ហេតុផល​ ៩​ យ៉ាង​ដែល​អ្នក​គួរ​​ជះ​លុយ​លើ iPhone 8 ជា​ជាង iPhone X

  • 2018-04-23 04:06:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​ឆ្នាំ ២០១៧ ក្រុមហ៊ុន Apple បាន​បញ្ចេញ​ Smartphone ដ៏​មាន​ឥទ្ធិពល​របស់​ខ្លួន​ចំនួន ៣ ស៊េរី គឺ iPhone 8, iPhone 8 Plus និង iPhone X ដែល​មាន​តម្លៃ​ចាប់​ពី ៧០០ដុល្លារ​, ៨០០ដុល្លារ​ និង ១ ០០០ ដុល្លារ​សម្រាប់​ម៉ូដែល​នីមួយៗ។

ដោយ​សារ iPhone X មាន​តម្លៃ​ដល់​ទៅ​ជាង ១ ០០០ដុល្លារ​ អញ្ចឹង​ហើយ​អ្នក​គ្រប់​គ្នា​ប្រាកដ​ជា​រាង​ស្ទាក់​ស្ទើរ​បន្តិច​ហើយ​ក្នុង​ការ​ជះ​លុយ​ទាំង​ដៃ​ៗ ដើម្បី​ទិញ​វា។ ដូចនេះ​ Sabay សូម​លើក​យក​ហេតុ​ផល​ចំនួន ៩​យ៉ាង​ដែល​អ្នក​គួរ​ជ្រើស​យក iPhone 8 ឬ iPhone 8 Plus ជាជាង iPhone X៖

១. iPhone X ថ្លៃ​ជាង iPhone 8

តម្លៃ​ពិត​ជា​រឿង​សំខាន់​សម្រាប់​អ្នក​ប្រើប្រាស់។ ប្រសិន​បើ​អ្នក​ទិញ​ត្រឹម​ iPhone 8 ឬ iPhone 8 Plus អ្នក​នឹង​ចំណេញ​ជាង​ការ​ទិញ iPhone X ដល់​ទៅ ២០០ ទៅ ៣០០​ដុល្លារ​ ឯ​ណោះ។

២. iPhone 8 និង iPhone 8 Plus ប្រើ CPU ដូច​គ្នា​ទៅ​នឹង iPhone X ដែរ

ជា​ការ​ពិត​ណាស់ iPhone ចុង​ក្រោយ​ទាំង ៣​ស៊េរី របស់ Apple ដើរ​ដោយ​ឈីប​ដូច​គ្នា Apple A11 Bionic ដែល​ក្នុង​ Geekbench 4 iPhone 8 និង iPhone 8 Plus ដើរ​លឿន​ជាង iPhone X ទៀត​ឯណោះ។

៣. Touch ID ដំណើរ​ការ​លឿន​ជាង Face ID

ការ​ប្រើប្រាស់​ប៊ូតុង​ Home និង​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​លើ iPhone 8 និង iPhone 8 Plus មាន​ភាព​រហ័ស​ជាង Face ID ដែល​ប្រើ​កាមេរ៉ា TrueDepth លើ iPhone X ច្រើន ហើយ​ Touch ID ក៏​មិន​សូវ​ជួប​ប្រទះ​ការ Error ដូច Face ID ឡើយ។

៤. ទាំង​បី​ស៊េរី​គាំទ្រ​ការ​សាក​ថ្ម​លឿន​ដូច​គ្នា

ទាំង iPhone 8, iPhone 8 Plus និង iPhone X សុទ្ធ​តែ​គាំ​ទ្រ​ការ​សាក​ថ្ម​លឿន​ដូច​គ្នា ព្រម​ទាំង​ការ​សាក​ថ្ម​ឥត​ខ្សែ​ផង​ដែរ។ ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្ដាយ​ ដែល Apple មិន​បាន​ផ្ដល់​ឆ្នាំង​សាក​លឿន​មក​ក្នុង​ប្រអប់​ផ្ទាល់​ទេ ពោល​គឺ​ត្រូវ​ទិញ​ខាង​ក្រៅ​ខ្ទង់ ៧០​ដុល្លារ​ថែម​ទៀត។

៥. កាមេរ៉ា​ក្រោយ​មិន​ខុស​គ្នា​ខ្លាំង​ឡើយ

iPhone 8 រាង​ចាញ់​គេ​បន្តិច​ត្រង់​មាន​កាមេរ៉ា​តែ​មួយ​គ្រាប់ តែ​បើ​ប្រៀប​ធៀប​រវាង iPhone 8 Plus និង iPhone X ដែល​មាន​កាមេរ៉ា​ក្រោយ​ភ្លោះ​ដូច​គ្នា​គឺ​មិន​ខុស​គ្នា​ខ្លាំង​ឡើយ។ iPhone X មាន​ការ​ទប់​រំញ័រ​លើ​ Lens ទាំង​ពីរ​គ្រាប់​តែ​ម្ដង​ខុស​ពី iPhone 8 Plus ដែល​មាន​ការ​ទប់​រំញ័រ​តែ​លើ Lens មួយ​គ្រាប់ ប៉ុន្តែ នៅ​ក្នុង​ស្ថានភាព​នឹង​ល្អ ការ​ផលិត​រូបភាព​មាន​គុណភាព​ល្អ​សឹង​តែ​ដូច​គ្នា​អញ្ចឹង។

