កីឡា​​អាស៊ី​បន្ថយ​មេដាយ​មាស​​ត្រឹម​៤៦២​គ្រឿង​ ខណៈ​ E-Sports ​បង្ហាញ​ខ្លួន​លើក​ដំបូង

  • 2018-04-20 02:56:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​កីឡា​​ធំ​ប្រចាំ​ទ្វីប​អាស៊ី​​ Asian Games នឹង​​ចាប់​ដំណើរ​ការ​ប្រកួត​​ពី​ថ្ងៃ​ទី​១៨​ ខែ​សីហា​ ដល់​ថ្ងៃ​ទី​២​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ខាង​មុខ​នេះ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​ចំនួន​មេដាយ​មាស​ត្រូវ​បាន​កាត់​បន្ថយ​ និង​កីឡា​សម័យ​ទំនើប​ E-Sports ត្រូវ​បាន​ដាក់​ឲ្យ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​​ព្រឹត្តិការណ៍​កីឡា​នេះ។

តាម​សេចក្តី​ប្រកាស​ដំបូង​របស់​​ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ី​កាល​ពី​​​ខែ​មីនា​ ឆ្នាំ​២០១៧​ថា ​ព្រឹត្តិការណ៍​កីឡា​ធំ​ទ្វីប​អាស៊ី​ Asian Games នឹង​មាន​ចំនួន​៤២​ប្រភេទ​កីឡា​ដែល​​មាន​​៤៨៤​វិញ្ញាសា​​ស្មើ​នឹង​មេដាយ​មាស​៤៨៤​គ្រឿង។ យ៉ាង​ណា​ ​កីឡា​មួយ​ចំនួន​ត្រូវ​កាត់​បន្ថយ​​ដោយ​ផ្អែក​ហេតុ​ផល​លើ​​ការ​ចំណាយ។

សេចក្តី​ប្រកាស​ចុង​ក្រោយ​របស់​ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ី​​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៧​បង្ហាញ​ថា ចំនួន​មេដាយ​មាស​​ត្រូវ​បាន​កាត់​បន្ថយ​មក​សល់​ត្រឹម​៤៦២​គ្រឿង​សម្រាប់​ប្រកួត​ប្រជែង​ឆ្នាំ​នេះ។ យ៉ាង​ណា​ ចំនួន​វិញ្ញាសា​នេះ​បាន​ក្លាយ​ជា​ចំនួន​ធំ​បំផុត​លំដាប់​ទី​ពីរ​​ក្នុង​ប្រវត្តិ​សាស្ត្រ​​ព្រឹត្តិការណ៍​កីឡា​នេះ។ វិញ្ញាសា​ច្រើន​បំផុត​ក្នុង​ព្រឹត្តិការណ៍​កីឡា​នេះ​គឺ​​នៅ​ឆ្នាំ​​២០១០​​មាន​រហូត​ដល់​៤៧៦​ពេល​ដែល​ចិន​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​លើក​ទី​២។

សេចក្តី​ប្រកាសផ្លូវ​ការ​ពី​ការ​ដាក់​កីឡា E-Sports

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​ប្រភេទ​កីឡា​អេឡិចត្រូនិក​ ឬ​ E-Sports ដែល​ជា​កីឡា​សម័យ​ទំនើប​ប្រើ​ប្រាស់​តាម​បច្ចេកវិទ្យា​សុទ្ធ​នោះ​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​​ក្នុង​ព្រឹត្តិការណ៍​​កីឡា​ធំ​ទ្វីប​អាស៊ី​នេះ​ ហើយ​ក៏​ជា​លើក​ដំបូង​របស់​ E-Sports ដែល​មាន​មុខ​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ​បែប​នេះ។ យ៉ាង​ណា​ ការ​បង្ហាញ​ខ្លួន​នេះ​​គឺ​គ្រាន់​តែ​ជា​ការ​ប្រកួត​សម្តែង​​ផ្លូវ​ការ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​មែន​ជា​កីឡា​ប្រកួត​ដើម្បី​ដណ្តើម​​យក​មេដាយ​ដូច​កីឡា​ផ្សេង​ៗ​ទៀត​ឡើយ។

រឹត​តែ​ពិសេស​សម្រាប់​កីឡា​ E-Sports គឺ​ប្រទេស​ចិន​បាន​ប្រកាស​ជា​ផ្លូវ​ការ​ដាក់​កីឡា​អេឡិចត្រូនិក​​នេះ​ឲ្យ​ចូល​រួម​ប្រកួត​​ដណ្តើម​យក​មេដាយ​​​ដូច​កីឡា​ផ្សេង​ៗ​ទៀត​ដែរ​នៅ​ពេល​ចិន​ទទួល​រៀប​ចំ​ធ្វើ​ម្ចាស់​​ផ្ទះ​កីឡា​ Asian Games ​ឆ្នាំ​២០២២​ខាង​មុខ​នេះ​នៅ​​ទី​ក្រុង​ Hangzhou។

ក្រុម​កីឡា E-Sports កម្ពុជា​​ធ្លាប់​ឈ្នះ​​ជើង​ឯក​នៅ​ប្រទេស​ចិន

សូម​បញ្ជាក់​ថា​ កីឡា​ការិនី​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា​ ស៊ន សៀវម៉ី បាន​បង្កើត​កំណត់​ត្រា​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង​​ពី​ការ​ឈ្នះ​មេដាយ​មាស​ពី​ព្រឹត្តិការណ៍​​កីឡា​ទ្វីប​អាស៊ី​នេះ​កាល​ពី​​៤​ឆ្នាំ​មុន​គឺ​ឆ្នាំ​​​២០១៤​នៅ​ពេល​ប្រទេស​កូរ៉េ​ខាង​ត្បូង​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ។ ឆ្នាំ​២០១៨​នេះ​ កម្ពុជា​ក៏​គ្រោង​បញ្ជូន​អត្តពលិក​របស់​ខ្លួន​ចូល​រួម​ប្រកួត​ដែរ៕

ស៊ន សៀវម៉ី ជួប​សម្តេច​តេជោ ហ៊ុន សែន ពេល​ឈ្នះ​មេដាយ​មាស​ទ្វីប​អាស៊ី

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម