កុន​ខ្មែរ​១​រឿង​នេះ អ្នក​ជំនាញ​​ពោល​សរសើរ​ពី​គុណភាព តែ​បែរ​ជា​ខ្សត់អ្នក​ទៅ​មើល (វីដេអូ)

  • 2018-04-23 08:11:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«វិបល្លាស/រចនា» ជា​ភាព​យន្តនិយាយ​ពី​ជំងឺ​ផ្លូវ​ចិត្ត ស្នេហា លាយឡំកំប្លុកកំប្លែង ទើបចា​ក់​បញ្ចាំងនៅ​រោង​កុន​ថ្មី​នេះ ត្រូវ​បាន​អ្នក​ជំនាញ​ខាង​កុន​អះ​អាង​ដូចៗ​គ្នា​ថា ជា​រឿង​ដែល​ល្អ មានធ្លាប់បានឃើញពីមុនមក តែ​បែរ​ជា​មិនសូវមានអ្នក​ទៅ​ទស្សនា​ទៅ​វិញ។

អ្នក​ដឹក​នាំ​រឿង «កោះពេជ្រ» «លោក ជូ ដាវី បាន​លើក​ឡើង​ថា លោក​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ទៅ​លើ​គុណភាព​នៃ​ការ​សម្តែង និង​គុណភាព​រឿង​ទាំង​មូល បើ​ទោះ​ជា​ក្រុម​អ្នក​ផលិត​ថ្មីៗ​ក៏​ដោយ។

ស្រដៀង​គ្នា​នេះ​ដែរ អ្នក​ដឹក​នាំ​រឿង «គ្រាប់ពេជ្រ» លោក សុខ វិសាល មើល​ឃើញ​ថា រឿង «វិបល្លាស/រចនា» ប្លែក​ពី​រឿង​ផ្សេង ទៀត​ដែល​បាន​ផលិត​នៅ​ស្រុក​ខ្មែរ ដោយ​លោក​បញ្ជាក់​ថា អ្នក​ផលិត​រឿង​នេះ​មាន​ភាព​ក្លាហាន​ក្នុង​ការ​យក​ខ្សែ​រឿង​នេះ​មកផលិត។ ជារួម​លោក​វាយ​តម្លៃ​ថា រឿង​នេះ​ពោ​ពេញ​ដោយ​ការ​អប់រំ ភាព​ច្នៃ​ប្រឌិត និង​ការ​កម្សាន្ត​រួម​បញ្ចូល​គ្នា។

ងាក​មក​ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា និង​ជា​ចាងហ្វាង​ផលិតកម្ម​ដើម​ត្នោត​​ លោក ឆាយ បូរ៉ា ក៏​បាន​វាយ​តម្លៃ​លើ​ការ​ផលិត និង​ដឹក​នាំ​រឿង​ដោយ​ក្រុម​ផលិត​ភាពយន្ត​វ័យ​ក្មេង ហើយ​ថែម​ទាំង​ទទួល​ស្គាល់​នូវ​ទេព​កោសល្យ​ល្អ​ឯក​របស់​ពួកគេ។ លោកថា​ ខ្សែ​ភាពយន្ត​ខ្មែរ​មួយ​នេះ ជា​របត់​នៃ​ផ្លូវ​ដែល​ត្រូវ​ផ្លាស់​ប្តូរ​មួយ​ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ ដែល​កំពុង​ធ្លាក់​ក្នុង​ភាព​ច្រំ​ដែល។

ត្បិត​មាន​ការ​ពោល​សរសើរ​ទាំង​ខ្លឹមសារ​សាច់​រឿង បច្ចេក​ទេស​នៃ​ការ​ថត និង​សំឡេង​ក្តី តែ​រឿង «វិបល្លាស/រចនា» បែរ​ជា​មិន​ទី​ចាប់​អារម្មណ៍​របស់​អ្នក​ទស្សនា​នៅ​ស្រុក​ខ្មែរ​ទៅ​វិញ ដោយ​ទើប​តែ​ចាក់​បញ្ចាំង​សោះ បែរ​គ្មាន​អ្នក​ទៅ​ទស្សនា​ទៅ​វិញ។

