រឿងរ៉ាវ៧យ៉ាង ដែលអ្នកគួរដឹងអំពី Arsene Wenger
- 2018-04-21 03:48:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវ៧យ៉ាង ដែលអ្នកគួរដឹងអំពី Arsene Wenger
ចន្លោះមិនឃើញ
លោក Arsene Wenger បានប្រកាសថានឹងចាកចេញពីតំណែងជាគ្រូបង្វឹក បន្ទាប់ពីបុរសជនជាតិបារាំងរូបនេះបានដឹកនាំក្លឹបអស់រយៈពេល២២ឆ្នាំ និងបានជួយក្លឹបឈ្នះពានមួយចំនួន រួមមាន៖ ពាន Premier League ៣ដង និង FA Cup ចំនួន ៧ដង ហើយ លោកបានក្លាយទៅជាគ្រូបង្វឹកយូរជាងគេនៅអង់គ្លេស។
ខាងក្រោមនេះគឺជារឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ទាំង៧នៃដំណើរជីវិតរបស់លោកតាំងពីមុនឈានជើងដល់ទឹកដីអង់គ្លេស រហូតមកដល់បច្ចុប្បន្ន៖
១Wenger ចប់ថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ច តែចាប់អាជីពបាល់ទាត់ Wenger កើតនៅ Duttlenheim ដែលជាភូមិតូចមួយនៅក្រុង Strasbourg ស្ថិតនៅភាគខាងកើតប្រទេសបារាំង។ លោកបានចូលលេងឲ្យក្រុម Mutzig ស្ថិតនៅក្នុងលីគលំដាប់ទី៣របស់បារាំងក្នុងឆ្នាំ១៩៦៩ ក្នុងនាមជាខ្សែការពារ បន្ទាប់ពីឪពុកបានណែនាំឲ្យលេងបាល់ទាត់។
លោកបញ្ចប់បរិញ្ញាបត្រផ្នែកវិស្វកម្ម និង បញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ចនៅឆ្នាំ ១៩៧១ ត្រឹមអាយុ២២ឆ្នាំ បានន័យថាក្នុងអំឡុងពេលកំពុងរៀនថ្នាក់អនុបណ្ឌិតបណ្ដើរ លោកលេងបាល់ឲ្យក្លឹប Mutzig បណ្ដើរ។ ទីបំផុត Wenger បានក្លាយជាកីឡាករបាល់ទាត់អាជីពជាលើកដំបូងក្នុងឆ្នាំ ១៩៧៨ ជាខ្សែការពារ លេងឲ្យក្រុម Strasbourg នៅលីគកំពូលរបស់បារាំង។
២ ដំណើរលើវិថីជាគ្រូបង្វឹក តំណែងគ្រប់គ្រងនៅក្នុងវិស័យបាល់ទាត់ដំបូងបំផុតក្នុងជីវិតរបស់លោកគឺនៅឆ្នាំ ១៩៨៣ ជាជំនួយការគ្រូបង្វឹករបស់ក្រុម AS Cannes នៅក្របខ័ណ្ឌ Ligue 2 (ក្រោយមកហៅឈ្មោះទៅជា Division 2)។
