​Google នឹង​ជួយ​រក្សា​ទុក​តំបន់​ប្រវត្តិសាស្ត្រ​ប្រឈម​នឹង​​​ការ​បាត់​បង់​ ឲ្យ​មាន​រៀង​​រហូត​លើ​អនឡាញ

  • 2018-04-23 03:51:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​ក្រុមហ៊ុន​ Google បាន​ចាប់​ដៃ​គូ​ជា​មួយ​អង្គការ​​មិន​រក​ប្រាក់​ចំណេញ CyArk ដែល​ជំនាញ​ខាង​​ស្កេន​បែប​ 3D ដើម្បី​ជួយ​​ថែ​រក្សា​នូវ​​តំបន់​ប្រវត្តិសាស្ត្រ​ជុំវិញ​ពិភពលោក​ដែល​ប្រឈម​នឹង​ការ​បាត់​បង់​ និង​រង​ការ​ខូច​ខាត​ដោយ​សារ​ស្នាដៃ​មនុស្ស​ និង ធម្មជាតិ។

គម្រោង​ការ​ជា​ដៃ​គូ​នេះ​មាន​ឈ្មោះ​ថា​ Open Hetirage ដែល​នឹង​ប្រើ​បច្ចេកវិទ្យា​ស្កេន​ 3D របស់​ CyArk ចាប់​យក​ទិន្នន័យ​ និង​រូបភាព​របស់​តំបន់​ប្រវត្តិសាស្ត្រ​មួយ​ ដើម្បី​បង្កើត​វា​ឡើង​វិញ​​ក្នុង​លក្ខណៈ​ជា​សិប្បនិម្មិត​ (Virtual Reality)។ ដូច​នេះ​ គេ​អាច​រក្សា​ទុក​តំបន់​ប្រវត្តិសាស្ត្រ​ទាំង​នោះ​ និង​អាច​មើល​វា​លើ​អនឡាញ​បាន​មិន​ថា​តាម​រយៈ​កុំព្យូទ័រ, ទូរសព្ទ ឬ តាម​ឧបករណ៍​ VR នោះ​ទេ។

Ben Kacyra អ្នក​បង្កើត​​អង្គការ​ CyArk ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ California បាន​និយាយ​ថា​​ខ្លួន​មាន​គំនិត​បង្កើត​​នូវ​អង្គការ​​ដែល​ជំនាញ​លើ​ការ​គូស​ប្លង់​បែប​ 3D តាម​រយៈ​បច្ចេកវិទ្យា​ទំនើប​នេះ​ ក្រោយ​ពី​​បាន​ឃើញ​​​ក្រុម​តាលីបង់​បាន​បំផ្លាញ​រូប​សំណាក់​ព្រះពុទ្ធ​មាន​អាយុ​កាល​ ១៥០០ ឆ្នាំ​​ ក្នុង​​ទីក្រុង Bamiyan ប្រទេស​អាហ្វហ្គានីស្ថាន​ កាល​ពី​ឆ្នាំ​ ២០១១។

វា​ជា​ការ​បំផ្លាញ​នូវ​វប្បធម៌​​បុរាណ​មួយ​ដែល​ Ben ព្រួយ​បារម្ភ​ ហើយ​បេសកកម្ម​របស់​ CyArk គឺ​​ចាប់​យក​ទិដ្ឋភាព​របស់​​សំណង់​ និង​តំបន់​ប្រវត្តិសាស្ត្រ​ មុន​ពេល​ដែល​ពួក​វា​ជួប​នឹង​សោកនាដកម្ម​បែប​នេះ។

​​​ប្រាសាទ​ Ananda Ok Kyaung ​នា​ទីក្រុង​បាកាន​ ប្រទេស​មីយ៉ាន់ម៉ា​ ​បាន​រង​ការ​ខូច​ខាត​ព្រោះ​គ្រោះ​រញ្ជួយ​ដី​នៅ​ឆ្នាំ​ ២០១៦។ សំណាង​ល្អ​នោះ​គឺ​ CyArk អាច​ថត​យក​ទិដ្ឋភាព​ និង​គូស​ប្លង់​ 3D របស់​តំបន់​នេះ​មុន​នឹង​ជួប​គ្រោះ​រញ្ជួយ​ដី​ ហើយ​ពេល​នេះ​គេ​អាច​បង្កើត​បាន​នូវ​ការ​ទស្សនា​បែប​ 3D នៃ​តំបន់​នេះ​។ ក្រៅ​តែ​ពី​ប្រាសាទ​ Ananda Ok Kyaung នៅ​មាន​តំបន់​ ២៤ ទៀត​នៃ​ប្រទេស​ចំនួន​ ១៨ ដែល​គេ​បាន​​ស្កេន​​ផែនទី​បែប​​ 3D រួច​រាល់។

គួរ​ដឹង​ថា​គម្រោង​ការ​ Open Hetirage នេះ​នឹង​ត្រូវ​ដាក់​បញ្ចូល​លើ​កម្មវិធី​ Google Arts and Culture ទាំង​​សម្រាប់​ iOS និង Android ដើម្បី​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទាំង​ឡាយ​បាន​ចូល​ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ​នានា​បែប​ 3D៕​​​​​​​​​​​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី