ឧបករណ៍​កំពូល​ទំហំ​​នៅ​ខេត្ត​ទាំង​៥ ធ្វើ​ឲ្យ​ពិធី​ចូល​ឆ្នាំ​ថ្មី​​កាន់​តែ​ពិសេស​មិន​ធម្មតា​

  • 2018-04-17 01:59:20
  • ចំនួនមតិ

ចន្លោះមិនឃើញ

ដើម្បី​ទទួល​បុត្រី​ពៅ​នៃ​កបិល​មហាព្រហ្ម ព្រះ​នាង​ម​ហោធរៈ​ទេវី ដែល​យាង​ចុះ​មក​គ្រប់គ្រង​ដែនដី​នា​ឆ្នាំ​ថ្មី​នេះ តាម​បណ្ដា​ខេត្ត​នានា​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​រៀប​រណ្ដាប់​ និង​កម្មវិធី​ផ្សេងៗ​យ៉ាង​សកម្ម។ អ្វី​ដែល​ប្លែក​នោះ​គឺ​ មាន​ខេត្ត​ចំនួន​៥ ដែល​​​​មាន​តាំង​សុទ្ធ​​គ្រឿង​ឧបករណ៍​ខ្នាត​យក្ស​​ដើម្បី​ថ្វាយ​ និង​ទទួល​ទេវតា​តែ​ម្ដង។​​​​​​

១ ព្រៃវែង​៖ ឧបករណ៍​នេសាទ​ ​ផ្កា​រំដួល​ និង​កណ្ដៀវ​យក្ស

ជា​លើក​ទី​មួយ​ដែល​ព្រៃ​វែង​បាន​ធ្វើ​កម្មវិធី​មហាសង្ក្រាន្ត​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ហើយ​មាន​ឧបករណ៍យក្ស​ចំនួន​៣​គឺ អង្រុត ឈ្នាង និង​ទ្រូ កណ្ដៀវ រួម​ជា​មួយ​​ផ្ការំដួល​​យ៉ាង​ស្រស់​ស្អាត។ ​​​

២ កំពង់​ស្ពឺ៖ ត្នោត​យក្ស

ខេត្ត​នេះ​បានរចនា​ផ្លែ​ត្នោត​យក្ស​ធំ​បំផុត​មិន​ធ្លាប់​មាន មាន​កម្ពស់​រហូត​ជា​២​ម៉ែត្រ​កន្លះ​ឯណោះ។

៣ បាត់​ដំបង​៖ ម្នាស់​យក្ស

ខេត្ត​បាត់ដំបង​បាន​ដាក់​តាំង​ផ្លែម្នាស់​ដ៏ធំ​ កម្ពស់៥​ម៉ែត្រ​ ​ដោយ​យក​ផ្លែម្នាស់​ចំនួន​ ៥ ០០០ផ្លែ​ ​មកផ្គុំ​ចូលគ្នា​ ​និង​ផ្លែពោត​កម្ពស់ ៥ម៉ែត្រ ដែល​យកផ្លែ​ពោតចំនួន​ ១០ ០០០ផ្លែ ​មកផ្គុំ​ចូលគ្នា​ផងដែរ​។

៤ កំពង់​ធំ៖ ដឹង​ ឬ​ពូថៅយក្ស

"ដឹង​យក្ស" ប្រវែង​ជាង​៨ម៉ែត្រ បាន​​ដាក់​តាំង​ឲ្យ​ប្រជា​ពលរដ្ឋ ក៏​ដូចជា​អ្នក​ទេសចរ​គ្រប់​រូប នៅ​តំបន់​"សំបូរ​ព្រៃ​គុក" នៅ​ខេត្ត​កំពង់ធំ។

“​ដឹង​” គឺជា​ឧបករណ៍​បុរាណ​របស់​ជនជាតិ​ដើម​ភាគតិច​គួយ ដែល​ប្រើប្រាស់​សម្រាប់​ចាំងឈើ និង​កាប់​ឈើ​។ ឧបករណ៍​ប្រភេទ​នេះ កូន​ខ្មែរ​ជំនាន់​ក្រោយ​មួយ​ចំនួន មិនបាន​ស្គាល់​នោះ​ទេ ហើយ​ការ​ដាក់​តាំង​បង្ហាញ​នេះ គឺ​ដើម្បី​បង្ហាញ​ពី​អត្តសញ្ញាណ និង​រក្សា​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច។​

៥ សៀមរាប៖ ខ្មុក​ហនុមាន​យក្ស​

ហនុមាន​យក្ស គឺ​ជា​អ្វី​ដែល​ថ្មី​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨ ក្នុង​ចំណោម​អ្វី​ដែល​ថ្មីៗ និង​ប្លែកៗ​ជា​ច្រើន​ដទៃ​ទៀត។ មូល​ហេតុ​សំខាន់​ដែល​ជ្រើសរើស​មុខ​ហនុមាន​ធ្វើ​ជា​របស់​យក្ស​ គឺ​ដើម្បី​លើក​ស្ទួយ​ល្ខោន​ខោល ជា​សម្បត្តិ​វប្បធម៌​ដ៏​ថ្លៃថ្លា​របស់​ដូន​តា​ខ្មែរ។ ជា​ពិសេស​​ស្រប​នឹង​ប្រធាន​បទ​ដែល​កំណត់​យក​ឆ្នាំ​នេះ គឺ​៖ «សាទរ​មរតក​ដូនតា»៕


អត្ថបទ៖ សុខណា