១ ឆ្នាំក្រោយមកទៀត លោកបានឡើងតំណែង២កាំ គឺឡើងពីជំនួយការគ្រូបង្វឹក ទៅជាគ្រូធំ និង មួយទៀត ឡើងពីដឹកនាំក្រុមនៅលីគទី២ មកដឹកនាំក្លឹប Nancy ក្របខ័ណ្ឌកំពូលរបស់បារាំង។ ប៉ុន្តែ Wenger មិនអាចជួយក្លឹបបានច្រើនទេ ហើយNancy បានធ្លាក់ទៅក្របខ័ណ្ឌ Ligue 2 វិញ។ អាជីពរបស់លោកចាប់ផ្ដើមជោគជ័យនៅពេលទៅដឹកនាំ AS Monaco បន្ទាប់ពីដឹកនាំ Nancy បាន៣ឆ្នាំ ពោលគឺនៅឆ្នាំ ១៩៨៧ ដោយបានជួយMonaco ឈ្នះពាន Ligue 1 ត្រឹម១ឆ្នាំបន្ទាប់ពីលោកបានមកដឹកនាំ និងនាំក្លឹបឈ្នះពាន French Cup មួយទៀតអំឡុងពេលលោកនៅ Monaco ពីឆ្នាំ ១៩៨៧-១៩៩៤។
បន្ទាប់ពី Monaco បណ្ដេញចេញ លោកបានទៅដល់ជប៉ុន ជាកន្លែងដែលលោកបន្តជោគជ័យក្នុងការដឹកនាំក្លឹបជប៉ុន Nagoya Grampus Eight ដោយបានស្រង់ក្លឹបពីចំណាត់ថ្នាក់លេខ៣រាប់ពីបាតតារាង រហូតបានឡើងចំណាត់ថ្នាក់លេខ២លើកំពូលតារាងវិញ។ ទឹកដីជប៉ុននេះហើយ ក៏ជាកន្លែងត្រួសត្រាយតាបារាំងឲ្យទៅដល់ Arsenal នៅឆ្នាំ ១៩៩៦ ផងដែរ។
៣ ជីវិតគ្រូបង្វឹកបារាំងលើទឹកដីអង់គ្លេស ក្រោយពីចូលរួមជាមួយ Arsenal លោក Wenger មិនបានចំណាយពេលយូរដើម្បីសម្របខ្លួនក្នុងជីវិតបាល់ទាត់អង់គ្លេសឡើយ ដោយបានដឹកនាំក្រុមឱ្យឈ្នះពានរង្វាន់ Premier League ជាលើកដំបូងនៅក្នុងរដូវកាល ១៩៩៧/៩៨ ។
លោកបានបង្កើតប្រវត្តិសាស្ត្រឲ្យក្លឹបលើកពានមាស Premier League ដោយមិនដែលស្គាល់ពាក្យចាញ់សោះពេញ១រដូវកាល ២០០៣/០៤។
៤ គ្រូបង្វឹកយូរជាងគេនៅ Premier League បន្ទាប់ពីដឹកនាំកាំភ្លើងធំប្រមាណ ២២ឆ្នាំ គ្រូបង្វឹកសញ្ជាតិបារាំងបានជួយ Arsenal ឈ្នះពាន Premier League ៣ដង និង FA Cup ចំនួន ៧ដង ហើយលោកបានក្លាយទៅជាគ្រូបង្វឹកយូរជាងគេនៅ Premier League ដោយបានបម្រើ Arsenal តាំងពីខែតុលា ឆ្នាំ ១៩៩៦ ដល់បច្ចុប្បន្ន ពោលគឺ យូរជាង Sir Alex Ferguson នៅ Man Utd (ពីខែ សីហា ១៩៩២ ដល់ ខែ ឧសភា ២០១៣ ប្រហែល ២១ឆ្នាំ)។
៥ ចេះ៦ភាសា Wenger ដូចគ្នាទៅនឹងគូប្រជែងលោក គឺ Jose Mourinho ដែរ គ្រូបង្វឹកសញ្ជាតិបារាំងអាចនិយាយបាន៦ភាសា រួមមាន៖ បារាំង អាឡឺម៉ង់ អង់គ្លេស អេស្ប៉ាញ អ៊ីតាលី និង ជប៉ុន ចេះបានគួរសម។
នៅពេលដែលលោក Wenger ចូលរួមជាមួយ Arsenal នៅឆ្នាំ ១៩៩៦ ប្រធានក្រុម Tony Adams បាននិយាយថា "តើគ្រូបង្វឹកបារាំងនេះដឹងស្អីខ្លះពីបាល់ទាត់? តើគាត់និយាយភាសាអង់គ្លេសបានត្រឹមត្រូវឬអត់?"។
