កំពូល​កីឡាករ​ពិភពលោក​ ៥ ​រូប​ សោក​ស្តាយ​មិន​បានលេង​នៅ Real Madrid​

  • 2018-04-22 09:06:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លេង​ឲ្យ​ក្លឹប​​យក្ស Real Madrid គឺ​ជា​មោទនភាព ព្រោះ Los Blancos គឺ​ជា​​ទឹក​ដី​ដ៏​អស្ចារ្យ​​មួយ​នៅ​ក្នុង​អាណាចក្រ​បាល់ទាត់។ មាន​កំពូល​កីឡាករ​លំដាប់​ពិភពលោក​មួយ​ចំនួន​​មាន​ការ​សោកស្ដាយ​ ដោយសារ​តែ​មិន​ចាប់​ឱកាស​ទៅ​លេង​នៅ​ក្លឹប​យក្ស​អេស្ប៉ាញ​នេះ៖

​៥. Francesco Totti

Totti បាន​ចំណាយ​ពេល​ពេញ​មួយ​អាជីព​នៅ​ AS Roma។ អតីត​កំពូល​កីឡាករ​អ៊ីតាលី​រូប​នេះ​ មាន​ឱកាស​ទៅ​ចូល​រួម​ក្រុម Barcelona ឬ Real Madrid ប៉ុន្តែ​លោក​បាន​ច្រាន​ចោល​ទាំង​អស់​​ដោយ​បាន​បន្ត​នៅ​ក្លឹប​ជាទីស្រលាញ់របស់លោក។

ក្នុង​បទសម្ភាសន៍​ឲ្យ Sky Sport កាល​ពី​ឆ្នាំ ២០១២ Totti បាន​និយាយ​ថា «ខ្ញុំ​មិន​ដែល​គិត​ពី​ប្រាក់​ទេ​ បើ​មិន​ដូច្នោះ​ខ្ញុំ​នឹង​ចាក​ចេញ​​កាល​ពី​អាយុ​២៦​ឆ្នាំ នៅ​ពេល​ដែល​ក្លិប Real Madrid និង Barcelona ចង់​បាន​ខ្ញុំ»។

ប៉ុន្តែ​បន្ទាប់​ពី​ការ​ប្រកួត​នៅ Bernabeu លោក​បាន​ទម្លាយ​ថា លោក​សោកស្តាយ​ដោយ​មិន​បាន​ចូលរួម​ជាមួយ Real Madrid ។

"Santiago Bernabeu គឺ​ជា​កីឡដ្ឋាន​ដ៏​អស្ចារ្យ​មួយ។ Real Madrid គឺ​ជា​ការ​សោកស្តាយ​តែ​មួយ​គត់​របស់ខ្ញុំ។ វា​ពិត​ជា​រំភើប​ណាស់​ ដែល​បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ។ នេះ​ជា​ការ​ចងចាំ​ដ៏​អស្ចារ្យ​មួយ​សម្រាប់ខ្ញុំ។” Totti បាន​ប្រាប់​សារព័ត៌មាន Mediaset"។

៤. Andrea Pirlo

Pirlo បាន​លេង​ឱ្យ​ក្រុម Inter Milan, AC Milan និង Juventus។ អតីត​កំពូល​កីឡាករ​សញ្ជាតិ​អ៊ីតាលី​អាច​នឹង​បញ្ចប់​អាជីព​យ៉ាង​ងាយ​ស្រួល​នៅ Real Madrid ប៉ុន្តែ​ដោយ​ក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ AC Milan បាន​ធ្វើ​ឱ្យ​លោក​បន្ត​ស្នាក់នៅ San Siro។

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ Marca Plus Pirlo បាន​និយាយ​ថា "នៅ​ក្នុង​ឆ្នាំ ២០១០ ខ្ញុំ​អាច​ក្លាយ​ជា​កីឡាករ​របស់​ក្រុម Real Madrid ។ មាន​គ្រូ​បង្វឹក Capello ជា​អ្នកគ្រប់គ្រង ហើយ​កីឡាករ​ជា​ច្រើន​បាន​ទាក់​ទង​ ​ដើម្បី​ព្យាយាម​បញ្ចុះបញ្ចូល​ខ្ញុំ​ឱ្យ​ទៅទីនោះ។ ប៉ុន្តែ​ខ្ញុំ​នៅ​ជាប់​​កុងត្រា​នៅ Milan ហើយ​គ្មាន​អ្វី​ដែល​អាច​​ទៅ​រួច​ទេ។ កុងត្រា​រយៈ​ពេល​១០​ឆ្នាំ​នៅ​ Milan ខ្ញុំ​បាន​ឈ្នះ​គ្រប់​យ៉ាង​ដែល​អាច​ឈ្នះ ហើយ​ខ្ញុំ​រីករាយ​ដែល​បាន​លេង​ឱ្យ​ក្លឹប​ធំ ៗ ៣ របស់​អ៊ីតាលី។ ខ្ញុំ​ពិត​ជា​សោកស្តាយ ដែល​មិន​បាន​លេង​ឱ្យ​ក្លិប​ដ៏​អស្ចារ្យ​ដូច Real Madrid"។

