តភាគ​រឿង​ជក់ចិត្ត​ផ្នែក​សំខាន់​ៗ​ទាំង ២០ លើ​រថយន្ត ត​ទៀត​ទៅ​មើល (ភាគ ៣)

  • 2018-04-21 01:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន Sabay បាន​បញ្ចេញ​ភាគ​ទី ២ បានលើកពន្យល់​ពី​ ៥​ ផ្នែក​សំខាន់​ៗ​របស់​រថយន្ត។ សប្ដាហ៍​នេះ​​ក៏​មិន​ខុស​ពី​សប្ដាហ៍​មុន​ Sabay នឹង​នាំ​មិត្ត​អ្នក​អាន​ឲ្យ​បាន​ស្គាល់​ផ្នែក​សំខាន់ ៥ ​ទៀត​របស់​​រថយន្ត​ ដើម្បី​ស្វែង​យល់​បន្ត​ទៀត។

១១. កង់​សារគួ (Spare Tire)

កង់​សារគួ ​ជា​ផ្នែក​មួយ​នៃ​រថយន្ត​ ដែល​ចាំ​បាច់​បំផុត ព្រោះ​ថា​បើ​សិន​ជា​គ្មាន​កង់​សារគួ​ទេ អ្នក​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ឡើយ​ ពេល​កង់​រថយន្ត​បែក​តាម​ផ្លូវ។ កង់​សារគួ មាន​ភ្ជាប់​មក​ជាមួយ​រថយន្ត​ស្រាប់​តែ​ម្ដង​ ភាគ​ច្រើន​វា​ដាក់​នៅ​ក្រោម​កម្រាល​ឃ្លុប​រថយន្ត។ ប្រកាគួរ​ដឹង​គឺ អ្នក​ប្រើប្រាស់​គ្រប់រូប​គួរ​ឧស្សាហ៍​មើល​ពី​សម្ពាធ​ខ្យល់​នៅ​ក្នុង​កង់​សារគួ ជៀស​វាង​ពេល​ត្រូវ​ការ​ប្រើប្រាស់​បែរ​ជា​មិន​អាច​ប្រើ​បាន​ទៅ​វិញ។ យ៉ាងណាមិញ ត្រូវ​ចាំ​ថា​សំបក​របស់​កង់​សារគួ មិន​អាច​រត់​ជំនួស​ឲ្យ​កង់​ប្រើប្រាស់​ទាំង ៤​នោះ​រាល់​ថ្ងៃ​ទេ ដូច្នេះ​ពេល​អ្នក​ប៉ះ​កង់​ដែល​បែក​នោះ​ហើយ គួរ​ប្ដូរ​ប្រើ​កង់​នោះ​វិញ ហើយ​ក៏​ត្រូវ​ពិនិត្យ​មើល​កង់​សារគួ រក​កន្លែង​ខូច​ខាត​ផង​ដែរ។

​១២. ប្រអប់​លេខ (Transmission)

ប្រអប់​លេខ​ជា​បេះដូង​នៃ​រថយន្ត។ វា​បញ្ជូន​ថាមពល​ពី​ម៉ាស៊ីន ទៅ​កាន់​ភ្លៅ​ឡាន ដើម្បី​ឲ្យ​វា​អាច​បង្វិល​កង់​អូស​រថយន្ត​ទៅ​មុខ​បាន។ ប្រអប់​លេខ​ដែល​គេ​ឃើញ​មាន​ក្នុង​រថយន្ត​ភាគ​ច្រើន​ សព្វ​ថ្ងៃ​ជា​ប្រភេទ​លេខ​អូតូ ឯ​លេខ​ដៃ​មាន​មួយៗ និង​សំបូរ​តែ​ចំពោះ​រថយន្ត Pick Up និង​រថយន្ត​ដឹក​ទំនិញ​ប៉ុណ្ណោះ។ យ៉ាងណាមិញ បើ​និយាយ​ពី​ថ្លៃ​ថែ​ទាំ ប្រអប់​លេខ​ដៃ​មាន​ភាព​ងាយ​ស្រួល​ជាង ព្រោះ​វា​មាន​តម្លៃ​ថោក និង​ងាយ​ផ្លាស់​ប្ដូរ។ អ្នក​បើកបរ​ទាំង​អស់​ ក៏​គួរ​តែ​ឧស្សាហ៍​ត្រួត​ពិនិត្យ​មើល​កម្រិត​ប្រេង​ប្រអប់​លេខ​ផង​ដែរ ដើម្បី​ធានា​ថា​ប្រអប់​លេខ​អ្នក​នៅ​តែ​ដំណើរ​ការ​បាន​រលូន។

