និយាយ​ឌឺ​​ដដែល​ៗ​ពេក ​ជើង​ខ្លាំង​ខ្មែរ​២​រូប ចេញមុខ​ប្រកាស​​ចង់​ប៉ះ Saensatharn

  • 2018-04-18 02:12:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Saensatharn ​តារា Thai Fight ​បាន​ដុត​ភ្លើង​បន្ថែម​ទៀត​ហើយ ​ដោយ​បាន​បង្ហោះ​វីដេអូ​មួយ ​ផ្ញើ​ដល់​អ្នក​គាំទ្រ​ប្រដាល់​កម្ពុជា ​ថា​ចង់​ឱ្យ​រូបគេ​ជួប​ជាមួយ​ជើង​ខ្លាំង​កម្ពុជា​ខ្លាំង​ណាស់​មែន​ទេ។

ក្នុង​វីដេអូ​នោះ​ដែរ ​តារា​ប្រដាល់​ថៃ​រូប​នេះ​មុន​នឹង​និយាយ​​បាន​ហាត់​ទាត់​ប៉ុន្មាន​ជើង ​និង​បោះ​មួយ​កែង ​ហើយ​បែរ​មុខ​មក​និយាយ​ឌឺ​ដង​ដល់​កីឡាករ​ខ្មែរ ​ថា​ចង់​ជួប​គេ​ខ្លាំង​ប៉ុណ្ណា។ ទន្ទឹម​គ្នា​នោះ​ដែរ ​អ្នក​ស្រលាញ់​ក្បាច់​គុន​បុរាណ​ខ្មែរ​ជា​ច្រើន​នាក់​បាន Share ​វីដេអូ​នោះ ​ហើយ Tag ​ឈ្មោះ​អ្នក​ប្រដាល់​ល្បី​ៗ​នៅ​កម្ពុជា​ច្រើន។

ក្នុង​នោះ​ដែរ ​កែវ រំចង់ ​ដែល​បងប្អូន​ស្គាល់​ហើយ​ថា​ជា​អ្នក​ប្រដាល់​មិន​ចេះ​ខ្លាច​នរណា​នោះ ​បាន​និយាយ​ជា​ថ្មី​ស្វាគមន៍​ជា​និច្ច​ចំពោះ​វត្តមាន​កីឡាករ​ថៃ​ខាង​លើ ​ឱ្យ​តែ​រូបគេ​ហាន​វៃ ​កែវ រំចង់ ​មិន​ខ្លាច​នឹង​ទទួល​ព្រម​ប្រកួត​នោះ​ទេ។ ដោយ​នេះ​ជា​ការ​ប្រកាស​ជា​លើក​ទី​២ ​របស់​អ្នក​ប្រដាល់​នៅ​ខេត្ត​បាត់ដំបង​ហើយ ​ថា​ខ្លួន​មិន​ទៅ​ខ្លាច​កីឡាករ Saensatharn ​ឡើយ។

មុន​នេះ​ទៅ​ទៀត ​អ្នក​លេង​កែង ​មក​ពី​ខេត្ត​ព្រៃវែង ​ធឿន ធារ៉ា ​ក៏​បោះ​ពាក្យ​សម្ដី​ដែរ​ថា ​Saensatharn ​មិន​មាន​អ្វី​អស្ចារ្យ​ទេ ​រូបគេ​មិន​ខ្លាច​ឡើយ។ បើ​សិន​ជា​ចង់​ប្រកួត​មែន ​អាច​ដាក់​ពេល​ណា​ក៏​បាន ​ធារ៉ា ​មិន​ញញើត ​មិន​ឱ្យ​គេ​មើល​ងាយ​ខ្មែរ​ជា​ដាច់​ខាត។

អ្នក​ប្រដាល់​ថៃ ដែល​ធ្លាប់​មក​ទឹក​ដី​អង្គរ​បាន​ម្ដង ​និង​ជា​កីឡាករ​ផ្ដួល ឡុង សុវណ្ណឌឿន ​សន្លប់​ទឹក​១ ​ត្រូវ​បាន​អ្នក​គាំទ្រ​កម្ពុជា​ផ្គត់ផ្គង់​ចង់​ឱ្យ​ជួប ធឿន ធារ៉ា ។ ​ខណៈ​ដែល Saensatharn ​ផ្ទាល់ ​និយាយ​ថា​ប៉ះ​ជើង​ខ្លាំង​ខ្មែរ​រូប​ណា​ក៏​បាន ​រូបគេ​ទទួល​បាន​ទាំង​អស់៕

អត្ថបទ៖ មុន្នីរម្យ