៣. Pavel Nedved

Pavel Nedved គឺជាកីឡាករដែល​គេ​មិន​សូវ​ចាប់​អារម្មណ៍​ច្រើន​ទេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ហើយ​ក៏​មិន​សូវ​ឮ​គេនិយាយ​ច្រើន​ពី​អតីត​កំពូល​កីឡាករ Juventus។

ក្នុង​បទ​សម្ភាសន៍​ ទៅកាន់ Sky Sports ក្នុងកំឡុងពេលចាប់​អាជីពនៅ​ប្រទេស​ឆេក Nedved បាន​និយាយ​ថា​ លោក​សោក​ស្តាយ​ដោយ​មិន​​ទៅ​ចូល​រួម​ជាមួយ Zidane នៅ Bernabeu។

"ខ្ញុំ​ជាប់​កិច្ចសន្យា​ជាមួយ​ក្លឹប Juventus រហូត​ដល់​ឆ្នាំ ២០០៦ ហើយ​ខ្ញុំ​ចង់​បញ្ចប់​អាជីព​របស់​ខ្ញុំ​នៅ​ទីនោះ" ។ ខ្ញុំ​ចង់​នៅ Juventus រហូត​ដល់​ទី​បញ្ចប់ ប៉ុន្តែក្លឹប​បាន​សម្រេច​ចិត្ត​បែប​ផ្សេង។ ទៅ Real? វា​យឺត​ពេល​ហើយ។ វា​ជា​ការ​អាម៉ាស់​មួយ​ ដែល​ខ្ញុំ​មិន​អាច​លេង​ជាមួយ​ Zidane " ។

២. Steven Gerrard

Steven Gerrard ក៏ដូចជា Totti ដែរ បាន​ច្រាន​ចោល​ការ​ស្នើ​ជា​ច្រើន​ ដើម្បី​ចង់​បន្ត​ស្នាក់​នៅ​ក្រុម​សំណព្វ​ចិត្ត។

Gerrard បាន​និយាយ​ថា "ខ្ញុំ​មាន​ជម្រើស​ជា​ច្រើន​ក្នុង​អាជីព​របស់​ខ្ញុំ​ដើម្បី​ទៅ​លេង​នៅ​ក្លឹប Real Madrid ប៉ុន្តែ​ខ្ញុំ​បាន​ទប់ទល់​នឹង​ការ​ល្បួង​ទាំង​នោះ ដោយ​សារ​តែ​ខ្ញុំ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្លឹប​​ក្នុង​ស្រុក​របស់ខ្ញុំ [Liverpool]។ វា​អាច​ជា​អ្វី​ដែល​ខ្ញុំ​សោកស្ដាយ ដែល​មិន​បាន​​ទៅ​​ផ្លាស់ប្តូរ​​ទេសភាព​នៅ​ក្រៅ​ប្រទេស ប៉ុន្តែ​ខ្ញុំ​អាច​នឹង​មាន​ការ​សោកស្តាយ​កាន់​តែ​ធំ​ ប្រសិន​បើ​ខ្ញុំ​ចាកចេញ​ពី​ក្លឹប​ដែល​ខ្ញុំ​ស្រឡាញ់។ ខ្ញុំ​ជា​អ្នក​គាំទ្រ​ដ៏​ខ្លាំង​ក្លា​មួយ​របស់​ក្លិប Real Madrid ។ ពួក​គេ​ជា​ក្លឹប​ពិសេសមួយ"។

១. Neymar

ក្នុង​ចំណោម​កីឡាករ​ទាំង​អស់​ក្នុង​បញ្ជីនេះ Neymar គឺ​ជា​កីឡាករ ដែល​មាន​លក្ខណៈ​ពិសេស​ជាង​គេ​ព្រោះ​ហេតុផល​២ ទី​១ អ្នក​ផ្សេង​បាន​បង្ហាញ​ជា​សាធារណៈ​ចំពោះ​ការ​សោកស្ដាយ​របស់​ពួកគេ ទី​២ ពួក​គេ​ទាំងអស់​សុទ្ធ​តែ​បាន​ចូល​និវត្តន៍​ពី​អាជីព​ហើយ។

ការ​សោកស្តាយ​របស់កីឡាករ Neymar នៅ Real Madrid គឺ​ជា​ការ​រាយការណ៍​របស់​អ្នក​សារព័ត៌មាន​តែ​ប៉ុណ្ណោះ អាច​មិន​មែន​ជា​ការ​ពិត។ កីឡាករ​ដែល​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់​រូប​នេះ​ត្រូវ​គេ​រាយការណ៍​ថា ​មិន​សប្បាយ​ចិត្ត​ជាមួយ​នឹង​ការ​សម្រេចចិត្ត​ចូលរួម​ជាមួយ Barcelona ដោយសារ​កំពូល​កីឡាករ​ប្រេស៊ីល​មាន​ក្លឹប​ក្នុង​ចិត្ត​ពី​កុមារភាព គឺ Real Madrid។

​ Neymar នៅ​តែ​មាន​ឱកាស​លេង​ឲ្យ Los Blancos ខណៈ​ដែល​ពាក្យ​ចចាមអារ៉ាម​ថា​​កីឡាករ​វ័យ​២៦​ឆ្នាំ​នេះ​កំពុង​ត្រូវ​បាន Real Madrid ចែចូវ​ផង​ដែរ៕

ប្រភព៖ Sports Keeda   ប្រែសម្រួល៖ លាងហ៊ត