ប្រការ​នេះ​ធ្វើ​ឲ្យ​លោក Deependra Gauchan ផលិតករប្រតិបត្តិរបស់​ផលិតកម្ម Come Together Films បាក់​ទឹកចិត្ត​ក្នុង​ការ​ផលិត រហូត​ដល់​ថ្នាក់​សម្រេច​ចិត្ត​ថា ឈប់​ផលិត​បន្ត​ទៀត ដោយ​នេះ​គឺ​ជា​រឿង​ចុង​ក្រោយ​សម្រាប់​ពលរដ្ឋ​ខ្មែរ។​ ក្នុង​នោះ​លោក​ក៏​ទទួល​ស្គាល់​ពី​រស​និយម​របស់​ពលរដ្ឋ​ខ្មែរ គឺ​មិន​ចូល​ចិត្ត​ទស្សនា​ភាពយន្ត​ដែល​បង្កប់​ដោយ​ន័យ​អប់រំ និង​គំនិត​បង្កើត​ថ្មី​ឡើយ។

លោក Deependra Gauchan

យុវជនវ័យជាង២០ឆ្នាំមួយរូបដែលបានទស្សនារឿង «វិបល្លាស/រចនា» ពី​ដើម​ដល់​ចប់ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ចំពោះ រឿង​នេះ​ថា ទាំង​ប្លង់​ថត បច្ចេកទេស និង​សំឡេង គឺ​ល្អ​ដាច់​គេ ចំណែក​សាច់​រឿង​ក៏​ល្អ​ដែរ តែ​មាន​រស​និយម​បរទេស​បន្តិច អ្នក​ទស្សនា​នៅ​ស្រុកខ្មែរ​ភាគ​ច្រើន​មិន​សូវ​ជា​ចូលចិត្ត​ប៉ុន្មាន​នោះ​ទេ គឺ​ចូល​ចិត្ត​តែ​រឿង​បែប​សប្បាយ ភ័យរន្ធត់ ដូច​ជា​រឿង ខ្មោច និង​កំប្លែងជាដើម។

«វិបល្លាស/រចនា» គឺជាស្នាដៃដឹកនាំរឿងដំបូងរបស់ផលិតករវ័យក្មេង លោក សាង ច័ន្ទ​វិសាល ជយលាភី​ភាពយន្ត​ខ្លី​ឆ្នើម​របស់​ម​ហោ​ស្រព​ភាព​យន្ត​ជាតិ ដែល​ភាពយន្ត​ខ្លី​នោះ​មាន​ចំណង​ជើង​ថា «២០ ​ដុល្លារ​»។ លោកថា មានតែទស្សនិកជនជាអ្នកទស្សនាប៉ុណ្ណោះ ដែលជាអ្នកកាត់សេចក្តីនូវអាជីពរបស់លោក តែគួរបន្ត ឬបញ្ឈប់។ «ប្រសិនបើពួកគេទៅទស្សនារឿងច្រើន នោះខ្ញុំនឹងបន្តការផលិតកុនថ្មីៗជាច្រើនទៀត ប៉ុន្តែបើពួកគេមិនទៅមើលទេ ខ្ញុំុំគ្មានលទ្ធភាពដឹកនាំសម្តែងបន្តទៀតទេ» អ្នកដឹកនាំរឿងវ័យក្មេងថ្លែង។

​ភាពយន្ត​ស្នេហា​បែប​យុវវ័យ​ ដែលប្លែកពីស្នេហាធម្មតាមួយ​នេះ គឺ​ជា​ភាពយន្ត​ថ្មី​របស់​ផលិតកម្្ម Come Together Films ក្រុមផលិតទាំងអស់សុទ្ធវ័យក្មេង អាយុក្រោម៣០ឆ្នាំ៕

ទស្សនា Trailer រឿង «វិបល្លាស/រចនា» ខាងក្រោមនេះ៖

អត្ថបទ៖ ដេត ធន្នី