៦ ជាគ្រូបាល់ទាត់ផង ជាអ្នកនិពន្ធសៀវភៅផង លោក Arsene Wenger បានសរសេរសៀវភៅមួយក្បាលដែលមានចំណងជើងថា "The Spirit of Conquest" នៅក្នុងឆ្នាំ ១៩៩៧។ លោក Wenger បានចែករំលែកទស្សនវិជ្ជាបាល់ទាត់របស់លោក ហើយនឹងការយល់ដឹងអំពីបាល់ទាត់របស់ប្រទេសជប៉ុន នៅក្នុងសៀវភៅមួយនេះ។
៧ គ្រូបង្វឹកដែលមានខួរក្បាលបែបសេដ្ឋកិច្ច ថែមពីលើយុទ្ធសាស្ត្រដ៏ប៉ិនប្រសប់លើទីលាន Wenger មានចំណុចពិសេសមួយទៀត គឺយុទ្ធសាស្ត្របែបសេដ្ឋកិច្ច។ Arsenal ល្បីខាងពូកែបណ្ដុះយុវជន ឬទិញកីឡាករចូលមកធូរៗថ្លៃ តែបញ្ចេញទៅវិញតម្លៃហក់ឡើងកប់ពពក។
ឧទាហរណ៍ជាក់ស្តែង Nicolas Anelka ដែល Wenger បាននាំយកមកពីក្លឹប Paris St Germain ជាមួយតម្លៃត្រឹមតែ ៥០ ម៉ឺនផោន (ប្រហែល ៧០ ម៉ឺនដុល្លារ)។ ២ឆ្នាំក្រោយមក គ្រូបង្វឹកមានសញ្ញាប័ត្រអនុបណ្ឌិតសេដ្ឋកិច្ចមួយនេះ បានលក់ Anelka ទៅឲ្យ Real Madrid ក្នុងតម្លៃ ជាង ៣១ លានដុល្លារ កាលពីឆ្នាំ ២០០០ ហើយវាគឺជាតម្លៃខ្ពស់បំផុតមួយក្នុងជំនាន់នោះ ដោយម្យ៉ាង កាលណោះ Anelka ក៏នៅជាយុវជននៅឡើយ។
របាយការណ៍មួយទៀតរបស់ Transfermarket ស្តីពីការចំណាយសម្រាប់ទីផ្សារដោះដូរកីឡាកររបស់ក្លឹបនៅអង់គ្លេសរយៈពេល២០ឆ្នាំចុងក្រោយដោយគិតចាប់ពីឆ្នាំ ១៩៩៧ ដល់ ២០១៦ បានបង្ហាញថា Wenger មិនដែលចាយលើសពី ២០០ លានផោនក្នុង១ឆ្នាំឡើយ ខណៈដែលគូប្រជែងរបស់ខ្លួន ដូចជា Man City, Chelsea, Man Utd, Liverpool និង Tottenham ជាដើម អ្នកខ្លះហ៊ានចាយលុយទិញកីឡាករថ្លៃៗក្នុង១ឆ្នាំៗដល់ទៅប្រមាណ ៨០០ លានផោន (ប្រហែល ១ ១២២ លានដុល្លារ)។
អាចថា នេះក៏ជាមូលហេតុមួយដែល Arsene Wenger អាចនៅ Arsenal ជាង២ទសវត្ស ព្រោះថា មិនងាយឡើយដែលក្លឹបទទួលបានគ្រូបង្វឹកដ៏ល្អដូចលោក ដែលពូកែទាំងយុទ្ធសាស្ត្រលើសមរភូមិវាលស្មៅ ទាំងយុទ្ធសាស្ត្រហិរញ្ញវត្ថុ សម្រាប់ជួយអភិវឌ្ឍឧស្សាហកម្មបាល់ទាត់របស់ក្លឹប។
ប៉ុន្តែ ការចាញ់ផ្ទួនៗ ដែលបច្ចុប្បន្នក្រុមកាំភ្លើងធំកំពុងឈរលេខ៦លើតារា Premier League ស្របពេលដែលក្រុមអ្នកគាំទ្របានលើកបដា "Wenger Out” ទំនងជាបាន និងកំពុងបង្ខំឲ្យម្ចាស់ក្លឹប ហើយនឹងគ្រូបង្វឹកចាស់វស្សាត្រូវតែទទួលយកទោះចង់ ឬមិនចង់ក៏ដោយ៕