១៣. បូម (Shock Absorbers)

វា​ជួយ​ស្រូប​យក​រំញ័រ​ពី​ការ​បើកបរ ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​មិន​រង្គើ​ខ្លាំង​ពេល​​ជិះ​លើ​ផ្លូវ​ដែល​មិន​រាប​ស្មើ។ បើ​គ្មាន​បូម​នេះ​ទេ រថយន្ត​នឹង​ស្រូប​យក​ភាព​ញ័រ​រញ្ជួយ​ទាំង​អស់​ពេល​បើកបរ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​បើកបរ​ក្នុង​ស្ថានភាព​មួយ​ដ៏​លំបាក។ ការ​ថែ​ទាំ​បូម​អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​ការ​បើកបរ​ ប្រុង​ប្រយ័ត្ន​កុំ​បើកបរ​ដោយ​ល្បឿន​លឿន​លើ​ផ្លូវ​ដែល​មាន​ជង្ហុក​ច្រើន និង​កុំ​ផ្ទុក​លើស​ចំណុះ។ ប្រសិន​បើ​ឃើញ​មាន​ប្រេង​ហូរ​ចេញ​ពី​បូម អ្នក​ប្រាកដ​ជា​ត្រូវ​ទៅ​រក​ជាង​ហើយ។

១៤. តម្រង​ខ្យល់ (Air Filter)

តម្រង​នេះ​មាន ២​ប្រ​ភេទ គឺ​មួយ​សម្រាប់​ត្រង​ខ្យល់​ចូល​ទៅ​ក្នុង​ម៉ាស៊ីន និង​មួយ​ទៀត​សម្រាប់​ត្រង​ខ្យល់​មុន​ពេល​ចូល​ក្នុង​កាប៊ីន​រថយន្ត។ កត្តា​ដែល​ចាំបាច់​នោះ គឺ​ត្រូវ​សម្អាត​តម្រង​ទាំង​ពីរ​នេះ ឲ្យ​បាន​ស្អាត​ជា​ប្រចាំ ព្រោះ​បើ​តម្រង​ខ្យល់​ចូល​ម៉ាស៊ីន​មាន​ភាព​កខ្វក់ នោះ​ម៉ាស៊ីន​នឹង​ប្រឹង​ខ្លាំង​ធ្វើ​ឲ្យ​វា​ស៊ី​សាំង​ជាង​មុន ហើយ​បើ​តម្រង​ខ្យល់​ម៉ាស៊ីន​ត្រជាក់ (កាប៊ីន​រថយន្ត) មិន​ស្អាត​វិញ​ ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម​អ្នក​ជិះ​គ្រប់​គ្នា​បាន។ ប្រសិន​បើ​មើល​ទៅ​តម្រង​នោះ​ចាស់​ខ្លាំង​ពេក គួរ​តែ​ប្ដូរ​វា​ចោល​តែ​ម្ដង​ទៅ។

១៥. ក្បាល​ប៊ូស៊ី (Spark Plug)

ក្បាល​ប៊ូស៊ី​មាន​តួ​នាទី​បញ្ឆេះ​រថយន្ត​ដោយ​វា​នឹង​បង្កើត​ជា​ផ្កាភ្លើង​នៅ​ក្នុង​ម៉ាស៊ីន​ដើម្បី​បង្កើត​ចំហេះ​ជាមួយ​ឥន្ធនៈ។ ក្បាល​ប៊ូស៊ីអាច​ប្រើ​បាន​ប្រហែល ១៦០ ០០០ គ.ម មុន​ពេល​ដែល​វា​ចាប់​ផ្ដើម​មាន​បញ្ហា​ និង​ត្រូវ​ការ​ការ​ប្ដូរ​ថ្មី។

ប្រភព៖ drivinglife   ប្រែ​សម្រួល៖ ផាត សុវត្ថិ