កាន់​តែ​ក្ដៅ អ៉ឹង​ និមល​ ប្រតិកម្មចំពោះ​ការ​រិះគន់ ថា​សិល្បករ​ស្លៀក​ពាក់​បុរាណ គឺ​ស្លៀក​តាម​រឿង "បុព្វេសន្និវាស"

  • 2018-04-21 08:52:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាបង្ហាញម៉ូដខ្ពស់ស្រលះ អ៉ឹង​ និមល​ បាន​ប្រតិកម្ម​ទៅ​នឹង​អ្នករិះគន់ប៉ុន្មាន​ថ្ងៃ​នេះ ដែល​ថា​អ្នកស្លៀកពាក់​បុរាណព្រោង​ព្រាត​ថត​បង្ហោះ​ប៉ុន្មាន​ថ្ងៃ​នេះ​ថា​ចម្លង​តាម ​រឿង «​បុព្វេសន្និវាល»នោះ ថា នោះ​ជា​ទម្រង់​សិល្បៈ​បុរាណ​របស់​ខ្មែរពិតប្រាកដ។

អំណះអំណាង​នេះ និមល លើក​ទឡ្ហីករណ៍ ទម្រង់​សិល្បៈបុរាណ ដែល​ប្រិយមិត្ត​បាន​ឃើញ​ប៉ុន្មាន​ថ្ងៃ​នេះ គឺធ្លាប់បានបង្ហាញ ទាំងសម្តែងក្នុងរឿងខ្មែរ លើរោងកុន និងតាមទូរទស្សន៍មុននឹងរឿងនេះល្បីទៅទៀត។

កញ្ញា អ៉ឹង​ និមល​ បានបង្ហោះថាដូចច្នេះថា៖ «សូមមានមតិយោបលបន្តិច​ សំរាប់​ទម្រង់បុរាណ​ សិល្បករ​សិល្បការនី​ ក៍​ដូច​ជា​អ្នក​ដឹក​នាំ​ តែង​តែ​យក​មក​សម្តែង​ក៍​ដូច​ជា​ផលិត​ជា​រឿយៗ​ក្នុង​បទចម្រៀង ខ្សែរភាពយន្ត ក៍​ដូចជា​កម្មវិធី​ផ្សេង​ៗ​មុន​នឹង​មាន​(រឿងបុព្វេសន្និវាស) ទៅ​ទៀត​ តែ​សម្រាប់​អ្នក​ចាំ​តែ​រិះគន់​ជាន់​ពន្លិច​មួយ​ចំនួន​តូច​ដែលតែងតែបញ្ចេញមតិដោយមិនគិតពិចារណា...»។

ការបញ្ចេញមតិសារធារណៈបែបធ្វើឡើងបន្ទាប់ពី មានរូបភាពរបស់កញ្ញា និងក្រុមមិត្តសិល្បកររបស់កញ្ញា ជាច្រើនបានបង្កើតកម្មវិធីខួបកំណើត វ័យ ២៩ ឆ្នាំកាលពីម្សិលមិញ ដោយគ្រប់គ្នាបានស្លៀកពាក់សំលៀកបំពាក់បែបសម័យ ឧដុង្គ របស់ខ្មែរបង្កើតជាបរិយាកាសប្លែកភ្នែក និងធ្វើឱ្យសិល្បកររូបនេះរំភើប​យ៉ាងខ្លាំង។

ប៉ុន្ត​គាប់​ជួន​ភាពយន្តភាគថៃរឿង "បុព្វេសន្និវាល" ដែល​សាច់​រឿង​មាន​បង្ហាញ​ទម្រង់​សំលៀកបំពាក់​ស្រដៀង​គ្នា​កំពុង​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ក្នុង​ស្រុក​ដែរ​នោះ ក៏បាន​​ធ្វើឱ្យមានការ​រិះគន់លើការស្លៀកពាក់នេះថា ជា​សមិទ្ធផល បាន​ពី​ឥទ្ធិពល​នៃ​ខ្សែ​រឿង​របស់​ប្រទេស​ជិត​ខាង​មួយ​នេះ​ទៅ​វិញ។

ចំពោះ​បញ្ហា​នេះ កញ្ញា ក៏បន្ថែមពាក្យធ្ងន់ដាក់អ្នករិះគន់ខ្លះទៀត​ថា ជាការរិះគន់ជាន់ពន្លិច មិនស្គាល់ពីទម្រង់សិល្បៈរបស់ខ្មែរ។ កញ្ញា អ៉ឹង​ និមល​ សរសេរបន្តថា ៖ «ហើយមិនដែលបើកភ្នែកមើលទេ គឺបើកតែមាត់ចាំរិះគន់ក្នុងន័យជាន់ពន្លិច មិនដឹងគិតអីរាល់ថ្ងៃហ្នឹង ហើយសម្រាប់សំលៀកបំពាក់សម័យដើមដែលខ្មែរយើងយកមកប្រើតែងតែថាចំលងពីសៀម សួរថាមានស្គាល់ខ្មែរខ្លួនឯងច្បាស់ទេមុននឹងចេញមករិះគន់ហ្នឹង?»

ជាចុងក្រោយ សិល្បករសម្តែង និងជាតារាបង្ហាញម៉ូដម្នាក់នេះ លើកឡើងថា ជាជាតិខ្មែរគួរគប្បីលើកតម្លៃជាតិសាសន៍ខ្លួនឯង ព្រោះមិនមានជាតិសាសន៍ណាមកឱ្យតម្លៃជំនួសខ្លួន​ទេ។ "​បើ​ខ្មែរ​យើង​មិន​អោយ​តម្លៃ​គ្នា​ឯង​ផង​តើ​មាន​ជាតិ​សាសន៍​ណា​ គេ​មក​អោយ​តម្លៃ​យើង​! សូម​​គិត​​នឹង​ពិចារ​ណា​ម្តង​ទៀត​សម្រាប់​ខ្មែរ​មួយ​ចំនួន​តូច ​ដែល​មិន​ចេះ​អោយ​តម្លៃ​សម្រាប់​ខ្មែរ​គ្នា​ឯង​ហ្នឹង!​" កញ្ញា អ៉ឹង​ និមល​ បន្ថែម៕

អត្ថបទ៖ Sunny