៦. កាមេរ៉ា​ថត​ខាង​មុខ​មាន​គុណភាព​ដូច​គ្នា

បើ​គិត​ត្រឹម​ការ​ថត​យក​រូប​ភាព​ពី​កាមេរ៉ា​មុខ អ្នក​មិន​ចាំ​បាច់​ជះ​លុយ​ជាង ១ ០០០ដុល្លារ សម្រាប់ iPhone X ឡើយ ព្រោះ iPhone 8 និង iPhone 8 Plus ក៏​មាន​កាមេរ៉ា​មុខ​ 7 megapixels ដូច​គ្នា​ដែរ ខ្វះ​តែ ប្រព័ន្ធ TrueDepth ដែល​បង្កើត​ផ្ទៃ​មុខ 3D សម្រាប់​ Face ID និង​មុខ​ងារ​ថត​ព្រាល​ក្រោយ Portrait Mode ប៉ុណ្ណោះ​។

៧. iPhone 8 និង iPhone 8 Plus គ្មាន​ក្បាល​ឆក​ទេ

វា​ជា​រឿង​ចាក់​ដោត​មួយ​សម្រាប់ iPhone X ដែល​លេច​ចេញ​មក​មាន​ស្នាម​ឆក​ពី​ខាង​លើ ដែល​ធ្វើ​ឲ្យ​ការ​មើល​វីដេអូ ខ្លះ​មិន​បាន​ពេញ​ល្អ ដោយ​ត្រូវ​បិទ​បាំង​ដោយ​ផ្ទាំង​ខ្មៅ​មួយ​ដុំ​នោះ​ឯង។

៨. ត្រូវ​ការ​ទិញ​ស្រោម​ការពារ​ថ្មី​សម្រាប់ iPhone X

ជា​រឿង​ត្រូវ​ជះ​លុយ​ទៀត​ហើយ​សម្រាប់ iPhone X ព្រោះ​បើ​អ្នក​ចង់​ឡើង​ស៊េរី​ពី iPhone 7 ឬ iPhone 7 Plus ទៅ iPhone 8 ឬ iPhone 8 Plus អ្នក​អាច​នៅ​ប្រើ​ស្រោម​ការពារ (Case) ចាស់​បាន តែ​បើ​លោត​ទៅ iPhone X អ្នក​ប្រាកដ​ជា​ត្រូវ​ទិញ​ស្រោម​ការពារ​ថ្មី​ហើយ។

៩. iPhone 8 Plus កាន់​ថ្ម​ជាង iPhone X

ដោយ​ហេតុ​ថា iPhone X ប្រើប្រាស់​កញ្ចក់ OLED ប្រភេទ​ថ្មី​បូករួម​នឹង​ការ​រចនា​តូច​ជាង​មុន​ទៀត​នោះ ថ្ម​វា​ក៏​ចុះ​ស្រឺតៗ​ទៅ​តាម​ហ្នឹង​ដែរ ខុស​ពី iPhone 8 ឬ iPhone 8 Plus ដែល​មាន​អេក្រង់​ប្រភេទ LCD ធម្មតា​ និង​មាន​ទំហំ​ថ្ម​ធំ​ ពិសេស​គឺ iPhone 8 Plus តែ​ម្ដង​។

iPhone X គឺ​ជា​រចនា​បទ​ថ្មី​ខុស​ប្លែក​ពី iPhone ដែល​អ្នក​បាន​ឃើញ​គ្រប់​ជំនាន់​ដោយ​វា​គ្មាន​ប៊ូតុង Home មក​ជាមួយ​ទេ ដោយ​បំពាក់​មក​ដោយ​បច្ចេកវិទ្យា Face ID ដើម្បី​ដោះ​សោ និង​អេក្រង់​លាត​ពេញ Edge-to-Edge ដែល​ប្រើ​ការ​អូស​ពី​ក្រោម​ឡើង​លើ​ដើម្បី​ជំនួស​ប៊ូតុង​ Home វិញ។ វា​អាច​ជា​បទ​ពិសោធ​ថ្មី​សម្រាប់​អ្នក​គាំ​ទ្រ iPhone តែ​វា​ក៏​ជា​ការ​ចំណាយ​ដ៏​ក្រាស់​ក្រែល​មួយ​ផង​ដែរ៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ផាត សុវត្ថិ