កីឡាករ​ល្បីៗ​បី​រូប នឹង​ត្រូវ​លេង​ប៉ះ​ក្លឹប​ចាស់​ខ្លួន​វិញ ក្នុង UCL ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ

  • 2018-04-24 13:10:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់ មាន​កីឡាករ​ល្បី​ៗ​ចំនួន ៣ រូប នឹង​ត្រូវ​លេង​ប៉ះ​ក្លឹប​ចាស់​ខ្លួន ក្នុង Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​លើក​នេះ។

កីឡាករ​ទី​មួយ គឺ ខ្សែ​បម្រើ​ប្រយុទ្ធ James Rodriguez។ កីឡាករ​កូឡុំប៊ី បាន​លេង​នៅ​ក្លឹប​Real Madrid រយៈ​ពេល​ ៣​រដូវ​កាល​ មុន​ពេល​ចាក​ចេញ​មក​លេង​នៅ Bayern Munich កាលពីឆ្នាំមុន ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​រយៈ​ពេល​ ២ រដូវ​កាល ក្រោយ​មិន​អាច​មាន​នាទី​លេង​បាន​ច្រើន​នៅ​ក្លឹប​យក្ស​អេស្ប៉ាញ។ James ​អាច​នឹង​បង្ហាញ​ខ្លួន​ពេល​ប៉ះ Real Madrid នៅ​វេលា​រំលង​អាធ្រាត្រ​យប់​ស្អែក​នេះ ក្រោយ​បាន​បង្ហាញ​ទម្រង់​លេង​បាន​ល្អ​នៅ Bayern ជា​ពិសេស​ក្រោយ​ក្លឹប​ត្រូវ​បាន​ដឹកនាំ​ដោយ​អ្នក​ចាត់​ការ Jupp Heynckes។ ខ្សែ​បម្រើ​ប្រយុទ្ធ​កូឡុំប៊ី​រក​បាន ៦ គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ដល់​ទៅ ១០​លើក​ ក្នុង​លីគ​កំពូល​អាល្លឺម៉ង់​រដូវ​កាល​នេះ។

ម្នាក់​ទៀត​គឺ ខ្សែ​ស្លាប​ Mohamed Salah។ កីឡាករ​អេហ្ស៊ីប​លេង​ឲ្យ Roma ពី​ឆ្នាំ ២០១៥ ដល់​ឆ្នាំ ២០១៧។ ក្នុង​អំឡុង​ពេល​នោះ Salah បាន​អភិវឌ្ឍ​ខ្លួន​រហូត​ក្លាយ​ជា​កីឡាករ​បង្គោល​មួយ​រូប​របស់​ក្លឹប​អ៊ីតាលី។ ពីរ​រដូវ​កាល​នៅ Roma កីឡាករ​ Salah បាន​រក​បាន ៣៤ គ្រាប់។ ក្រោយ​ចាក​ចេញ​ទៅ Liverpool កាល​ពី​ដើម​រដូវ​កាល​នេះ Mohamad Salah រឹត​តែ​បង្ហាញ​ទម្រង់​លេង​កាន់​តែ​ល្អ។ គិត​មក​ទល់​ពេល​នេះ កីឡាករ​ស៊ុត​ចូល ៤១ គ្រាប់​ឲ្យ​ក្លឹប​ហង្ស​ក្រហម។ ​បើ​តាម​សម្ដី​អ្នក​ចាត់​ការ Jurgen Klopp ខ្សែ​ស្លាប Salah នឹង​មាន​វត្តមាន​ប៉ះ​ក្លឹប​ចាស់​ខ្លួន Roma ក្នុង​ប្រកួត UCL យប់​នេះ​នៅ​កីឡដ្ឋាន Anfield។

កីឡាករ​ទី ៣ គឺ​ខ្សែ​បម្រើ Toni Kroos។ Kroos លេង​ឲ្យ Bayern តាំង​ពី​នៅ​ឈុត​យុវជន​ម្ល៉េះ និង​បាន​ឈ្នះ​ពាន​ធំៗ​ជា​ច្រើន​ជាមួយ​ក្លឹប​អាល្លឺម៉ង់ (ក្នុង​នោះ​មាន​ពាន Champions League រដូវ​កាល ២០១២/១៣)។ នៅ​ឆ្នាំ ២០១៤ ខ្សែ​បម្រើ Kroos បាន​ចាក​ចេញ​ពី Bayern ទៅ​ចូល​រួម Real Madrid ក្នុង​តម្លៃ​ផ្ទេរ​ប្រមាណ ៣០ លាន​អឺរ៉ូ។ តាំង​ពី​ពេល​នោះ​មក កីឡាករ​អាល្លឺម៉ង់ បាន​អភិវឌ្ឍ​ខ្លួន​រហូត​ស្ថិត​ក្នុង​ចំណោម​ខ្សែ​បម្រើ​ល្អ​បំផុត​លើ​លោកនាពេលបច្ចុប្បន្ន។ ដោយ​ Kroos ជា​កីឡាករ​បង្គោល​មួយ​របស់ Real Madrid ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ចាត់​ការ​ Zinedine Zidane ឱកាសខ្សែ​បម្រើ​រូប​នេះ​នឹង​លេង​ក្នុង​ប្រកួត​រំលង​អាធ្រាត្រ​យប់​ស្អែក​ពេលប៉ះក្លឹបចាស់ Bayern គឺមានខ្ពស់៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី