើលជាខ្លាំង ពេលឃើញប៉ូលិសដើរសំដៅទៅ។
លោក Ao បានជិះមកពីឆ្ងាយចម្ងាយផ្លូវ ៩០ គីឡូម៉ែត្រ ជាមួយភរិយាដើម្បីចូលរួមក្នុងកម្មវិធីប្រគំតន្ត្រីនេះ ហើយលោកបានប្រាប់សមត្ថកិច្ចថាមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងហ្វូងដែលមានប្រមាណ ៥០ ០០០ នាក់ ដោយជឿថាសមត្ថកិច្ចនឹងមិនអាចចាប់រូបលោកបាននោះទេ។
នេះមិនមែនជាលើកទីមួយទេ ដែលបច្ចេកវិទ្យាចំណាំផ្ទៃមុខរបស់ចិន អាចចាប់បានជនល្មើសនៅកម្មវិធីសាធារណៈបែបនេះ។ កាលពីឆ្នាំមុន មានជនល្មើស ២៥ នាក់ ត្រូវគេចាប់បាននៅកម្មវិធីស្រាបៀ ដោយសារកាមេរ៉ាដែលដាក់នៅច្រកទ្វារចូល។
សមត្ថកិច្ចនៅទីក្រុង Zhengzhou ក៏កំពុងតែសាកល្បងប្រើវ៉ែនតាដែលមានបច្ចេកវិទ្យាចំណាំផ្ទៃមុខនៅស្ថានីយរថភ្លើងមួយចំនួន ហើយពួកគេបាននិយាយថាបច្ចេកវិទ្យានេះបានជួយចាប់ជនល្មើសជាប់ពាក់ព័ន្ធនឹងរឿងក្ដីធំៗចំនួន ៧ នាក់ និង អ្នកដំណើរដែលប្រើអត្តសញ្ញាណបាន ២៦ នាក់ផងដែរ៕