ចំណុចត្រូវដឹងបើមិនចង់ឲ្យឆ្លងជំងឺ នៅពេលឲ្យត្រីម៉ាស្សាបាតជើង

  • 2018-04-16 05:22:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​មាន​បំណង​ចង់​ឲ្យ​ត្រី​ម៉ាស្សា​បាតជើង អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ពីគ្រោះថ្នាក់​សុខភាព ត្រូវ​ប្រាកដ​ថាជើង​របស់​អ្នក​គ្មានដំបៅ ឬ ពងបែក ដែលពពួកអតិសុខុមប្រាណ ងាយនឹងជ្រៀបចូល ហើយ​បង្កជាបាក់តេ​រីនៅក្នុង​ខ្លួនមនុស្ស​។ នេះបើតាម Channel News Asia ទើប​បាន​ចុះ​ផ្សាយ​។

“ប្រសិនបើត្រីផ្ទុកបាក់តេរី នោះវានឹងមានហានិភ័យ នៅពេលកូនត្រីទាំងនោះមកបិចបាតជើងដំបៅរបស់អ្នក បាក់តេរីនឹងត្រូវបានបញ្ជូនតាមរយៈស្បែក។ ឱកាសចម្លងរោគក៏អាចកើតឡើងបានដូចគ្នាដែរ ប្រសិន​បើ​ត្រី​មាន​ដំបៅ​” នេះបើតាមវេជ្ជបណ្ឌិត Nisha Suyien Chandran ប្រធានការិយាល័យ នៃជម្ងឺសើស្បែក នៅ​សាកលវិទ្យាល័យ​ជាតិសុខាភិបាលរបស់ប្រទេសសឹង្ហបុរី ដកស្រង់ដោយ តាម Channel News Asia។

តើអាចមានហានិភ័យផ្សេងទៀតឬអត់ក្រៅពីជម្ងឺខាងលើ?

នៅក្នុងអត្ថបទកាសែត Daily Mail ដែលបានចេញផ្សាយក្នុងឆ្នាំ ២០១១ អ្នកជំនាញ​ផ្នែក​សុខភាព​របស់​ចក្រភព​អង់គ្លេស​បាន​ព្រមាន​ថា​គ្រោះថ្នាក់នៃការឆ្លងមេរោគរលាកថ្លើម និង​មេរោគអេដស៍​បើ​ទោះ​ជា​ភាគរយ​នៃ​ការ​ឆ្លង​មាន​កម្រិតទាបក្តី ប៉ុន្តែលទ្ធភាពនៃការឆ្លងនៅតែមាន។ ប្រភពខាងលើបន្ត។ 

“ប្រសិនបើអតិថិជនម្នាក់ផ្ទុកមេរោគអេដស៍ ហើយត្រាំជើងដំបៅរបស់គេនៅក្នុងទឹក បន្ទាប់​មក​អតិថិជន​ម្នាក់​ទៀត​ដែល​មាន​របួស​ទៅបន្ទាប់ ជាទ្រឹស្តី គេក៏អាចឆ្លងរោគបានដែរ។ យ៉ាងណាក្តី ការឆ្លងនៅមានកម្រិតទាប”។ វេជ្ជបណ្ឌិត Chandran បន្ថែម។ 

ការ​ស្ប៉ា​ដោយត្រី ត្រូវបានហាមឃាត់តាមបណ្តារដ្ឋមួយចំនួននៅ សហរដ្ឋអាមេរិករួមមាន៖ រដ្ឋផ្លរីដា រដ្ឋតិចសាស់ ញូហាំស៊ៀ និង វ៉ាស៊ីនតោន។ មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (The Centers for Disease Control and Prevention ឬ ហៅកាត់ថា CDC) របស់សហរដ្ឋអាមេរិច យល់ស្របថាត្រីស្ប៉ា នៅ​ពេល​ដែល​អតិថិជន​ប្រើ​​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត គឺគ្មានសុវត្ថិភាពឡើយ។ ប្រភពខាងលើបានបន្ថែម៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ សុខ លាងហ៊ត