ត្រាំ ប្រកាសក្តែងៗ បើពិភាក្សាជាមួយកូរ៉េខាងជើងគ្មានផ្លែផ្កា នឹងដើរចេញភ្លាម!

  • 2018-04-19 01:52:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា ប្រសិន​បើ​គម្រោង​ពិភាក្សា​របស់​ខ្លួន ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន មិន​បាន​ផ្លែផ្កា​អី នោះ​លោក​នឹង​ដើរ​ចេញ​ភ្លាម​តែម្ដង។

នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​រួម​គ្នា​មួយ លោក ត្រាំ និង​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីនហ្សូ អាបេ បាន​និយាយ​ថា ការ​ដាក់​សម្ពាធ​អតិបរមា​ទៅ​លើ​ប្រទេស​កូរ៉េខាងជើង ស្ដី​ពី​ការ​ដក​អាវុធ​នុយក្លេអ៊ែរ​ត្រូវ​តែ​រក្សា។

បច្ចុប្បន្ន​លោក អាបេ កំពុង​ស្ថិត​នៅ​ឯ​រមណីយដ្ឋាន Mar-a-Lago របស់​ប្រធានាធិបតី ត្រាំ ស្ថិត​ក្នុង​រដ្ឋ Florida ដើម្បី​ពិភាក្សា​គ្នា។

នៅ​មុន​នេះ លោក ត្រាំ បាន​បញ្ជាក់​ថា នាយក CIA លោក Mike Pompeo បាន​ធ្វើ​ដំណើរ​សម្ងាត់ ទៅ​កាន់​ប្រទេស​កូរ៉េខាងជើង ដើម្បី​ជួប លោក គីម ជុងអ៊ុន។ ប្រធានាធិបតី​អាមេរិក​ទី ៤៥ ខាងលើ បាន​និយាយ​ថា លោក Mike បាន​បង្កើត​ទំនាក់ទំនង​ល្អ​ជា​មួយ​មេដឹកនាំ​កូរ៉េខាងជើង ហើយ​ការ​ជួបពិភាក្សា​គ្នា​នោះ​បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន។

ក្រៅ​ពី​នេះ ប្រទេស​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ក៏​កំពុង​តែ​រៀបចំ​បញ្ចប់​សង្គ្រាម​ជា​ផ្លូវការ នៅ​ពេល​ដែល​មេដឹកនាំ​ប្រទេស​ទាំង ២ គឺ លោក គីម ជុងអ៊ុន និង​ប្រធានាធិបតី Moon Jae-in ជួប​ប្រជុំ​គ្នា​នៅ​សប្ដាហ៍​ក្រោយ។

យ៉ាងណាមិញ លោក គីម ជុងអ៊ុន ត្រូវ​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅ​ក្នុង​ខែ​ឧសភា ឬ ​មិថុនា ខណៈ​ទីតាំង​ជួប​គ្នា​នៅ​មិន​ទាន់​ត្រូវ​បាន​កំណត់​នៅ​ឡើយ​ទេ៕

ចុច​អាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី