មិនបាច់លក់អីធំដុំ គ្រាន់តែមានធុងទឹកកកតូចមួយ នៅមុខអង្គរដូចទៅកើបលុយស្រួលៗ

  • 2018-04-17 01:43:22
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្នុង​ឱកាស​ឈប់​សម្រាក​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ ក៏ដូចជាព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ នៅ​លើក​ទឹក​ដី​អង្គរ​​មាន​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ណែន​ណាន់​តាន់​តាប់ ធ្វើ​ដំណើរ​កម្សាន្ត។ ក្នុង​នោះ​ការ​លក់​ដូរ​របស់​អាជីវករ​ក៏​ដាច់​មិន​ធម្មតា​ដែរ​។ ​ចុះ​ចំណែក​អ្នក​លក់​ទឹក​សុទ្ធ​តាម​ធុង​ទឹក​កក​តូច​ៗ​វិញ ​ក្នុង​មួយ​ថ្ងៃ​អាច​រក​ចំណូល​បាន​ប៉ុន្មាន​ទៅ​?

ទើប​តែ​មក​លក់​ទឹក​សុទ្ធ​ជា​លើក​ដំបូង នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត លោក សុវណ្ណ ច័ន្ទ ដែល​​លក់​រយៈ​ពេល​៤​ថ្ងៃ​មក​ហើយ​នោះ ប្រាប់​ថា ក្នុង​មួយ​ថ្ងៃ​អាច​រក​ប្រាក់​ចំណូល​បាន ដោយ​មិន​ទាន់​ប្រាក់​ចំណេញ ពី​២០ ទៅ​៣០​ម៉ឺន​រៀល។ បើ​ទូទាត់​ថ្លៃ​ដើម​ចេញ អាច​ចំណេញ​បាន​ពី ៤ ទៅ​៥​ម៉ឺន​​រៀល​ដែរ ដោយ​គិត​តែ​ទឹក​សុទ្ធ​តែ​ម្ដង មិន​គិត​ពី​ភេសជ្ជៈ​ផ្សេងៗ​នោះ​ទេ។

មាន​ត្រឹម​ធុង​ទឹក​កក​តូច​មួយ មាន​លក់​ទឹក​សុទ្ធ និង​ភេសជ្ជៈ​បន្តិចបន្តួច អ្នក​ស្រី​លី​ដា ដែល​មក​ដើរលេង និង​ឆ្លៀត​លក់ដូរ​ផង​នោះ ប្រាប់​ថា ក្នុង​មួយ​ថ្ងៃ​អាច​រក​ចំណូល​បាន​ចន្លោះ​ពី​៤០ ទៅ​៥០​ម៉ឺន​រៀល​ឯណោះ។ ក្រៅ​ពី​មាន​លក់​ជា​ភេសជ្ជៈ ទឹក​សុទ្ធ អ្នក​មក​ពី​ត្បូង​ឃ្មុំ​នេះ ក៏​ឆ្លៀត​លក់​ខោអាវ ថែម​ទៀត ហើយ​អាច​រក​ចំណូល​បាន​កប់​ក្ដោង​មិន​ធម្មតា​នោះ​ទេ។ ​ ​

មក​ជួប​ជាមួយ​អ្នក​ស្រី ចន្ធី ដែល​មាន​ធុង​ទឹក​កក​តូច​មួយ​ដាក់​លក់​ទឹក​សុទ្ធ ក្នុង​បរិវេណ​អង្គរ​ដែរ​នោះ អាច​រក​ចំណូល​បាន ពី​១០​ ទៅ​២០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។ អ្នក​មក​ពី​ខេត្ត​ពោធិ៍សាត់​រូប​នេះ ឲ្យ​ដឹង​ថា ចំពោះ​តម្លៃ​វិញ មិន​មាន​ឡើង​ថ្លៃ​នោះ​ទេ គឺ​ដូច​តែ​ថ្ងៃ​ធម្មតា​ដែរ តែ​ដោយ​សារ​ធុង​តូច​ពេក ទើប​រក​ចំណូល​មិន​សូវ​បាន​ច្រើន​ដូច​គេ។

ដោយ​ឡែក​អ្នក​ស្រី ចាន់​ថា មាន​មុខ​របរ​ជា​លក់​ភេសជ្ជៈ តាម​កម្មវិធី​បុណ្យ​នានា​នោះ ប្រាប់​ថា លក់​ដាច់​ខ្លាំង​ជាង​ថ្ងៃ​ធម្មតា ដោយ​អាច​រក​បាន ពី​៣០​ម៉ឺន​ ទៅ​៤០​ម៉ឺនរៀល​ក្នុង​មួយ​ថ្ងៃ៕


អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